ទម្រង់ចិញ្ចឹមបង្គា - ស្រូវ នៅបាកលីវបាននាំមកប្រសិទ្ធភាពជាក់ស្ដែង ជួយដល់កសិករ បង្កើនប្រាក់ចំណូល លំនឹងជីវភាព។
កសិករបាកលីវប្រមូលផលស្រូវ។
តាមប្រសាសន៍លោក ឡេតឹងកឹង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទូទាំងខេត្តមានផ្ទៃដីបង្កបង្កើនផលតាមទម្រង់ចិញ្ចឹមបង្គា – ស្រូវ ជិត ៤០.០០០ ហិកតា។ នេះត្រូវបានចាត់ជាទម្រង់បង្កបង្កើនផល នាំមកប្រសិទ្ធភាព សមស្របនឹងបម្រែបម្រួលអាកាសធាតុ។ ខេត្តខិតខំដល់ឆ្នាំ ២០២៥ នឹងមានផ្ទៃដីបង្កបង្កើនផល បង្គា - ស្រូវ សម្រេចជាង ៤៣.០០០ ហិកតា។ ពិសេស បាកលីវបានផ្តល់អនុសាសន៍ និងជំរុញមាំ វិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីកសិករផលិតស្រូវក្រអូបសរីរាង្គ បង្គាស្អាត បង្កើតបានជាផលិតផលសុវត្ថិភាពសម្រាប់សុខភាពអ្នកប្រើប្រាស់ផង លើកកម្ពស់តម្លៃនិងបង្កើនប្រាក់ចំណូលផង។
បច្ចុប្បន្ន តំបន់ជីវបរិស្ថានទឹកប្រៃ-សាប ភាគខាងជើងផ្លូវជាតិ ១A របស់ខេត្តបាកលីវ ជាតំបន់សមស្របបំផុតសម្រាប់ការអភិវឌ្ឍ ទម្រង់ចិញ្ចឹមបង្គា – ស្រូវ ហើយត្រូវបានកសិករជាច្រើនអនុវត្តមានប្រសិទ្ធភាព។ ពូយីបកប នៅភូមិបាអាយ ១ ឃុំឡុកនិញ ស្រុកហុងយឹង ឱ្យដឹង៖ “ចាប់តាំងពីអនុវត្តទម្រង់ចិញ្ចឹមបង្គា – ស្រូវ បានជួយគ្រួសារខ្ញុំបង្កើនប្រាក់ចំណូល។ ខ្ញុំមានដីស្រែជាង ១០ កុង ធ្វើស្រែ ១ រដូវ ចិញ្ចឹមបង្គា ១ រដូវ ។ ខណៈអនុវត្តទម្រង់ចិញ្ចឹមបង្គា– ស្រូវ ខ្ញុំឆ្លៀតប្រើប្រាស់ផ្ទៃដីភ្លឺព័ទ្ធជុំវិញស្រែ ចិញ្ចឹមបង្គាដើម្បីដាំដំណាំរួមផ្សំ រកប្រាក់ចំណូលបន្ថែម។ ជាទូទៅរដូវក្តៅ ក្រោយពីប្រមូលផលស្រូវរួច ខ្ញុំបញ្ចូលទឹកប្រៃដើម្បីចិញ្ចឹមបង្គានាគ ក្តាម ត្រី។ល។ លុះដល់រដូវភ្លៀង ជាតិប្រៃកាត់បន្ថយ ខ្ញុំកែប្រែដីធ្វើស្រូវគួបផ្សំនឹងការព្រលែងចិញ្ចឹមបង្កងសាវទាវ ឬប្រភេទជលផលមួយចំនួនផ្សេងទៀត។ អាស្រ័យអនុវត្តទម្រង់ចិញ្ចឹមបង្គា–ស្រូវ បានជាគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ ជីវភាពបានល្អប្រសើរជាង”។
កសិករ បាកលីវ ប្រមូលផលបង្គា។
រីឯពូត្រឿងវ៉ាន់តឺ នៅទីប្រជុំជនភឿកឡុង ស្រុកភឿកឡុង ឱ្យដឹង៖ “ខ្ញុំអនុវត្តទម្រង់ចិញ្ចឹម បង្គា-ស្រូវ ជាច្រើនឆ្នាំមកហើយ ឃើញថា ទម្រង់នេះនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាពិសេស គឺ ២ ឆ្នាំមកអាយនេះ ខ្ញុំអនុវត្តទម្រង់ផលិតស្រូវក្រអូប ST គួបផ្សំនឹងចិញ្ចឹមបង្គា គឺផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុននេះ។ នេះជាទម្រង់មានប្រសិទ្ធភាព ចីរភាព សមស្របនឹងបម្រែបម្រួលអាកាសធាតុនិងរកបានប្រាក់ចំណូលខ្ពស់ផង”។
តាមប្រសាសន៍លោកលឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ទម្រង់ផលិតស្រូវ ST២៤ ST២៥ គួបផ្សំនឹងចិញ្ចឹមបង្គានាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ខេត្តកំពុងផ្តល់អនុសាសន៍ឱ្យកសិករពង្រីកទម្រង់នេះ និងឧបត្ថម្ភ ៥០% នៃចំនួនស្រូវពូជផង។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធជាមួយនឹងអាជីវកម្មចុះកិច្ចសន្យាប្រមូលទិញផលិតផលពីកសិករ។ គោលដៅរបស់ផ្នែកកសិកម្មខេត្ត គឺឆ្ពោះទៅកាន់ខ្សែសង្វាក់តម្លៃ បង្កើតជាយីហោ “ស្រូវក្រអូប - បង្គាស្អាត” ដើម្បីផលិតផលស្រូវ អង្កររបស់ខេត្តមានឱកាសល្បីឈ្មោះបោះសំឡេង៕
យ្វីអាញ-លីសៀ