នោះគឺលោកគ្រូថាច់ប៊ិញថាញ គ្រូបង្រៀននៅសាលាបឋមសិក្សាថាច់ធា ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង។
លោកគ្រូថាញ មានកិត្តិយសបានទទួលទេយ្យវត្ថុរបស់ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ពេលលោកគ្រូបានជ្រើសចូលរួមកម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ ឆ្នាំ ២០២០ នៅហាណូយ (រូបថត តួអង្គជាអ្នកផ្ដល់) ។
លោកគ្រូប៊ិញថាញ រៀបរាប់៖ “រៀនចប់ថ្នាក់ទី ៩ ខ្ញុំនៅផ្ទះធ្វើស្រែចម្ការ ស្រាបតែបានលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាថាច់ធា មកចលនាឱ្យខ្ញុំចូលបង្រៀនអក្សរខ្មែរនៅសាលាមួយមានទីតាំងនៅភូមិកឹងសុក។ ដំបូង ខ្ញុំមិនហ៊ានទទួល ព្រោះគ្មានជំនាញវិជ្ជាជីវៈ។ បន្ទាប់ពីបានលោកគ្រូ អ្នកគ្រូរបស់សាលាបញ្ចុះបញ្ចូល អញ្ជើញចូលបង្រៀនសាកល្បង។ ខ្ញុំក៏យល់ព្រមចូលបង្រៀនសាកល្បងមួយរយៈ ហើយចេះតែបង្រៀនទៅៗរហូតមកទល់នឹងពេលនេះគឺជិត ៣០ ឆ្នាំ”។
រឿងធ្វើជាគ្រូបង្រៀនរបស់លោកគ្រូថាញ ប្រហែលជាចម្លែកសម្រាប់អ្នកជាច្រើន ប៉ុន្តែពេលនោះ ផ្នែកអប់រំត្រូវការគ្រូបង្រៀនច្រើន។ ហេតុនេះ មានគ្រូបង្រៀនជាច្រើន តួយ៉ាងដូច គ្រូថាញ បង្រៀនបណ្តើររៀនបណ្តើរ ដើម្បីបង្កើនចំណេះដឹងគរុកោសល្យ។ អាស្រ័យធ្លាប់បានបួសរៀន ទើបចំណេះដឹងខាងអក្សរសាស្រ្តខ្មែររបស់លោកគ្រូថាញ គឺគ្រប់សមត្ថភាពបង្រៀនក្នុងថ្នាក់។ ប៉ុន្តែដោយ “កម្រិតវិជ្ជា” នៅមានកម្រិត ដូច្នេះហើយលោកគ្រូមានអារម្មណ៍ថា គាត់បង្រៀនសិស្សពុំទាន់បានល្អ។ បង្រៀនយូរៗទៅគាត់រឹតតែស្រឡាញ់អាជីពគ្រូបង្រៀន ម៉្លោះហើយលោកគ្រូថាញ រៀបចំកិច្ចការផ្ទះ ដើម្បីទៅរៀនធ្វើវិក្រឹតការគ្រូបង្រៀន។ល។ មកទល់នឹងពេលនេះ លោកគ្រូបានបញ្ចប់កម្រិតមហាវិទ្យាល័យគរុកោសល្យបឋមសិក្សា។ រៀបរាប់ពីដំណាក់កាលរៀនសូត្រ លោកគ្រូថាញ បង្ហើបឱ្យដឹង៖ “កាលនោះ ប្រាក់បៀវត្សទាប ផ្ទះក្រ កូននៅតូចៗ ប៉ុន្តែប្រពន្ធខ្ញុំឃើញខ្ញុំស្រឡាញ់ចូលចិត្តអាជីព ក៏រ៉ាប់រងការងារផ្ទះ ដើម្បីខ្ញុំស្ងប់ចិត្តក្នុងការសិក្សា។ បង្រៀនដល់ចុងសប្តាហ៍ ខ្ញុំជិះទូកទៅតាមប៊ិញ រួចឡើងឡានបន្តដំណើរទៅវិញឡុងដើម្បីចូលរួមវគ្គសិក្សា។ លំបាកខ្លាំងណាស់ ប៉ុន្តែបានសិក្សានូវចំណេះដឹងដែលខ្លួនកំពុងខ្វះខាត ធ្វើឱ្យខ្ញុំរឹតតែរំភើបចិត្ត”។
គំរូសង្វាតរៀនសូត្ររបស់លោកគ្រូប៊ិញថាញ ញុាំងឱ្យប្អូនប្រុសរបស់គាត់ គឺលោកគ្រូថាច់វុឌ្ឍី កោតសរសើរនិងរៀនសូត្រតាម។ លោកគ្រូវុឌ្ឍី រៀបរាប់៖ “ខ្ញុំក៏ធ្លាប់ជាសិស្សរបស់បងថាញ ដូច្នេះខ្ញុំចូលចិត្តធ្វើជាគ្រូបង្រៀនដូចគាត់។ អាស្រ័យបានបងថាញលើកទឹកចិត្ត ខ្ញុំជាសិស្សម្នាក់ក្នុងចំណោមសិស្សមួយចំនួនតិចនៅឡងមី កាលនោះជាប់ជម្រើសចូលរៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត”។
ចរិតនឹងធឹងនិងមានរបៀបរៀបរយ ស្រឡាញ់អាជីពនិងអស់ពីចិត្តជាមួយបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស ទាំងនេះគឺជាការកត់សម្គាល់របស់មិត្តរួមអាជីព ពេលរំលឹកដល់លោកគ្រូថាច់ប៊ិញថាញ ។ លោកគ្រូង្វៀងវ៉ាន់ឡឹក នាយកសាលាបឋមសិក្សាថាច់ធា បញ្ជាក់បន្ថែម៖ “លោកគ្រូថាញ ជាគ្រូបង្រៀនម្នាក់យល់ច្បាស់ពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ម៉្លោះហើយលោកគ្រូតែងលើកឡើងយោបល់ល្អៗ រួមចំណែកក្នុងការអភិវឌ្ឍរបស់សាលា”៕
ហាថាញ-មុនី