មានកសិករខ្មែរជាច្រើននៅឃុំដាយតឹម ឃុំថាមដូង ឃុំថាញភូ។ល។ ស្រុកមីស្វៀង ខេត្តសុកត្រាំង បានចាកផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំរួមផ្សំ ក្នុងនោះ ដំណាំចម្បងគឺគូឆាយ។
កសិករឃុំថាមដូង ប្រមូលផលផ្កាគូឆាយ។
គ្រួសារបងតូសាលឿន នៅភូមិរ៉ាច់សេន ឃុំថាញភូ បានដាំដំណាំរួមផ្សំលើផ្ទៃដី ៣ កុង ក្នុងនោះ មាន ១ កុងជំនាញដាំគូឆាយ។ តាមសម្ដីបងលឿន អាស្រ័យដាំដំណាំគួបផ្សំនឹងធ្វើស្រែ ម្ល៉ោះហើយជីវភាពបងបានធូរធារ។ បងលឿន ឱ្យដឹង៖ “ការដាំដំណាំរួមផ្សំនឿយហត់ក៏ពិតមែន ប៉ុន្តែនៅពេលដំណាំបានផល លក់បានថ្លៃ គឺចំណេញខ្ពស់បង្គួរ។ ខ្ញុំដាំគូឆាយលើផ្ទៃដី ១ កុង ចំណែក ២ កុងទៀតដាំខ្ទឹមស្លឹក ពោត ត្រឡាច ល្ពៅ។ល។ ម្ល៉ោះហើយរកបានប្រាក់ចំណូលខួបឆ្នាំ។ ជាក់ស្ដែងដំណាំគូឆាយងាយដាំ តិចមានដង្កូវក្រា ចំណាយដើមទុនតិច រកបានប្រាក់ចំណូលខួបឆ្នាំ ចំណេញគួរសម"។ តាមសម្ដីបងលឿន ផ្ទៃដីដាំគូឆាយត្រូវលើករងឱ្យខ្ពស់ដើម្បីរំដោះទឹកបានល្អនិងត្រូវពូនដីគល់ក្រោយពីប្រមូលផលស្លឹក ស្រោចទឹកនិងដាក់ជីឱ្យគ្រប់គ្រាន់ដើម្បីស្លឹកនិងផ្កាគូឆាយបានធំ។ មធ្យមភាគគូឆាយ ១ កុងអាចរកចំណេញជាង ៣០ លានដុង/ឆ្នាំ (យោងតាមតម្លៃទីផ្សារ) និងរយៈពេលប្រហែល ៣ ខែអាចប្រមូលផលស្លឹក។
តាមប្រសាសន៍ វិស្វករថាច់ឡាយ អនុប្រធានការិយាល័យបច្ចេកទេស មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តសុកត្រាំង គូឆាយមិនសូវមានដង្កូវក្រា ងាយដាំ សមស្របជាមួយនឹងដីស្អិត ដីល្បាយខ្សាច់។ ជាធម្មតា កសិករពូនដីគល់គូឆាយចាប់ពី ២ លើកទៅ ៤ លើក/ឆ្នាំ ដើម្បីឱ្យដីរសោះ គូឆាយឆាប់លូតលាស់ ក៏ដូចជាផ្ដល់ទិន្នផលកាន់តែខ្ពស់ ។ គូឆាយជាប្រភេទដំណាំមិនធន់នឹងរលាំទឹក ម្ល៉ោះហើយផ្ទៃដីដាំត្រូវលើករងខ្ពស់ចាប់ពី ០,២ ម៉ែត្រ ទៅ ០,៣ ម៉ែត្រ ទទឹងចាប់ពី ០,៨ ម៉ែត្រទៅ ១ ម៉ែត្រ ជម្រៅពី ២០ ទៅ ៣០ សង់ទីម៉ែត្រ ដើម្បីបង្ហូតទឹកបានលឿនក្នុងរដូវវស្សា។ គូឆាយច្រើនមានដង្កូវចោះឆ្អឹងស្លឹកមានពណ៌សឆ្នូតៗ ម្ល៉ោះហើយត្រូវប្រើប្រាស់ថ្នាំប្រភពជីវសាស្រ្ត; ជំងឺលឿងស្លឹកដុំៗគឺត្រូវកាត់បន្ថយជី កាត់បន្ថយទឹក ប្រើប្រាស់ប្រភេទថ្នាំប្រភពស្ពាន់។ វិស្វករ ថាច់ឡាយ ណែនាំពីបច្ចេកទេសដាក់ជីគូឆាយ ដូចតទៅ៖ ការប្រើជីសម្រាប់គូឆាយ គឺជីអ៊ុយរ៉េ, DAP, NPK និងជីសរីរាង្គអតិសុខុមប្រាណ។ មធ្យមភាគគូឆាយ ១ កុង កសិករអាចបាច់ជីសរីរាង្គអតិសុខុមប្រាណទ្រាប់បាតពី ៥០ គីឡូក្រាមទៅ ១០០ គីឡូក្រាម; ជី NPK, DAP ចាប់ពី ២០ ទៅ ៣០ គីឡូក្រាម។ ពេលបាច់ជី កសិករត្រូវចែកជាដំណាក់កាល៖ លើកទី ១ ខណៈ ពេលគូឆាយលូតលាស់ប្រហែលពី ៧ ថ្ងៃទៅ ១០ ថ្ងៃ ដាក់ជីអ៊ុយរ៉េ ប្រមាណ ៧គីឡូក្រាម លាយជាមួយនឹងទឹកស្រោច; លើកទី ២ គឺរយៈពេលប្រហែល ១៥ ថ្ងៃ ប្រើជីអ៊ុយរ៉េ ៥ គីឡូក្រាម និងជី DAP ៥ គីឡូក្រាម លាយជាមួយទឹកស្រោច និងលើកទី ៣ គឺដាំរយៈពេល ១ ខែ ដាក់ជី NPK ចាប់ពី ១៥ គីឡូក្រាមទៅ ២០ គីឡូក្រាម និងគួបផ្សំពូនដីគល់ម្តង។ រាល់លើកបន្ទាប់ទៀត គឺដាក់ជីក្រោយពីប្រមូលផល។ កសិករ គប្បីកត់ចំណាំ៖ រៀងរាល់ឆ្នាំ ដាក់ជីសរីរាង្គអតិសុខុមប្រាណបន្ថែមចាប់ពី ៥០ ទៅ ១០០ គីឡូក្រាម ដើម្បីរក្សាកម្រិតរសោះដី គូឆាយលូតលាស់ល្អ”៕
លីធាន - ថាច់ធី