ផ្តើមសកម្មភាពទើបតែ ២ ឆ្នាំ ប៉ុន្តែសហករណ៍កសិកម្ម ង៉ុកថាច់ នៅភូមិអំពាំងវែង ឃុំញ៉ីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ បាននិងកំពុងដំណើរការឆ្ពោះទៅកាន់ជំហានថ្មី ជួយមាមីងខ្មែរចាកផុតពីភាពក្រីក្រ រួមចំណែកជាមួយភូមិភាគកសាងជនបទថ្មី។
![សហករណ៍កសិកម្ម ង៉ុកថាច់ រួមចំណែកកសាងជនបទថ្មី](https://baocantho.com.vn/image/fckeditor/upload/2021/20211023/images/khmer/51.jpg)
សមាជិកសហករណ៍កសិកម្ម ង៉ុកថាច់ កំពុងប្រមូលផលម្ទេស។
សហករណ៍កសិកម្ម ង៉ុកថាច់ បង្កើតក្នុងឆ្នាំ ២០១៩ ដោយមានសមាជិកជាមាមីងខ្មែរចំនួន ១០ នាក់។ មកទល់ពេលនេះ សហករណ៍មានសមាជិកឡើងដល់ទៅ ៣៥ នាក់ ជំនាញខាងដាំដុះនិងផ្គត់ផ្គង់បន្លែគ្រប់ប្រភេទ ដូច៖ ម្ទេស ឃ្លោក ត្រឡាច ត្រប់សណ្ដាយនិងប៉េងប៉ោះ។ល។ លោកថាច់យឿង ប្រធានសហករណ៍កសិកម្ម ង៉ុកថាច់ ឱ្យដឹង៖ “សហករណ៍តែងបង្កលក្ខណៈដល់កសិកររកបានប្រាក់ចំណូលលំនឹងជីវភាព។ ទន្ទឹមនឹងនោះ ឧបត្ថម្ភកសិករពីរបៀបអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ពូជដំណាំ សម្ភារៈនិងការថែទាំ ឬការបង្ការប្រភេទសត្វល្អិតស៊ីបំផ្លាញលើដំណាំរួមផ្សំ។ ពិសេស សហករណ៍គឺជាដើមទងក្នុងការចងសម្ព័ន្ធដើម្បីរកទីផ្សារលក់គ្រប់មុខ ទំនិញកសិផលរបស់មាមីងជាមួយតម្លៃសមរម្យបំផុត។ មធ្យមភាគក្នុងមួយឆ្នាំ សហករណ៍ផ្គត់ផ្គង់ពូជដំណាំរួមផ្សំគ្រប់ប្រភេទចំនួន ១០០.០០០ ដើម ជូនមាមីងក្នុងឃុំដោយរូបភាពផ្សេងៗដូច៖ សងមុន ៥០% ឬទុកដល់ចុងរដូវសងលុយក៏បាន”។
![សហករណ៍កសិកម្ម ង៉ុកថាច់ រួមចំណែកកសាងជនបទថ្មី](https://baocantho.com.vn/image/fckeditor/upload/2021/20211023/images/khmer/52.jpg)
ពិនិត្យកូនម្ទេសពូជដើម្បីផ្គត់ផ្គង់ដល់សមាជិក។
មិនត្រឹមតែបានផ្គត់ផ្គង់ពូជដំណាំល្អប៉ុណ្ណោះទេ សមាជិកថែមទាំងបានសហករណ៍ធានាច្រកចេញសម្រាប់កសិផលទៀតផង។ ពូថាច់រស្មី នៅភូមិត្រពាំងវែង ឱ្យដឹង៖ “ពេលចូលរួមសហករណ៍ ខ្ញុំបានហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេស និងធានាទិញកសិផល។ សំខាន់គឺខ្ញុំដាំម្ទេស ប្រើប្រាស់ពូជថ្មី ម្ទេសឆាប់លូតលាស់ល្អ ទិន្នផលសម្រេច ៣ តោន/កុង។ ពោលគឺសហករណ៍ទិញក្នុងតម្លៃខ្ពស់ជាងខាងក្រៅពី ៣០០-៥០០ ដុង/គ.ក។ រដូវកន្លងហើយ ទិន្នផលម្ទេសខ្ពស់ជាង ១,៥ ដង បើប្រៀបធៀបនឹងពូជម្ទេសកន្លងមកមុននេះ។ មានពេលខ្លះ ម្ទេសបានផលមានតម្លៃខ្ពស់ ម្ទេសមួយកុង ចំណេញបានជាង ៧ លានដុង”។ ការអភិវឌ្ឍរបស់សហករណ៍ នៅទាំងបង្កើតបានការងារថ្មីជាច្រើន រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជនភូមិភាគផង។ អ្នកមីង សឺនធីផានី នៅឃុំញ៉ីទ្រឿង ឱ្យដឹង៖ “ខ្ញុំធ្វើការឈ្នួលក្នុងសហករណ៍ រកបានប្រាក់ចំណូល ១៥០.០០០ /ថ្ងៃ។ ខ្ញុំធ្វើកិច្ចការ មានដូច៖ បណ្តុះគ្រាប់ម្ទេស ដាក់ចូលថង់ បេះម្ទេស រើសបេះស្លឹកខ្ទឹម។ល។ ឃើញថាការងារស្រាលងាយស្រួល”៕
សឺនម៉ាល័យ-លីសៀ