សិប្បករចូវអូន នៅសង្កាត់៤ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ល្បីឈ្មោះជាគ្រូបង្រៀន អ្នកកាសែត និងជាអាចារ្យ បានរួមចំណែកយ៉ាងច្រើនក្នុងការអភិរក្សភាសា អក្សរសាស្រ្ត និងទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
សិប្បករចូវអូនដឹកនាំប្រារព្ធពិធីសំពះព្រះខែ។
តាមប្រសាសន៍សិប្បករចូវអូន លោកធ្លាប់បានបួសរៀន។ ឆ្នាំ ១៩៦៤ លោកបានទៅរៀននៅសាលាបាលីជាន់ខ្ពស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលនោះ លោកបានចូលរួមបង្ហាត់បង្រៀនភាសាបាលី អក្សរខ្មែរតាមនានាវត្ដនៅប្រទេសកម្ពុជា។ ឆ្នាំ ១៩៧០ លោកក៏វិលត្រឡប់មកប្រទេស ហើយបន្តការបង្ហាត់បង្រៀនអក្សរខ្មែរ ភាសាបាលីថ្នាក់ពុទ្ធិកសិក្សានៅវត្តប្រាសាទគង់ វត្តបាយឆៅ ស្រុកមីស្វៀង និងវត្តមួយចំនួនឯទៀតលើភូមិសាស្រ្តខេត្ត។ ឆ្នាំ ១៩៧៥ លោកចូលរួមរៀបរៀងទស្សនាវដ្ដីវប្បធម៌សិល្បៈខ្មែរចំណុះមន្ទីរវប្បធម៌ឃោសនាការខេត្តហូវយ៉ាង។ ឆ្នាំ ១៩៩២ ក្រោយពីចែកខេត្ត លោកធ្វើគណៈរៀបរៀង ទស្សនាវដ្ដីវប្បធម៌សិល្បៈខ្មែរចំណុះមន្ទីរវប្បធម៌ឃោសនាការខេត្តសុកត្រាំង។ ឆ្នាំ ២០០២ ទស្សនាវដ្ដីបានរួមបញ្ជូលជាមួយកាសែតសុកត្រាំង ហើយប្ដូរឈ្មោះជាកាសែតខ្មែរសុកត្រាំង លោកទទួលបន្ទុកជាប្រធានការិយាល័យរហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០០៥។
សិប្បករចូវអូន (ឈរទី ២ រាប់ពីឆ្វេង) ទទួលកិត្តិនាមសិប្បករឆ្នើម។
មិនត្រឹមជាអ្នកកាសែត លោកចូវអូន ថែមទាំងបង្ហាត់បង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ អស់រយៈពេល ១៨ ឆ្នាំទៀតផង។ ចាប់ពីឆ្នាំ ២០០៧ មកទល់ឥឡូវ លោកបង្ហាត់បង្រៀននៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅក្រុងកឹងធើ រួមមាន ៣ វិញ្ញាសាគឺ អក្សរសាស្រ្តខ្មែរ អរិយធម៌ខ្មែរ និងភាសាសំស្រ្កឹត។ សិប្បករចូវអូន បានចែករំលែក៖ "ក្រៅពីធ្វើគ្រូបង្រៀន ធ្វើកាសែត ខ្ញុំថែមទាំងចូលចិត្តតែងនិពន្ធ សិក្សាស្រាវជ្រាវវណ្ណកម្មកំណាព្យ និងអត្ថបទពាក្យរាយជាច្រើន ចុះផ្សាយលើកាសែតខ្មែរ និងចូលរួមបោះពុម្ពសៀវភៅ ៤ ក្បាលដែលមានខ្លឹមសារលើកសរសើរមាតុភូមិ ប្រទេសជាតិ និងអ៊ំហូ។ ខ្ញុំថែមទាំងបានមាមីងខ្មែរអញ្ជើញទៅធ្វើអាចារ្យក្នុងពិធីមង្គលផ្សេងៗ មានដូច៖ បុណ្យចម្រើនព្រះជន្ម អាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗទៀត"។ ក្រៅពីនោះ រៀងរាល់ឆ្នាំ ការសម្តែង បង្ហាញពិធីអកអំបុកសំពះព្រះខែរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ងខេត្ត លោកចូវអូន គឺជាអាចារ្យដឹកនាំប្រារព្ធពិធីនេះ។
សិប្បករចូវអូន ធ្លាប់ទទួលបានមេដាយអនុស្សាវរីយ៍ បណ្ណសរសើរជាច្រើនរបស់ក្រសួង ផ្នែកមជ្ឈិមនិងខេត្ត ចំពោះការរួមចំណែកអភិរក្សវប្បធម៌ខ្មែរ។ ឆ្នាំ ២០១៩ លោកមានកិត្តិយស បានប្រធានរដ្ឋប្រទានកិត្តិយសសិប្បករឆ្នើម ដោយមានស្នាដៃក្នុងការអភិរក្សភាសា អក្សរសាស្រ្ត ពិធីទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ។ សព្វថ្ងៃ ខេត្តសុកត្រាំង បានសម្រេចសំណុំបែបបទ ដើម្បីស្នើជូនកិត្តិនាមសិប្បករប្រជាជន ក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបីជូនលោកចូវអូនផងដែរ៕
យ្វីអាញ - ថាច់ធី