ក្រសួងនគរបាលទើបប្រកាសឱ្យប្រើអនុក្រឹត្យលេខ ៧៣/២០២១/TT-BCA កំណត់អំពីទម្រង់លិខិតឆ្លងដែន លិខិតធ្វើដំណើរនិងទម្រង់ផ្សេងៗទាក់ទងនឹងការចេញចូលឆ្លងដែន។ អនុក្រឹត្យនេះមានសុពលភាពចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ ។
កម្មាភិបាលការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ នគរបាលក្រុងហាណូយ ណែនាំប្រជាជនធ្វើសំណុំបែបបទ។
យោងតាមនោះ ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ លិខិតឆ្លងដែនប្រភេទថ្មី ភ្ជាប់បន្ទះឈីបនៅក្របខាងក្រោយនៃលិខិតឆ្លងដែននិងលិខិតឆ្លងដែនធម្មតានឹងប្តូរទំព័រក្របពីពណ៌បៃតងខ្ចីទៅពណ៌ស្វាយ (ចំពោះលិខិតឆ្លងដែនធម្មតា)។ តាមសេចក្ដីកំណត់ថ្មី ប្រជាជនមានអាយុចាប់ពីគម្រប់ ១៤ ឆ្នាំមានសិទ្ធិធ្វើលិខិតឆ្លងដែនធម្មតា ឬលិខិតឆ្លងដែនភ្ជាប់បន្ទះឈីបអេឡិចត្រូនិច។ លិខិតឆ្លងដែនមានប្រសិទ្ធភាពប្រើប្រាស់ក្នុងរយ:ពេល ១០ ឆ្នាំ។
ចំពោះការពង្រាយសេចក្តីក្នុងលិខិតឆ្លងដែន ក្របខាងមុខត្រូវបានបោះពុម្ពឈ្មោះប្រទេស សញ្ញាជាតិ ឈ្មោះលិខិតឆ្លងដែន។ លិខិតឆ្លងដែនភ្ជាប់បន្ទះឈីប បានបោះពុម្ពបន្ថែមនូវសញ្ញាបន្ទះឈីបអេឡិចត្រូនិច។ បន្ទះឈីបនេះ ត្រូវបានភ្ជាប់នៅក្របខាងក្រោយនៃលិខិតឆ្លងដែន។ ក្របលិខិតឆ្លងដែន ជាប្រភេទវត្ថុធាតុប្លាស្ទិចចម្រុះ ប្រើបានរយៈពេលយូរ។ លិខិតឆ្លងដែនមានទំហំដូចដើម ទៅតាមស្ដង់ដារ ISO ៧៨១០ ។
ភាសាដែលប្រើប្រាស់ក្នុងលិខិតឆ្លងដែនរួម មានភាសាវៀតនិងអង់គ្លេស។ ចំនួនទំព័រលិខិតឆ្លងដែនមិនរាប់ក្រប មានចំនួន ៤៨ ទំព័រចំពោះលិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនធម្មតា មានរយៈពេលប្រើ ៥ ឆ្នាំ ឬ ១០ ឆ្នាំ; មាន ១២ ទំព័រចំពោះលិខិតឆ្លងដែនធម្មតា និងមានរយៈពេលប្រើមិនលើសពី ១២ ខែ។ ខ្លឹមសារ និងរូបបានបោះពុម្ពក្នុងលិខិតឆ្លងដែនត្រូវបានអនុវត្តដោយបច្ចេកវិទ្យាទំនើប ឆ្លើយតបតាមតម្រូវការធានាសន្តិសុខ បង្ការហានិភ័យធ្វើក្លែងក្លាយនិងសម្រេចស្ដង់ដារ ICAO។
អ្នកដែលមានតម្រូវការសុំផ្តល់លិខិតឆ្លងដែនធម្មតាឬភ្ជាប់បន្ទះឈីប អាចទៅការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នគរបាលខេត្តដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍ឬបណ្តោះអាសន្ន ដើម្បីសុំផ្ដល់។ ពេលបំពេញបែបបទ ប្រជាជនគប្បីត្រៀមរូបថត អត្តសញ្ញាណបណ្ណឬអត្តសញ្ញាណបណ្ណពលរដ្ឋនិងលិខិតបញ្ជាក់ទីលំនៅអចិន្រ្តៃយ៍ឬបណ្តោះអាសន្ន។ ថ្លៃសេវាផ្ដល់លិខិតឆ្លងដែនថ្មីគឺ ២០០.០០០ ដុង។ ចំពោះការផ្ដល់លិខិតឆ្លងដែនឡើងវិញដែលត្រូវខូចឬបាត់គឺ ៤០០.០០០ ដុង។
ប្រភេទលិខិតឆ្លងដែនដែលបានផ្តល់ជូនទីភ្នាក់ងារមុនថ្ងៃដែលអនុក្រឹត្យនេះមានសុពលភាព ប៉ុន្តែមិនទាន់ផុតកំណត់អាចបន្តប្រើប្រាស់បាន យឺតបំផុតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ត្រូវអនុវត្តឱ្យឯកភាពទៅតាមទម្រង់លិខិតឆ្លងដែន លិខិតធ្វើដំណើរតាមសេចក្តីកំណត់នៃអនុក្រឹត្យនេះ។ លិខិតឆ្លងដែន លិខិតធ្វើដំណើរបានផ្ដល់មុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មានសុពលភាពប្រើប្រាស់រហូតដល់ផុតកំណត់ដែលចែងក្នុងលិខិតឆ្លងដែនឬលិខិតធ្វើដំណើរ៕
យោង TTXVN-ទីទុយ