មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/07/2021 - 13:16

ទម្រង់​ដាំ​ឆ្លាស់​ដើម​ខ្នុរ​ ដើម្បី​ "ចិញ្ចឹម​" ដើម​ទុរេន

ដើម្បី​មាន​ប្រ​ភព​ចំ​ណូល​វិនិ​យោគ​ឱ្យ​ការ​ “ចិញ្ចឹម​” ដើម​ទុរេន ក្នុង​រយៈ​ពេល​រង់​ចាំ​ទុរេន​ផ្តល់​ផ្លែ​ គ្រួ​សារ​លោក​ដាវ​ហ្វីឡឹក នៅ​ភូមិ​ឌិញ​ខាញ់​A ឃុំ​ឌិញ​ម៉ូង​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ បាន​ដាំ​ឆ្លាស់​ទុរេន​ជា​មួយ​ខ្នុរ​ឆាប់​ផ្តល់​ផ្លែ​ (ខ្នុរ​ថៃ​) ។​

លោក​ដាវ​ហ្វីឡឹក ប្រ​មូល​ផលខ្នុរ​។

បច្ចុប្បន្ន​ គ្រួ​សារ​លោក​ ដាវ​ហ្វី​ឡឹក មាន​ផ្ទៃ​ដី​ដាំ​ទុរេន ៧ ហិក​តា​ គាត់​ដាំ​ឆ្លាស់​ជា​មួយ​ពូជ​ខ្នុរ​ថៃ​។​ នេះ​ជាដី​ធ្វើ​ស្រែ​ មិន​អំ​ណោយ​ផល ដូច្នេះ​គ្រួ​សារ​គាត់​បាន​លើក​ចម្ការ​ដើម្បី​ដាំ​ឈើ​ហូប​ផ្លែ​។​ បន្ទាប់​ពីដាំ​បាន​ ១២ ខែ គឺ​ខ្នុរ​អាច​ប្រ​មូល​ផល គ្រួ​សារ​លោក​ក៏​មាន​ប្រាក់​ចំ​ណូល​ពីចម្ការ​ឈើ​ហូប​ផ្លែ​ ទោះ​បី​ទើប​តែឡើង​ចម្ការ​បាន​ ២ ឆ្នាំ​ក៏​ដោយ​។​ លោក​ដាវ​ហ្វីឡឹក បាន​ឱ្យ​ដឹង​៖ “ដើម្បី​ឱ្យ​ដើម​ឈើ​ឆាប់​ចេញ​ផ្លែ​ ហើយ​ផ្លែ​មាន​គុណ​ភាព​ល្អ​និង​សុវត្ថិ​ភាព​ ខ្ញុំ​បាន​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ជា​ច្រើន​ទៅ​ក្នុង​ការ​ដាំ​។​ ពិសេស​ ខ្ញុំ​ប្រើ​ប្រាស់​ជីសរី​រាង្គ​និង​ឡើង​ប្លង់​ចម្ការ​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ​ ដោយ​លើក​ភ្លឺ​សម្រាប់​ដាំ​ប្រ​ហែល​ ៨ ម៉ែ​ត្រ និង​ជីក​អណ្តូង​ទទឹងប្រ​ហែល​ ៥ ម៉ែ​ត្រ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្រោច​ទឹក​និង​ថែ​ទាំ​ដើម​ឈើ​។​ ដូច្នេះ​ខ្នុរ​នៅ​ចម្ការ​ខ្ញុំ​ផ្តល់​ផ្លែ​ធំ​ណាស់​ ហើយ​ភាគ​ច្រើន​ជា​ប្រ​ភេទ​ផ្លែ​លេខ​ ១ លក់​បាន​ថ្លៃ​។​

លោក​ដាវ​ហ្វីឡឹក ប្រើ​ទូក​ម៉ាស៊ីន​សម្រាប់​ស្រោច​ស្រព​ចម្ការ​ឈើ​ហូប​ផ្លែ​។​

មក​ដល់​ពេល​នេះ​ លោក​ហ្វី​ឡឹក ប្រ​មូល​ផល​ខ្នុរ​បាន​រាប់​សិប​តោន​។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែចុង​ឆ្នាំ​ ២០២០ និង​នៅ​ដើម​ឆ្នាំ​ ២០២១ ផ្លែ​ខ្នុរ​ថៃ​មាន​ពេល​ខ្លះ​លក់​បាន​តម្លៃ​រហូត​ដល់​ ៤០.០០០-៥០.០០០ ដុង​/គីឡូ​ក្រាម​។​ និយាយ​រួម​ប្រាក់​ចំ​ណូល​ពីដើម​ខ្នុរ​គឺ​ គ្រប់​គ្រាន់​ដើម្បី​ "ចិញ្ចឹម​" ដើម​ទុរេន។​ ពូជ​ទុរេន​ដែល​គ្រួ​សារ​លោក​ឡឹក បាន​ជ្រើស​ដាំ​ ជាប្រ​ភេទ​ពូជ​ទុរេន​មាន​គ្រាប់​សំ​ប៉ែត​ លក់​បាន​ថ្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ គឺ​ពូជ​ Ri ៦ និង​ ម៉ង​ថង។​ ដោយ​ការ​ដាំ​ដើម​ឈើ​តាម​ទិស​ដៅ​គ្មាន​ជាតិ​គីមី​ លោក​ឡឹក នៅ​ទាំង​ឆ្លៀត​ចិញ្ចឹម​ត្រី​ក្នុង​អណ្តូង​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។​ លោក​ឡឹក ឱ្យ​ដឹង​ ការ​ជ្រើស​យក​ដើម​ខ្នុរ​ថៃ​ឆាប់​ផ្តល់​ផ្លែ​សម្រាប់​ដាំ​ គឺ​សំ​ដៅ​ "យក​ដំ​ណាំ​រយៈ​ពេល​ខ្លី​ចិញ្ចឹម​វែង​" ម៉្យាង​ដោយ​ឃើញ​ខ្នុរ​ងាយ​ដាំ​ងាយ​ថែទាំ​និង​ប្រ​មូល​ផល ទាំង​ការ​លក់​ចេញ​រយៈ​ពេល​កន្លង​ ក៏​ងាយ​ស្រួល​។​ តាម​ការ​គ្រោង​ទុក​ នៅ​ពេល​ទុរេន​ផ្តល់​ផ្លែ​ លោក​នឹង​កាប់​រំលោះ​ដើម​ខ្នុរ​នៅ​ក្បែរ​ដើម​ទុរេន​ឱ្យ​ស្រឡះ​ ដើម្បី​ដើម​ទុរេន​លូត​លាស់​ល្អ​៕​

          អត្ថ​បទ​និង​រូប​៖ វាំង​កុង​-ប្រែ៖ សុផន

ចែករំលែកអត្ថបទ