មកកាន់ភូមិបើដឹប ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង សួររកលោកលីវវ៉ាន់ឌើ មាមីងខ្មែរនៅទីនេះនរណាក៏ស្គាល់ទាំងអស់។ ផ្ដើមពីការចិញ្ចឹមគោទឹកដោះ បានជួយគ្រួសារគាត់ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារនៅភូមិភាគ។
![ជីវភាពធូរធារផ្ដើមពីចិញ្ចឹមគោទឹកដោះ](https://baocantho.com.vn/image/fckeditor/upload/2021/20210629/images/khmer/51.jpg)
លោកលីវវ៉ាន់ឌើ កំពុងឱ្យចំណីគោ។
ឆ្នាំ ២០០៣ លោកឌើ បានរដ្ឋអំណាចភូមិភាគបញ្ជូនទៅរៀនវគ្គហ្វឹកហាត់ និងទស្សនកិច្ចទម្រង់ចិញ្ចឹមគោទឹកដោះនៅដាឡាក។ ដឹងថានេះជាទម្រង់នាំមកប្រាក់ចំណេញខ្ពស់ សមស្របនឹងលក្ខណសេដ្ឋកិច្ចគ្រួសារ ម្ល៉ោះហើយនៅពេលបានឧបត្ថម្ភគោពូជ និងផ្ដល់បុលទុនអាទិភាពសម្រាប់សង់ក្រោលគោ គាត់រីករាយខ្លាំងណាស់។ បំផុតគឺនៅពេលបានឧទ្ទេសនាមចូលសហករណ៍គោទឹកដោះ គាត់កាន់តែនឹងនរចិត្ត ដ្បិតទឹកដោះគោធានាបានច្រកចេញ។
លោកឌើ ឱ្យដឹង៖ "ចិញ្ចឹមគោទឹកដោះហត់នឿយមែន ប៉ុន្តែនៅពេលគោផ្ដល់ទឹកដោះ គឺថ្ងៃណាក៏មានទឹកដោះលក់ក្នុងតម្លៃពី ១៥.០០០ ដុង/គីឡូក្រាមឡើងទៅ។ ខ្ញុំចិញ្ចឹមគោទឹកដោះ F1 ម្ល៉ោះហើយជាមធ្យមប្រមាណ ១០ ខែ គោផ្ដល់ទឹកដោះប្រហែល ១,៥ តោន"។ តាមប្រសាសន៍លោកឌើ ស្ថិតក្នុងដំណាក់កាល "មាស" ទឹកដោះគោនិងគោពូជថ្លៃខ្លាំងណាស់ កូនគោញីទើបកើតមួយសប្ដាហ៍លក់ក្នុងតម្លៃ ១០ លានដុង/ក្បាល និងគោធំលក់ក្នុងតម្លៃជាង ៥០ លានដុង/ក្បាល។ លោកឌើ រក្សាហ្វូងគោរបស់គ្រួសារចំនួន ៨ ក្បាល/ឆ្នាំ ក្រៅពីនោះគាត់លក់គោពូជ។ ផ្ដើមពីប្រាក់លក់ទឹកដោះគោនិងគោពូជ លោកឌើ សង់បានផ្ទះឥដ្ឋសមរម្យនិងលោះបានដីដែលបញ្ចាំពីមុនចំនួន ១២ កុង។ “ចង់ឱ្យគោធាត់ធំ ផ្ដល់ទឹកដោះច្រើន គឺត្រូវជ្រើសរើសពូជគោល្អ (ពូជគោ F1 កាន់តែល្អ) ក្រោលគោត្រូវតែជ្រះស្អាត ផ្ដល់ស្មៅគ្រប់គ្រាន់និងចំណីច្របល់ត្រឹមល្មមធានាទឹកដោះគ្រប់ជីវជាតិបំប៉ន។ មុនពេលច្របាច់យកទឹកដោះ ត្រូវអនាម័យក្រោលគោឱ្យស្អាត ប្រើកន្សែងជ្រះជ្រលក់ទឹកក្ដៅឧណ្ហៗជូតដោះគោឱ្យស្អាត។ ដ្បិតអី បើទឹកដោះគោមិនជ្រះស្អាត សហករណ៍មិនទិញ" លោកឌើ បានចែករំលែកដូច្នោះ។ ដើម្បីធានាមានប្រភពចំណីឱ្យគោស៊ី លោកឌើ បានប្រើប្រាស់ដីស្រែ ៤ កុងសម្រាប់ដាំស្មៅ។ នៅសល់ ៨ កុងគាត់ផលិតស្រូវ ST ពណ៌ស្វាយ ដើម្បីយកចំបើងធ្វើជាចំណីឱ្យគោ។
លោក ថាច់សុធា ប្រធានសមាគមកសិករឃុំវៀងអាង ឱ្យដឹង៖ "លោកលីវវ៉ាន់ឌើ គឺកសិករផលិតពូកែ មានបច្ចេកទេសនិងបទពិសោធន៍ចិញ្ចឹមគោទឹកដោះនិងជាអ្នកឈានមុខក្នុងការផលិតពូជស្រូវ ST ពណ៌ស្វាយ ចុះកិច្ចសន្យាជាមួយអាជីវកម្មធានាទិញផលិតផល។ លោកឌើ គឺជាកសិករគំរូចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ ជាពិសេស កូនៗរបស់គាត់ក៏មានជីវភាពធូរធារផ្ដើមពីការចិញ្ចឹមគោទឹកដោះដែរ ម្ល៉ោះហើយមាមីងក្នុងភូមិស្រុកនរណាក៏ស្ងើចសរសើរដែរ"៕
លីធាន - ថាច់ធី