លោកគ្រូថាច់វិញ នៅភូមិតាមោង ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង បានមាមីងក្នុងភូមិសរសើរមិនដាច់ពីមាត់ ពីព្រោះកូនចៅរបស់គាត់ ឧស្សាហ៍ព្យាយាមរៀនសូត្រ មានការងារធ្វើលំនឹង។ ចំណែក លោកគ្រូវិញ រស់នៅជាគំរូ ស្រុះស្រួលនឹងមាមីងភូមិផង។ គំរូលេចធ្លោរបស់ប្តីប្រពន្ធលោកគ្រូថាច់វិញ ជាជំហានៗបង្កើតទម្លាប់រស់នៅសម្រាប់គ្រួសារ។
![ទម្លាប់រស់នៅនៃគ្រួសារលោកគ្រូ ថាច់វិញ](https://baocantho.com.vn/image/fckeditor/upload/2021/20210408/images/khmer/13000.jpg)
ប័ណ្ណសរសើរ លិខិតសរសើរគ្រូបង្រៀនឆ្នើមរបស់លោកគ្រូថាច់វិញ និងលិខិតទទួលស្គាល់
លិខិតសរសើរដណ្តាំស្លឆ្ងាញ់របស់អ្នកមីងថាច់ធីពុម្ព ព្យួរពេញជញ្ជាំង។
ពេលយើងខ្ញុំទៅដល់ផ្ទះ គាប់ជួនលោកគ្រូថាច់វិញ រៀបចំទៅវាលដើម្បីដាំស្មៅ។ ឃើញយើងខ្ញុំហាក់ងឿងឆ្ងល់ គាត់ក៏និយាយ៖ “ខ្ញុំមានដីស្រែត្រឹមតែ២កុង ម៉្លោះហើយនៅតាមភ្លឺប្រឡាយខ្ញុំដាំស្មៅ សម្រាប់កូនស្រីពៅ ចិញ្ចឹមគោ។ ក្រោយពីប្រមូលផលស្រូវម្តងៗ ខ្ញុំតែងកិនអង្ករចែកឱ្យកូនៗទាំង ៥ នាក់ ស្មើៗគ្នា។ ថ្វីដ្បិតតែកូនៗអាចនឹងទិញអង្ករ ហូបបានមែន ប៉ុន្តែការចែកអង្ករឱ្យកូនៗដូច្នេះ ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់ ម្យ៉ាងឃើញកូនៗចេះសាមគ្គី ស្រឡាញ់រាប់អានគ្នា។ ហេតុនេះ ខ្ញុំក៏មិនចោលទម្លាប់ដែល ធ្លាប់មានតាំងពីយូរមក”។
នៅភូមិតាមោងអំឡុងឆ្នាំ ១៩៨០ ដល់ ១៩៩០ រដូវវស្សាផ្លូវភក់ជ្រាំ ប៉ុន្តែកូនៗរបស់លោកគ្រូវិញគ្មានអ្នកណាម្នាក់ត្រូវបោះបង់ ការសិក្សាឡើយ។ អ្នកមីងថាច់ធីពុម្ព ប្រពន្ធ លោកគ្រូវិញ រៀបរាប់៖ “កាលនោះ ខ្ញុំធ្វើស្រែ២កុង ចំណែកប្ដីខ្ញុំគាត់ទៅបង្រៀនមួយពេល ធ្វើការឈ្នួលមួយពេល។ អ្នកខ្លះបបួលគាត់ឈប់ធ្វើគ្រូបង្រៀនទៅ ទៅធ្វើការឈ្នួលពេញមួយថ្ងៃរកបានប្រាក់ច្រើនជាង។ ប៉ុន្តែ គាត់ប្រាប់ថា៖ “បើខ្ញុំឈប់បង្រៀនកូនៗ ប្រហែលឈប់រៀនដែរ យើងត្រូវតែខំប្រឹងតស៊ូ ដើម្បីយឺតយោងពួកគេ ពីព្រោះគ្រួសារយើងមានតែដីស្រែ ២ កុង កូនៗឈប់រៀន ពួកគេនឹងធ្វើការរកស៊ីអ្វី ដើម្បីកសាងជីវភាពគ្រួសារទៅអនាគត”។ លៃលកពីមួយឆ្នាំទៅ មួយឆ្នាំ គ្រួសារខំប្រឹងជម្នះលំបាកដើម្បីសម្រេចទិសដៅរៀនសូត្រ។ មកទល់នឹងពេលនេះ លោកគ្រូវិញ មានកូនស្រី ៣ នាក់ បន្តអាជីពឪពុក។ កូនស្រីពៅរៀនចប់មហាវិទ្យាល័យនៅសាកលវិទ្យាល័យត្រាវិញ។ កូនប្រុស ទី ៤ កំពុងបំពេញការងារនៅនគរបាលវិញឡុង។ ពិសេសគឺកូនស្រីច្បង និងស្រីបន្ទាប់ ២ នាក់របស់គាត់ គឺជាគ្រូបង្រៀនពូកែរបស់សាលាមតេ្តយ្យតឹងមី សម្រេចកិត្តិនាមជាគ្រូបង្រៀនឆ្នើម កិត្តិនាមដីសមាស ។ល។
បង្ហាញគេហដ្ឋានយ៉ាងសមរម្យ លោកគ្រូវិញ រៀបរាប់៖ “ផ្ទះនេះមិនមែនខ្ញុំចេញប្រាក់សង់ទេ នេះបានមកពីប្រភពទុនការរួបរួម ផ្ទះមិត្តរួមកងរបស់កូនប្រុស ការឧបត្ថម្ភពីសមាគមកាកបាទក្រហម និងពីព្រះសង្ឃ មួយអង្គនៅក្រុងហូជីមិញ។ ចំណែកការរៀបចំតុបតែងក្នុងផ្ទះ គឺកូនៗចេញប្រាក់ម្នាក់បន្តិចៗ ទិញមករៀបចំតាក់តែងទើបបានដូច្នេះ”។ លោកគ្រូថាច់ង៉ុក ជាមិត្តរួមអាជីព ម្នាក់ក្នុងចំណោមមិត្តរួមអាជីពយូរឆ្នាំរបស់លោកគ្រូវិញ បច្ចុប្បន្ន ជាលេខាសាខាបក្សភូមិ តាមោង បញ្ជាក់៖ “ប្តីប្រពន្ធបងវិញរស់នៅជាគំរូ មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ស៊ូទ្រាំនឹងការលំបាក ដើម្បីគិតគូរឱ្យកូនៗ។ ចំពោះមាមីងក្នុងភូមិផង បងវិញតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភដោយអស់ពីចិត្ត។ រឿងភូមិផង រឿងរៀនសូត្ររបស់ក្មួយៗក្នុងភូមិ។ល។ អ្វីដែលជួយបាន គឺប្តីប្រពន្ធបងវិញជួយអស់ពីលទ្ធភាព ម៉្លោះហើយប្តីប្រពន្ធបងវិញតែងបានមាមីងក្នុងភូមិស្រឡាញ់រាប់អាន”។
សង្កេតឃើញការរស់នៅរបស់ឪពុកម្តាយ កូនៗរបស់គាត់រៀនសូត្រតាមដោយមិន ធ្វើឱ្យឪពុកម្តាយខកបំណងឡើយ។ បងស្រីសើុងធីឡាយ នៅភូមិតាមោង ឱ្យដឹង៖ “កូនៗរបស់ពូវិញ អ្នកណាក៏លុះក្នុងដំបូន្មាន សុភាពរាបសា។ ទោះបីទៅបង្រៀនទៅធ្វើការកូនៗគាត់មិនចេះឆ្មើងឆ្មៃ។ ទម្លាប់រស់នៅនិងប្រៀនប្រដៅកូនរបស់គ្រួសារពូវិញ ធ្វើឱ្យមនុស្សជាច្រើនក្នុងភូមិរៀនសូត្រតាម”៕
ហាថាញ់-មុនី