ព្រះតេជព្រះគុណ យ័ញតារាស៊ីផា លេខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ខេត្តគៀងយ៉ាង។ ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់ការបង្កើនចំណេះដឹងរបស់ពុទ្ធបរិស័ទពីធម៌អាថ៌និងអក្សរសាស្រ្តខ្មែរ។
ព្រះតេជព្រះគុណយ័ញតារាស៊ីផា។
ព្រះតេជព្រះគុណ យ័ញតារាស៊ីផា កើតនិងធំដឹងក្តីនៅភូមិមិញឡុង ឃុំមិញហ្វា ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង។ ឆ្នាំ ២០០១ ពេលអាយុ ១៣ ឆ្នាំ ស៊ីផា បានឪពុកម្តាយនាំចូលវត្តបួសរៀន។ ខណៈពេលបងៗរបស់ព្រះអង្គបានលាចាកសិក្ខាបទជាបន្តបន្ទាប់ និងរៀបការកសាងជីវភាពគ្រួសាររៀងៗខ្លួន ចំណែកព្រះតេជព្រះគុណ យ័ញតារាស៊ីផា ក៏តាំងចិត្តសាងផ្នួស។ ព្រះតេជព្រះគុណ យ័ញតារាស៊ីផា មានថេរដីកា៖ “ជារៀងរាល់ថ្ងៃ អាត្មាភាពសិក្សាធម៌វិន័យ រឹតតែញុាំងចិត្តអាត្មាឱ្យជ្រះថ្លា ខិតខំព្យាយាមសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។ ដោយការតាំងចិត្តបួសរៀន ម៉្លោះហើយក្រៅពីសិក្សាធម៌វិន័យនៅវត្តឃ្លាំងមឿង អាត្មាភាពក៏និមន្តទៅសិក្សានៅតាមវត្តនានាក្នុងនិងក្រៅខេត្ត ក្នុងនោះ មានទៅសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង។ បន្ទាប់ពីចប់ការសិក្សានៅខេត្តសុកត្រាំង វិលមកវត្តអាត្មាភាពក៏បានសមាគមស្រុកចូវថាញ់ តែងតាំងជាលេខាសមាគមរហូតមកទល់នឹងសព្វថ្ងៃ”។
ជាព្រះសង្ឃវ័យក្មេងមួយអង្គ ម៉្លោះហើយព្រះតេជព្រះគុណស៊ីផា តែងយកព្រះទ័យទុកដាក់ ខ្នះខ្នែងរាល់សកម្មភាពការងាររបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ និងវត្តនានាលើភូមិសាស្រ្ត។ យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះតេជព្រះគុណស៊ីផា ពេលទៅយកព័ត៌មាននៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្ត ចេតិយគូឡានៅស្រុកចូវថាញ់។ នេះជាចេតិយ គោរពបូជាវីរសមណៈ ៤ អង្គ ដែលពលីជីវិតក្នុងសម័យតស៊ូរំដោះទឹកដី។ ព្រះតេជព្រះគុណស៊ីផា មិនត្រឹមតែយល់ច្បាស់ដំណាក់ការកសាង និងអភិវឌ្ឍន៍ ថែមទាំងជ្រាបច្បាស់ពីប្រវត្តិវីរសមណៈទាំង ៤ អង្គ ដើម្បីបកស្រាយឱ្យភ្ញៀវទេសចរ ពុទ្ធបរិស័ទពេលមកទស្សនាគោរពចេតិយគូឡា។ ព្រះតេជព្រះគុណស៊ីផា មានថេរដីកា៖ “ចេតិយគូឡា គឺជាទីកន្លែងអប់រំប្រវេណីស្នេហាជាតិដ៏ពុះពោរសម្រាប់មជ្ឈដ្ឋានយុវវ័យ។ អ្នកដែលធ្លាប់ចូលរួមតស៊ូជាមួយនឹងវីរសមណៈ ៤ អង្គ បច្ចុប្បន្ន ពួកគាត់មានអាយុចាស់ អ្នកខ្លះក៏ស្លាប់បាត់បង់។ ព្រោះហេតុនេះ អាត្មាភាពខំប្រឹងធ្វើជាស្ពានតភ្ជាប់រក្សានិងអប់រំដល់កូនចៅជំនាន់ក្រោយ។ អាត្មាភាពមានគោលបំណងបង្កើនចំណេះដឹងខាងពុទ្ធសាសនា និងអក្សរសាស្រ្តខ្មែរ ដើម្បីអភិរក្សនិងពង្រីកវប្បធម៌ខ្មែរ”។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ព្រះតេជព្រះគុណស៊ីផា រវៀសរវៃ ខ្នះខ្នែងចំពោះការងារសមាគម និងយកព្រះទ័យទុកដាក់ក្នុងការបង្ហាត់បង្រៀនអក្សរសាស្រ្តខ្មែរ ក៏ដូចជាអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរនៅភូមិភាគ”៕
ហាថាញ់-មុនី