លោកគឹមតឺ កើតឆ្នាំ១៩៦៥ នៅភូមិឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុង ខេត្តត្រាវិញ ឈានឡើងចាកភាពក្រីក្រ អាស្រ័យបង្វែរផ្ទៃដីធ្វើស្រូវផ្ដល់ទិន្នផលទាប មកដាំដើមឈើហូបផ្លែ។
![លោកគឹមតឺ ធ្វើសេដ្ឋកិច្ចពូកែ](https://baocantho.com.vn/image/fckeditor/upload/2020/20201019/images/khmer/41.jpg)
ទម្រង់ដាំក្រូចថ្លុងរបស់លោកគឹមតឺ (អ្នកឈរខាងស្តាំ)។
គ្រួសារលោកគឹមតឺ មានផ្ទៃដីធ្វើស្រែជាង ១២ កុង ផ្តល់ទិន្នផលទាប ម្ល៉ោះហើយចំណេញបានតិចតួច។ អាស្រ័យហេតុនោះ គ្រួសារលោកជួបលំបាកច្រើន។ លុះដល់ឆ្នាំ ២០១០ គាត់ក៏បង្វែរមកដាំក្រូចថ្លុងនិងក្រូចពោធិ៍សាត់វិញ។
លោកគឹមតឺ ឱ្យដឹង៖ “ភូមិឥដ្ឋ គឺជាតំបន់ដីខ្សាច់ ម្ល៉ោះហើយប្រជាជនច្រើនតែដាំឫស្សី។ ថ្វីដ្បិតដូច្នោះក្តី ប៉ុន្មានឆ្នាំជិតៗនេះ តម្លៃសេដ្ឋកិច្ចពីដើមឫស្សីទាប ម្ល៉ោះហើយខ្ញុំក៏បង្វែរមកដាំដើមឈើហូបផ្លែវិញ”។ ពេលឃើញគ្រួសារមួយចំនួនហៅលក់ដីចម្ការឫស្សីដោយតម្លៃសមរម្យ លោកគឹមតឺ ក៏លក់ដីស្រែ រួចទិញដីចម្ការឫស្សីវិញ។ ក្រោយមក គាត់កាប់គាស់ដើមឫស្សីចេញ ដើម្បីដាំដើមដូង ដាំក្រូចថ្លុង និងក្រូចពោធិ៍សាត់។ល។ ក្នុងដំណាក់កាលដាំដើមឈើហូបផ្លែ គាត់តែងចូលរួមទៅទស្សនាទម្រង់រកស៊ីមានប្រសិទ្ធភាព អាស្រ័យរដ្ឋអំណាចភូមិភាគចាត់តាំងឡើង។ ក្រៅពីនោះ គាត់នៅទាំងសកម្មចូលរួមវគ្គហ្វឹកហ្វឺនណែនាំអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ព្រមទាំងរៀនសូត្របទពិសោធន៍តាមរយៈកាសែត ទូរទស្សន៍ ពីទម្រង់បង្វែរផ្ទៃដីធ្វើស្រែមិនសូវបានផលមកទម្រង់ផ្សេងៗ ផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់។
ការខ្នះខ្នែងបង្វែរទម្រង់រកស៊ីរបស់លោកតឺ បាននាំមកនូវប្រសិទ្ធភាព។ ជាមួយនឹងផ្ទៃដីដាំក្រូចថ្លុង ក្រូចពោធិ៍សាត់ ១២ កុង រៀងរាល់ឆ្នាំលោករកបានប្រាក់ចំណូលប្រមាណ ២០០ លានដុង ក្រោយពីទូទាត់រួចស្រេចនៅចំណេញជាង ១៥០ លានដុង កើនច្រើនដងបើប្រៀបនឹងធ្វើស្រែ។
លោកថាច់បាំង លេខាសាខាបក្សភូមិឥដ្ឋ ឱ្យដឹង៖ “លោកគឹមតឺ គឺជាកសិករគំរូផលិតពូកែម្នាក់របស់ភូមិភាគ។ អាស្រ័យគម្រោងអភិវឌ្ឍផលិតកម្មសម្រាប់ជនរួមជាតិភាគតិចជួយឧបត្ថម្ភ គាត់ក៏អនុវត្តជោគជ័យទម្រង់ “បង្វែរពីផ្ទៃដីដាំឫស្សី ធ្វើស្រូវផ្ដល់ទិន្នផលទាប មកដាំដើមឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់”។ ភូមិភាគបានស្នើឡើងថ្នាក់លើពង្រីកទម្រង់នេះ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលជូនជនរួមជាតិខ្មែរ”៕
សើុងម៉ាល័យ-វិមាន