មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/09/2020 - 16:40

លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ការ​ពារ​បរិស្ថាន​ក្នុង​ការ​ចិញ្ចឹម​សត្វ​

ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ និង​គោ​បង្កាត់​នៅ​ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ រីក​ចម្រើន​យ៉ាង​ខ្លាំង​ បាន​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​។​ តាម​រយៈ​នោះ​ ស្មារ​តី​ភ្ញាក់​រលឹក​អំ​ពី​ការ​ការ​ពារ​បរិស្ថាន​ក្នុង​ការ​ចិញ្ចឹម​សត្វ​របស់​ប្រ​ជា​ជន​ក៏​មាន​ការ​យល់​ដឹង​ផង​ដែរ​ រួម​ចំ​ណែ​ក​រក្សា​បរិស្ថាន​បៃតង​ ស្អាត​ ល្អ​។​

ការ​ប្រើ​ប្រាស់​ហ្គាស​ជីវ​ឧស្ម័ន​ ជួយ​ដល់​គ្រួ​សារ​បង​ស្រី​ហឿង​ ប្រិត​សំ​ចៃ​បាន​ថវិកា​។​

បច្ចុប្បន្ន​ទូទាំង​ឃុំ​មាន​គោ​ជាង​ ២.៥០០ ក្បាល​ ហើយ​ចំ​នួន​គោ​ទាំង​នេះ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​  ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​នាំ​មក​ប្រាក់​ចំ​ណូល​ខ្ពស់​ ជួយ​ដល់​គ្រួ​សារ​ជាច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ធ្វើ​មាន​ធ្វើ​បាន​។​ ដើម្បី​ធានា​លក្ខឋាន​បរិស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​ បង្កើន​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ ច្បាប់​ដល់​គ្រួ​សារ​ដែល​ចិញ្ចឹម​សត្វ​។​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ការ​ពារ​បរិស្ថាន​ ម្ចាស់​ការ​ធ្វើ​ឡជីវ​ឧស្ម័ន​ ដើម្បី​ដោះ​ស្រាយ​ជាតិ​កាក​សំ​ណល់​មិន​បង្ហូរ​ទៅ​ក្នុង​បរិស្ថាន​។​ បង​ស្រី​លីធីង៉ុក​ហឿង​ នៅ​ភូមិ​តាអឹង១​ ឱ្យ​ដឹង​៖ “ក្នុង​ភូមិ​នេះ​ ចិញ្ចឹម​គោ​ទឹក​ដោះ​ស្ទើរ​គ្រប់​ផ្ទះ​ ពី​ព្រោះ​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​។​ ចាប់​ពី​ថ្ងៃ​ដែល​រដ្ឋ​អំ​ណាច​បាន​ចលនា​អនុវត្ត​ការ​ពារ​បរិស្ថាន​ដើម្បី​ឃុំ​សម្រេច​ជន​បទ​ថ្មី​ នាងខ្ញុំ​បុល​ប្រាក់​ ១២ លាន​ដុង​សម្រាប់​ធ្វើ​ឡជីវ​ឧស្ម័ន​។​ ផ្ទះ​នា​ងខ្ញុំ​មាន​គោ​ទឹក​ដោះ​ ១៥ ក្បាល​ ធ្វើ​ឡជីវ​ឧស្ម័ន​ជួយ​ការ​ពារ​បរិស្ថាន​ផង​ និង​ប្រិត​សំ​ចៃ​ថវិកា​ទិញ​ហ្គាស​ផង​ ដោយ​ប្រើ​ហ្គាស​ជីវ​ឧស្ម័ន​សម្រាប់​ដាំ​ស្ល”។​ ពូឡឹម​មី នៅ​ភូមិ​តាអឹង ២ ​ឱ្យ​ដឹង​៖  “ផ្ទះ​ខ្ញុំ​មាន​គោ​ទឹក​ដោះ​ ៥ ក្បាល​ ប្រ​សិនបើ​បង្ហូរ​ចេញ​ទៅ​បរិស្ថាន​នោះ​នឹង​ធុំក្លិន​កខ្វក់​ ប៉ះ​ពាល់​ដល់​សុខ​ភាព​មាមីង​ជុំ​វិញ​ជាមិន​ខាន​។​ កាល​ពី​ឆ្នាំ​ ២០១៦ មាន​គម្រោង​ជំ​នួយ​ដើម​ទុន​ ខ្ញុំ​បាន​បុល​ប្រាក់​ធ្វើ​ឡជីវ​ឧស្ម័ន​។​ ចាប់​ពី​ពេល​នោះ​មក​ ឃើញ​ថា​គ្រួ​សារ​ខ្ញុំ​ប្រើ​ហ្គាស​ជីវ​ឧស្ម័ន​ មិន​បាច់​បង់​លុយ​ទិញ​ហ្គាស​ដូច​ពី​មុន​ទៀត​។​ ចំ​ណែក​លា​មក​គោ​យក​ទៅ​ផ្អាប់ធ្វើ​ជាជីកំ​ប៉ុស្ត ឬ​ក៏​ហាល​ស្ងួត​សម្រាប់​លក់​”។​

 ​ គ្រួ​សារ​ចិញ្ចឹម​គោ​ទឹក​ដោះ​ស្ទើរ​តែទាំង​អស់​នៅ​ធ្វឹង​ហ៊ឹង​ តែង​វិនិ​យោ​គធ្វើ​ឡជីវ​ឧស្ម័ន​។​

លោក​ឡឹម​ស៊ឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ៊ឹង​ ឱ្យ​ដឹង​៖ “ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ខេត្ត​ មាន​គម្រោង​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​ចិញ្ចឹម​គោ​ បុល​ទុន​អនុគ្រោះ​សម្រាប់​ធ្វើ​ឡជីវ​ឧស្ម័ន​ (មធ្យម​ភាគ​ ១២ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ​) អា​ទិភាព​ដល់​គ្រួ​សារ​មាមីង​ខ្មែរ​។​ មក​ទល់​ពេល​នេះ​ មាមីង​ឯទៀត​ដែល​ចិញ្ចឹម​គោ​ទឹក​ដោះ​ក៏​បាន​វិនិ​យោគ​ធ្វើ​ឡជីវ​ឧស្ម័ន​ រួម​ចំ​ណែ​ក​ជួយ​ភូមិ​ភាគ​សម្រេច​លក្ខឋាន​ ១៧ នៃ​ការ​កសាង​ជន​បទ​ថ្មី​”៕​

                              យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ