ជាមួយនឹងការរិះគិត មិនទុកឱ្យភាពក្រីក្រច្បាមតាមរហូត ដោយឆន្ទៈនិងការប្តេជ្ញារបស់ខ្លួន បងស្រីលឺធីសាង នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានឆ្លងកាត់ការលំបាកសាកល្បង ដើម្បីរកស៊ីធ្វើមានលើចំណិតដីនៃភូមិកំណើត។ ក្រោយរយៈពេលច្រើនឆ្នាំនឿយលំបាក បងស្រីបានរកឃើញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈវគ្គផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសខាងការចិញ្ចឹមសត្វ ដាំដុះ អាស្រ័យក្រុមស្វ័យគ្រប់គ្រង កាត់បន្ថយភាពក្រីក្រ នៅភូមិក្បាលទូកចាត់តាំង។
បងស្រីលឺធីសាង កំពុងឱ្យចំណីជ្រូក។
គ្រាទើបផ្ដួចផ្ដើមអាជីព សេដ្ឋកិច្ចគ្រួសារបងស្រីសាង នៅជួបលំបាកច្រើន ប្រាក់ចំណូលទាំងអស់ពឹងលើដីស្រែបន្តិចបន្តួច។ សម្លឹងឃើញទម្រង់ចិញ្ចឹមជ្រូកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូននារីជាច្រើនក្នុងភូមិភាគ បងស្រីសាង បានទិញជ្រូក៤ក្បាលមកចិញ្ចឹម។ ថ្វីបើដូច្នោះក្តី ហេតុតែមិនទាន់មានបទពិសោធន៍ថែទាំក៏ដូចជារបៀបបង្ការ ព្យាបាលជំងឺ បានជាហ្វូងជ្រូករបស់បងស្រីមានជំងឺជាញឹកញាប់។ បងស្រីសាង ក៏សម្រេចចិត្តទុកទ្រុងនៅទំនេរមួយរយៈ។ ដើមឆ្នាំ ២០១៩ មុនពេលចិញ្ចឹមជ្រូកសាជាថ្មី បងស្រីបានទៅរកក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រភូមិក្បាលទូក ពឹងជួយណែនាំ រួចត្រូវបានឧទ្ទេសនាម ដើម្បីកម្មាភិបាលកសិកម្មឃុំចុះដល់ផ្ទះណែនាំរបៀបបង្ការ ព្យាបាលជំងឺឱ្យជ្រូក។ អាស្រ័យហេតុនោះ ហ្វូងជ្រូករបស់គ្រួសារបងស្រីរីកចម្រើនធំធាត់លំនឹង។
ដើម្បីកាត់បន្ថយចំណាយក្នុងការចិញ្ចឹមជ្រូក បងស្រីបានវិនិយោគទុន ១០ លានដុង ទិញម៉ាស៊ីនកិនចំណី។ បងស្រីសាង ឱ្យដឹង៖ “ខ្ញុំបានប្រើប្រាស់អនុផលជុំវិញផ្ទះ មានដូចត្រកួន ត្រកៀត បន្លែស្ពៃគ្រប់ ប្រភេទកិនធ្វើជាចំណីជ្រូក។ សព្វថ្ងៃ ខ្ញុំចិញ្ចឹមជ្រូក១២ក្បាល បាន៣ខែហើយ។ ពីមុននេះ ក្នុងមួយថ្ងៃ ខ្ញុំផ្ដល់ចំណីឱ្យជ្រូក៣លើក ក្នុងមួយលើក អស់ចំណីប្រហែល១២គីឡូក្រាម (ស្មើនឹង១៥០.០០០ដុង)។ ចាប់តាំងពីមានម៉ាស៊ីនកិនចំណីផ្ដល់ឱ្យជ្រូកស៊ីបន្ថែម កាត់បន្ថយប្រើប្រាស់ចំណីសត្វប្រហែល៦គីឡូក្រាមក្នុងមួយលើកៗ”។ មិនត្រឹមតែកាត់បន្ថយចំណាយទិញចំណីសត្វប៉ុណ្ណោះទេ អាស្រ័យឱ្យស៊ីបន្លែបន្ថែម ទើបហ្វូងជ្រូកឆាប់ធំធាត់ ល្អ ជ្រូកមិនសូវមានជំងឺ។ ឆ្នាំ ២០១៩ បងស្រីសាង រកបានប្រាក់ចំណេញរាប់សិបលានដុងពីការចិញ្ចឹមជ្រូក។
បងគឹមយ័ញថែ ប្រធានក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រភូមិក្បាលទូក វាយតម្លៃ៖ “អាស្រ័យបងស្រីសាង ខ្នះខ្នែងចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស បានជាបងស្រីជ្រើសបានទម្រង់រកស៊ីសមស្របជាមួយនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ។ មុនដំបូង បងស្រីចិញ្ចឹមជាទ្រង់ទ្រាយតូច ឥឡូវនេះបានបើកទ្រង់ទ្រាយការចិញ្ចឹមជ្រូក គោ និងអនុវត្តទម្រង់ផលិតកម្មស្រូវគុណភាពខ្ពស់ ម្ល៉ោះហើយជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ដើមពីទម្រង់សេដ្ឋកិច្ចរបស់បងស្រីសាង មានសមាជិកជាច្រើនក្នុងក្រុមមករៀនសូត្របទពិសោធន៍ និងអនុវត្តជាក់ស្ដែងក្នុងការផលិត ចិញ្ចឹមសត្វ ជាជំហានៗលុបបំបាត់បានភាពអត់ឃ្លាន កាត់បន្ថយបានភាពក្រីក្រ”៕
សឺនម៉ាល័យ - ថាច់ធី