នៅភូមិទីបញឹក ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង មានកសិករជាច្រើនធ្វើមានពីពូជស្រូវ ST។ ប៉ុន្តែល្បីឈ្មោះបំផុត គឺលោកឡឹមផែន និងលោកឡឹមអឿង។ កសិករទាំងពីររូបនេះ តែងបានអ្នកផងហៅថា “អ្នកមាន ST” ពីព្រោះពួកគាត់ផលិតស្រូវ ST ឆ្នាំណាក៏កាក់កបលក់បានថ្លៃ។
ប្តីប្រពន្ធលោកឡឹមផែន ឆ្លងកាត់ការលំបាក ឈានឡើងធ្វើមាន។
នៅតំបន់នេះ ហាក់ដូចជាអ្នកណាក៏ស្គាល់លោកឡឹមផែនដែរ ពីព្រោះគាត់ទើបសង់ផ្ទះមួយខ្នងមានតម្លៃជិត១ពាន់លានដុង។ លោកឡឹមផែន ឱ្យដឹងដោយក្តីរីករាយ៖ “ផ្ទះទើបតែសង់រួចស្រេច ហេតុនោះនៅរៀបចំនិងតុបតែងឱ្យបានស្អាត ដើម្បីអំណរបុណ្យចូលឆ្នាំថ្មី។ ជីវភាពគ្រួសារខ្ញុំបានដូចសព្វថ្ងៃ គឺដោយសារផលិតស្រូវក្រអូប ST”។ កាលនោះ រៀបការរួច ឪពុកម្តាយចែកដីស្រែឱ្យ៨កុង។ ដោយមានចរិតឧស្សាហ៍ព្យាយាម ទ្រាំលំបាកពលកម្ម ក្រៅពីធ្វើស្រែ គាត់ដើរធ្វើការឈ្នួល ដាំដំណាំរួមផ្សំ ដើម្បីសន្សំសំចៃប្រាក់ទិញដី។ ក្រៅពីនោះ គាត់បានវិនិយោគទិញត្រាក់ទ័រ២គ្រឿង ម៉ាស៊ីនបូមទឹក៦គ្រឿង ដើម្បីធ្វើស្រែផ្ទះផង និងស៊ីឈ្នួលភ្ជួររាស់ផង។
ឆ្នាំ២០០០ លោកឡឹមផែន បានផ្ដើមផលិតពូជស្រូវក្រអូបST៥ ជំនួសពូជស្រូវចាស់ពីមុន។ ទន្ទឹមនឹងនោះ គាត់បានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិតស្រូវ ជំនួសឱ្យការបង្កបង្កើនផលតាមទម្លាប់ចាស់ ម្ល៉ោះហើយស្រូវសម្រេចបានទិន្នផលខ្ពស់។ “ដោយមានបទពិសោធន៍ធ្វើស្រែច្រើនឆ្នាំ ហេតុនេះពេលផលិតពូជស្រូវST៥ ខ្ញុំអនុវត្តត្រូវតាមបច្ចេកទេសបានផ្តល់អនុសាសន៍ទៅរវាំងស្រែជាប្រចាំដើម្បីតាមដានជំងឺ បាចជីច្រើនលើក និងធានាទឹកបញ្ចូលស្រែគ្រប់គ្រាន់ ទើបស្រូវលូតលាស់ល្អ ទិន្នផលសម្រេចបានជាង១តោន/កុង។ ក្នុងអំឡុង២០ឆ្នាំមកនេះ ខ្ញុំផលិតពូជស្រូវST៥ រហូតដល់ST២៤។ ក្នុងឆ្នាំ២០១៩ ខ្ញុំផលិតពូជ ស្រូវSTពណ៌ស្វាយចំនួន១០០កុង និងស្រូវក្រអូប១០កុងសម្រាប់ធ្វើជាចំណីចិញ្ចឹមជ្រូក។ ស្រូវSTពណ៌ស្វាយលក់ដោយតម្លៃ៦.២០០ដុង/គីឡូក្រាម ខ្ពស់ជាងស្រូវធម្មតា១.២០០ដុង/គីឡូក្រាម ក្រោយពីទូទាត់រួចស្រេចនៅចំណេញបានជាង៤លានដុង/កុង/រដូវ ហេតុនោះស្រូវរដូវនេះ ខ្ញុំរកបានប្រាក់ចំណេញជាង៤០០លានដុង” - លោកឡឹមផែន បានឱ្យដឹងដូច្នេះ។ ក្រៅពីប្រាក់ចំណូលពីការធ្វើស្រែ គ្រួសារគាត់នៅមានប្រាក់ចំណូលពីការភ្ជួររាស់ បូមទឹក និងចិញ្ចឹមជ្រូកបានជាង៥០០លានដុង/ឆ្នាំទៀតផង។
ចាកចេញពីគ្រួសារលោកឡឹមផែន យើងខ្ញុំធ្វើដំណើរទៅកាន់គ្រួសារលោកឡឹមអឿង ក៏ល្បីឈ្មោះជា “អ្នកមានST”ដែរ យើងខ្ញុំមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញផ្ទះឥដ្ឋ៤ខ្នងសមរម្យនៅជាប់គ្នា។ ពេលសាកសួរអំពីផ្ទះ លោកឡឹមអឿង ឱ្យដឹង៖ “ផ្ទះ២ខ្នងនេះរបស់ខ្ញុំ ហើយផ្ទះ២ខ្នងខាងនោះជារបស់កូនប្រុសខ្ញុំទាំងពីរនាក់។ ផ្ទះមួយខ្នងៗតម្លៃជាង៨០០លានដុង នោះគឺជាលទ្ធផលនៃការផលិតស្រូវក្រអូបST។ តាំងពីឆ្នាំ២០០០មក ខ្ញុំផលិតតែពូជស្រូវក្រអូបST៥ រហូតដល់ST២៤ លើដីស្រែជាង៨០កុង ហើយទិន្នផលសម្រេចបានជាង១តោន/កុង លក់ដោយតម្លៃពី៦.០០០ដល់៧.២០០ដុង/គីឡូក្រាម។ រកបានប្រាក់ចំណេញ មធ្យមភាគពី៣ដល់៤លានដុង/កុង/រដូវ”។ ផ្តើមពីប្រាក់ចំណេញនោះ លោកឡឹមអឿង បម្រុងរដូវដល់នឹងផលិតពូជស្រូវST២៥ ពីព្រោះពូជស្រូវនេះអង្ករបាយឆ្ងាញ់លេខមួយលើពិភពលោក សមស្របជាមួយនឹងតំបន់ដីនៅវៀងអាង។
ពេលនិយាយពីការផលិតពូជស្រូវក្រអូបST លោកឡឹមអឿង រៀបរាប់ពីបច្ចេកទេសផលិតដូចចាំមាត់ ផ្តើមពីផ្នែករៀបចំដី ត្រាំពូជ សាបព្រោះ និងបច្ចេកទេសបាចជីរហូតដល់របៀបកំណត់ ដឹងអាការៈជំងឺ និងថ្នាំបាញ់ស្រូវនៅលើទីផ្សារ។ ក្រៅពីនោះ លោកឡឹមអឿង នៅទាំងវិនិយោគរាប់សិបលានដុង ដើម្បីទិញសម្ភារៈកសិកម្មបម្រើការផលិតទៀតផង ដូចជា៖ ម៉ាស៊ីនបូមទឹក ត្រាក់ទ័រ ម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនទប់ភ្លឺស្រែ បំពង់បូមទឹក។ល។ លោកឡឹមអឿង ឱ្យដឹងបន្ថែម៖ “វិនិយោគសម្ភារៈកសិកម្មគ្រប់សព្វ គឺយើងធ្វើម្ចាស់ការលើផ្នែករៀបចំដី ធានាទឹកបញ្ចូលស្រែ គួបផ្សំបច្ចេកទេសបាចជី បាញ់ថ្នាំ នោះគឺការផលិតស្រូវមិនខុសជាដាច់ខាត។ ព្រោះហេតុនោះ ក្នុងអំឡុង២០ឆ្នាំមកនេះ ខ្ញុំធ្វើស្រែតែងសម្រេចទិន្នផលជាង១តោន/កុង”។
ស្ថិតក្នុងវ័យ៦៣ឆ្នាំ សម្លឹងមើលមកដំណាក់កាលដែលលំបាក នឿយហត់ដើម្បីធ្វើមាន លោកឡឹមអឿង ឱ្យដឹង៖ “ជំនាន់ខ្ញុំរស់នៅលំបាក នឿយហត់ណាស់ ទើបមានទ្រព្យសម្បត្តិដូចសព្វថ្ងៃ ម្ល៉ោះហើយពេលកូនៗទាំង៤នាក់រៀបការរួច ខ្ញុំចែកដីស្រែឱ្យម្នាក់ៗ១០កុង និងទ្រព្យសម្បត្តិមួយចំនួនទៀតដើម្បីធ្វើដើមទុន។ អាស្រ័យកូនទ្រាំលំបាកខ្នះខ្នែងពលកម្ម ព្រមជាមួយនឹងការខិតជិតនឹងបច្ចេកទេសឆាប់រហ័ស ហេតុនោះការផលិតស្រូវST តែងសម្រេចបានទិន្នផលខ្ពស់។ បច្ចុប្បន្ន កូនទាំង៤នាក់មានផ្ទះឥដ្ឋសមរម្យ ហើយម្នាក់ៗមានដីស្រែពី៤០ដល់៧០កុង។ នេះពិតជាក្តីរីករាយដ៏ធំរបស់ប្តីប្រពន្ធខ្ញុំ”។
មិនត្រឹមតែធ្វើមានចំពោះខ្លួនឯងប៉ុណ្ណោះទេ អ្នកដែលធ្វើមានពីពូជស្រូវST នៅទាំងរួមចំណែកកសាងយីហោអង្កររបស់ប្រទេសវៀតណាមឆ្លងទៅទ្វីបឯទៀតផង។ ពួកគាត់ក្លាយជាអ្នកមាន ផ្តើមពីរបរកសិកម្ម អាស្រ័យហ៊ានគិត ហ៊ានធ្វើ ហ៊ានផ្លាស់ប្តូរ ស័ក្តិសមជាគំរូក្នុងឧស្សាហូបនីយកម្មប្រទេសជាតិ៕
យ្វីអាញ់-វិមាន