ភូមិរបរធ្វើងៀតត្រីកន្ធរនៅថើយថាញ់ A ឃុំខាន់ប៊ិញតៃ ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មានប្រជាជនប្រកបរបរនេះជាង២០គ្រួសារ ភាគច្រើនជាជនជាតិខ្មែរ។ ទោះបីផលិតផលនេះមានឈ្មោះបោះសម្លេងលើទីផ្សារក៏ដោយ ប៉ុន្តែភូមិរបរធ្វើងៀតត្រីកន្ធរនេះ នៅប្រឈមនឹងការលំបាកច្រើនត្រូវការជំនួយកម្លាំង ដើម្បីអភិវឌ្ឍន៍។
ផលិតងៀតត្រីកន្ធរសាប នៅមូលដ្ឋានផលិតរបស់បងយ័ញឌឹក។
គ្រួសារបង យ័ញឌឹក ជាគ្រួសារវ័យក្មេង “រកស៊ីកាក់កប” ប៉ុន្មានឆ្នាំមកនេះ អាស្រ័យប្រកបរបរធ្វើងៀតត្រីកន្ធរ។ បងឌឹក ចែករំលែក៖ មុននេះ យើងនៅក្មេង កង្វះពិសោធន៍ គ្មានដើមទុន ទើបប្ដីប្រពន្ធខ្ញុំចោលរបរធ្វើងៀតត្រីកន្ធរ ប្ដូរទៅចិញ្ចឹមក្ដាម ធ្វើស្រែ មានមួយរយៈទៅធ្វើកម្មករនៅប៊ិញយឿង។ មុននេះ៨ឆ្នាំ អាស្រ័យមានប្រភពទុនបុលបាន៣០លានដុង ប្ដីប្រពន្ធខ្ញុំសម្រេចចិត្តវិលមកស្រុកប្រកបរបរប្រពៃណី។ “ យើងមានពិសោធន៍ បូកផ្សំនឹងការស្រាវជ្រាវរករបៀបធ្វើថ្មី ម្ល៉ោះហើយផលិតផលងៀតត្រីកន្ធរគ្រួសារខ្ញុំ លក់ដាច់ណាស់។ សន្សឹមៗ ប្ដីប្រពន្ធខ្ញុំសងស្រឡះបំណុល សង់បានផ្ទះ និងពង្រីកមុខរបររកស៊ី ”- បងឌឹក ចែករំលែកដូច្នេះ។
ក៏ដូចជាគ្រួសារបងឌឹកដែរ ជីវភាពគ្រួសារជនរួមជាតិខ្មែរប្រកបរបរធ្វើងៀតត្រីកន្ធរ នៅភូមិថើយថាញ់ A ក៏មានភាពរីកចម្រើន។ “ផ្ទះថ្មផុសឡើងប្រណាំងគ្នា។ ប៉ុន្មានឆ្នាំនេះ អ្នកខ្លះទៅធ្វើការនៅក្រុងហូជីមិញ ប៊ិញយឿង ក៏ត្រឡប់មកស្រុកកំណើតវិញ” -បងស្រីត្រឹងធ្វីលិញ នៅភូមិថើយថាញ់ A បានឱ្យដឹងដូច្នេះ។ តាមសម្ដីបងស្រីលិញ គ្រួសារណាដែលគ្មានលទ្ធភាពគឺទៅស៊ីឈ្នួលធ្វើត្រីហាលងៀត។ ចំណែកយុវជនដែលមានកម្លាំងមាំមួនទៅស៊ីឈ្នួល ដឹកជញ្ជូនងៀតដោយម៉ូតូឱ្យឈ្មួញនៅទីប្រជុំជន ត្រឹងវ៉ាន់ថើយឬនៅក្រុងកាម៉ាវ។ “ទៅតាមទំហំការងារ កម្មករម្នាក់ក្នុងមួយថ្ងៃអាចរកបានពី២៥០.០០០ដល់៥០០.០០០ដុង។ កម្រិតចំណូលដូច្នេះ គឺគ្មានអ្នកណាម្នាក់ចង់ទៅធ្វើការនៅស្រុកឆ្ងាយទេ”- បងស្រីលិញ ចែករំលែកដូច្នេះ។
ថ្វីដ្បិតដូច្នេះក៏ដោយ ជាងមួយឆ្នាំមកនេះ របរធ្វើងៀតត្រីកន្ធរនៅថើយថាញ់ A ប្រឈមការលំបាកច្រើន។ បងយ័ញឌឹក ឱ្យដឹង៖ តម្លៃត្រីកន្ធរ ស្រស់មិនថេរ ផលប៉ះពាល់នៃផ្ទៃដីចិញ្ចឹម ខ្វះប្រភពវត្ថុធាតុដើម។ ផលិតផលងៀតត្រីកន្ធរប្រៃប្រពៃណីមានការប្រកួតប្រជែងខ្លាំង ខ្វះច្រកចេញ។ ព្រមជាមួយនោះ ស្ថានភាពរាំងរឹះអូសបន្លាយ បាននិងកំពុងកើតមាន ព្រែកប្រឡាយក្នុងតំបន់រីងហួតហែង មិនអាចដឹកជញ្ជូនផលិតផលតាមផ្លូវទឹកកើត។ ដ្បិតផ្លូវគមនាគមន៍ក្នុងភូមិតូចចង្អៀត រថយន្តដឹកទំនិញ ចុះទៅមិនដល់ ម្ល៉ោះហើយមូលដ្ឋានផលិតត្រូវជួលម៉ូតូដឹកផលិតផល ធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង។ “មូលដ្ឋានខ្ញុំ បាននិងកំពុងស្រាវជ្រាវពីផលិតផល ងៀតត្រីកន្ធរសាប។ ខ្ញុំលក់លើទីផ្សារប៉ុន្មានលើក ហើយអតិថិជនចូលចិត្តណាស់។ ប៉ុន្តែ អត្រានៃការខាត់បង់នៅខ្ពស់មិនទាន់នាំមកប្រសិទ្ធភាពតាមការរំពឹងទុក។ ភូមិរបរងៀតត្រីកន្ធរនៅថើយថាញ់ A ត្រូវការជួយឧបត្ថម្ភរបស់រដ្ឋ ក្នុងការផ្ដល់បុលទុន ពង្រីកផ្លូវជនបទ ក៏ដូចជាហ្វឹកហ្វឺនពីសុវត្ថិភាពអនាម័យផលិតផល និងច្បាប់ដែលជាប់ពាក់ព័ន្ធ ដើម្បីអ្នកភូមិយល់ច្បាស់និងពង្រីករបរប្រពៃណីមានភាពឋិតថេរ” - បងយ័ញឌឹក បានឱ្យដឹងដូច្នេះ៕
ថាញ់ឡុង-ពេជ្រសឿន