នារីខ្មែរនៅឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង សកម្មចូលរួមគាំទ្រនិងពង្រីកប្រសិទ្ធភាពចលនា "ក្រុមនារីនិយាយថា"ទេ"និងការប្រើផលិតផលប្លាស្ទិចដែលប្រើប្រាស់បានតែមួយដង" ព្រួតដៃគ្នារួមចំណែកការពារបរិស្ថាន។
រូប៖ នារីខ្មែរទៅផ្សារមិនប្រើថង់ប្លាស្ទិច។
ឆ្នាំ២០១៩ ការចលនា "ក្រុមនារីនិយាយថា"ទេ"និងការប្រើផលិតផលប្លាស្ទិចដែលប្រើប្រាស់បានតែមួយដង" នៅឃុំថាញ់ក្វើយ ត្រូវបានផ្សព្វផ្សាយនិងទទួលបានការគាំទ្ររបស់បងប្អូននារី។ ច្រើនខែមកនេះ បងស្រីស៊ើងហុងញ៉ី នៅភូមិផ្ដៅពេន ឃុំថាញ់ក្វើយ គាត់ទៅផ្សាររាល់ពេលព្រឹកតែងយួរកន្ត្រកជ័រសម្រាប់ដាក់បន្លែបង្ការត្រីសាច់។ល។ បងស្រីស៊ើងហុងញ៉ី, ឱ្យដឹង៖ "ប្រើប្រាស់ថង់ប្លាស្ទិចពេលយកចោលវាមិនពុកផុយឬរលួយទេ ព្រមទាំងបង្កឱ្យកខ្វក់បរិស្ថាន និងរងផលប៉ះពាល់ដល់សុខភាពទៀតផង បើយកទៅដុតពេលដកដង្ហើមស្រូបខ្យល់ជាតិពុលប្លាស្ទិចនឹងបណ្តាលឱ្យកើតជំងឺតម្កាត់។ ក្រោយពីបានសមាគមនារីឃុំផ្សព្វផ្សាយ,ខ្ញុំបានយល់ច្បាស់ ម្ល៉ោះហើយក៏ត្រឡប់មកប្រើកន្ត្រកយួរវិញ"។ ចំណែកអ្នកមីងថាច់ធីបូ នៅភូមិង៉ន់ ឱ្យដឹង៖ "មុននេះ ទៅផ្សារទិញអីវ៉ាន់ម្តងៗខ្ញុំតែងប្រើកន្រ្តកយួរ តិចប្រើថង់បា្លស្ទិចណាស់ ប្រការនោះក្លាយជាទម្លាប់សម្រាប់ខ្ញុំ។ ឥឡូវ បានយល់ពីផលប៉ះពាល់នៃថង់បា្លស្ទិច ខ្ញុំកាន់តែកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិច ពេលទៅផ្សារមិនឱ្យអ្នកលក់ដាក់អីវ៉ែអីវ៉ាន់ក្នុងថង់ប្លាស្ទិចឡើយ។ ក្រៅពីនោះ ខ្ញុំបានចលនាមាមីងជិតខាង និងវែកញែកអំពីផលប៉ះពាល់នៃថង់ប្លាស្ទិច ម្ល៉ោះហើយមាមីងភាគច្រើនបានយល់ដឹង ហើយត្រឡប់មកប្រើកន្រ្តកយួរវិញ កាត់បន្ថយការប្រើថង់ប្លាស្ទិច ដើម្បីជៀសវាងការប៉ះពាល់សុខភាព"។
រូប៖ សហព័ន្ធនារីខេត្តឧបត្ថម្ភធុងសំរាមចំនួន២ និងកន្ត្រកជ័រ១ដល់សមាជិកនារីភូមិ។
បងស្រីស៊ើងធីអាយភឿង អនុប្រធានសហព័ន្ធនារីឃុំថាញ់ក្វើយ ឱ្យដឹង៖ "ចលនា "ក្រុមនារីនិយាយថាទេ ចំពោះផលិតផលប្លាស្ទិចដែលប្រើប្រាស់បានតែមួយដង" នៅឃុំថាញ់ក្វើយ បានបំផុសចលនាកាលពីខែកញ្ញា ដោយមានសមាជិកនារីខ្មែរចូលរួមជាង១០០នាក់។ សមាជិកម្នាក់ៗបានសហព័ន្ធនារីខេត្តឧបត្ថម្ភធុងសំរាមចំនួន២ និងកន្ត្រកយួរ១។ មធ្យមភាគក្នុងមួយថ្ងៃឱ្យតែកាត់បន្ថយការប្រើថង់ប្លាស្ទិចពី៣-៤ថង់ គឺក្នុងមួយឆ្នាំគ្រួសារនីមួយៗអាចកាត់បន្ថយការប្រើថង់ប្លាស្ទិចរាប់ពាន់ថង់ឯណោះ។ ឥឡូវ ការចលនាបានពង្រីកប្រសិទ្ធភាពហើយ បងប្អូននារីខ្មែរ មានស្មារតីភ្ញាក់រលឹកខ្ពស់ ចេះបែងប្រភេទសំណល់សំរាមនិងលក់សំណល់សំរាមប្លាស្ទិចបង្កើតមូលនិធិសម្រាប់ជួយគ្នាទៅវិញទៅមកនៅគ្រាជួបលំបាក។ ពេលខាងមុខ យើងខ្ញុំនឹងពង្រីកទម្រង់នេះនៅតាមភូមិទាំង១២របស់ឃុំ ដើម្បីរួមចំណែករក្សាបរិស្ថានបៃតង ជ្រះ ស្អាត និងរក្សាកិត្តិនាមឃុំជនបទថ្មីជានិរន្តរ៍"៕
យ្វីអាញ់-វិមាន