រៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃពេញបូណ៌មីខែកត្តិក ជនរួមជាតិខ្មែរណាមបូនិយាយរួម និងខេត្តសុកត្រាំងនិយាយដោយឡែក តែងរៀបចំប្រារព្ធធ្វើបុណ្យកឋិនទានជាហូរហែ។ ក្នុងរយៈពេល២៩ថ្ងៃនេះ វត្តនីមួយៗតែងកំណត់យកថ្ងៃណាមួយជាក់ស្តែង ដើម្បីប្រារព្ធធ្វើបុណ្យកឋិនហើយដង្ហែទៅវេរប្រគេនព្រះសង្ឃក្នុងវត្ត។ ពិធីបុណ្យមានទាយក ទាយិកា ពុទ្ធបរិស័ទរៀបចំដង្ហែ ឬរួមគ្នាដង្ហែហៅថា បុណ្យកឋិនសាមគ្គី។ បុណ្យកឋិន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានចែងក្នុងផ្លូវព្រះវិន័យ ហើយជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ (២៩ថ្ងៃ)។ បានអានិសង្សទាំងអ្នកធ្វើផង ទាំងអ្នកទទួល (បដិគ្គាហកៈ) ពោលគឺព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រៃមាស៣ខែក្នុងវត្ត។ ខាងក្រោមគឺជាទិដ្ឋភាពនៃពិធីដង្ហែកឋិនទាន ដែលអ្នកយកព័ត៌មានកាសែតកឹងធើ-ភាសាខ្មែរ ធ្វើការកត់សម្គាល់នៅវត្តបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង ដូចតទៅ៕
លីធាន-លីសៀ

ម្ចាស់ដើមទានប្រគេនត្រៃចីវរដល់ជំនុំសង្ឃ ដើម្បីក្រាលគ្រង។

ក្រោយប្រារព្ធពិធីក្នុងកេហដ្ឋានរួចសាមីដើមទាន ក៏រៀបចំដង្ហែអង្គកឋិនទៅកាន់វត្តដើម្បីវេរប្រគេនដល់ព្រះសង្ឃ។

មុនពេលប្រគេនត្រៃចីវរដល់ព្រះសង្ឃគណៈកម្មការបុណ្យរៀបចំដង្ហែទក្សិណជុំវិញព្រះវិហារ។

ពិធីដង្ហែអង្គកឋិនទានទៅកាន់វត្ត តែងមានក្រុមឆៃយុាំ និងភ្លេងពិណពាទ្យអមដង្ហែផងដែរ។

ពុទ្ធបរិស័ទម្ចាស់ដើមទានដង្ហែសំពត់ត្រៃចីវរទៅវេរប្រគេនដល់ព្រះសង្ឃ។

មាមីងពុទ្ធបរិស័ទរៀបចំដង្ហែអង្គកឋិនទាន មានផ្កាស្លាធម៌ ព្រមទាំងបច័្ចយ ប្រគេនដល់ព្រះសង្ឃនិងសម្រាប់វត្តដើម្បីទទួលបានផលានិសង្សទៅអនាគតជាតិ។