ក្រោយរយៈពេលជិត២ឆ្នាំ បន្ទាប់ពីបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី រដ្ឋអំណាចនិងប្រជាជនឃុំដិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ បន្តការផ្ដុំកម្លាំងកសាងឃុំដិញម៉ូង ក្លាយជាឃុំជនបទថ្មីតាមបែបគំរូនាឆ្នាំ២០២០។
ដងផ្លូវចុះទៅកាន់ឃុំជនបទថ្មីដិញម៉ូង។
តាមប្រសាសន៍របស់លោកង្វៀនវ៉ាន់ធឿ ប្រធានគណៈកម្មាធិការប្រជាជនឃុំដិញម៉ូង ឱ្យដឹង៖ ចាប់តាំងពីសម្រេចបទដ្ឋានជនបទថ្មី ជីវភាពប្រជាជនក្នុងភូមិសាស្រ្តកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ តាមទិសដៅសម័យថ្មីនិងមានភាពស្វាហាប់ជាង។ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលសុទ្ធសឹងសម្រេចបទដ្ឋាន ម្ល៉ោះហើយគម្លាតរវាងការទទួលផលរបស់មាមីងនៅតាមភូមិ បើប្រៀបជាមួយនឹងមជ្ឈមណ្ឌលឃុំ ទីប្រជុំជនគឺមិនខុសប្លែកគ្នាទេ។ តួយ៉ាងដូចនៅតាមភូមិ ក៏មានផ្គត់ផ្គង់សេវាទូរទស្សន៍ខ្សែកាបប្រព័ន្ធwifi ម្ល៉ោះហើយរាល់កម្មវិធីជំរុញកសិកម្មលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាកម្មវិធីកម្សាន្តឯទៀត មាមីងទទួលបានការទស្សនាកម្សាន្ត។ ហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន គ្រួសារណាក៏មានកង់ម៉ូតូ។ មានគ្រួសារខ្លះថែមទាំងមានទូត្រជាក់ ម៉ាស៊ីនត្រជាក់ជាដើម។ លោកដាវណាម នៅភូមិដិញខាញ់ B ឱ្យដឹង៖ “បើប្រៀបនឹងពីមុននេះ ជីវភាពមាមីងខ្មែរក្នុងភូមិមានភាពរីកចម្រើនខ្លាំងណាស់។ គ្រួសារណាក៏ខិតខំធ្វើការរកទទួលទាន ដើម្បីមានប្រាក់ទិញរបស់របរសម្រាប់ប្រើប្រាស់ដូចគេដូចឯង។ ជាពិសេស ចាប់តាំងពីផ្លូវងាយស្រួលធ្វើដំណើរ ឃើញថាក្មេងតូចៗមិនខ្ជិលទៅរៀនដូចមុនទៀត”។ មិនចំពោះតែសិស្សានុសិស្សប៉ុណ្ណោះទេ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានភាពសុក្រឹត បានបង្កលក្ខណសម្បត្តិពលករជាច្រើនៅជនបទ មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ បងស្រីដាវធីហ៊ុង នៅភូមិដិញហ្វា ឱ្យដឹង៖ “កាលពីមុន ខ្ញុំរស់នៅនិងបំពេញការងារនៅសង្កាត់ចូវវ៉ាន់លីម មានគ្រួសារមករស់នៅភូមិដិញហ្វា ខ្ញុំស្ទើរតែសុំឈប់ធ្វើការ ដ្បិតអីផ្លូវពិបាកធ្វើដំណើរទៅមក។ អាស្រ័យបានមាមីងក្នុងភូមិប្រាប់ខ្ញុំឱ្យខំស៊ូទ្រាំមួយរយៈ ពីព្រោះផ្លូវថ្នល់បម្រុងនឹងកសាង ទើបខ្ញុំបន្តទៅបំពេញការងារ។ ឥឡូវនេះការងារបានលំនឹង ផ្លូវថ្នល់ស្រឡះស្រឡំ ពេលព្រឹកខ្ញុំទៅធ្វើការល្ងាចវិលមកផ្ទះ មានភាពងាយស្រួលមែនទែន”។
លោកង្វៀនវ៉ាន់ធឿ គិតប៉ាន់ស្មាន ឆ្នាំ២០១៧ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ក្នុងឃុំគឺ៣៨លានដុង/ឆ្នាំ ឆ្លងដល់ឆ្នាំ២០១៨ ប្រាក់ចំណូលមធ្យមភាគកើនឡើងបន្ថែម៤លានដុង។ ឃុំកំពុងប្រមូលប្រភពកម្លាំងដើម្បីដល់ចុងឆ្នាំ២០១៩ ធ្វើយ៉ាងណាប្រាក់ចំណូលរបស់ប្រជាជន កើនឡើងបន្ថែមប្រមាណ៤លានដុង/ម្នាក់/ឆ្នាំ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រេចបទដ្ឋានជនបទថ្មីតាមបែបគំរូឆ្នាំ២០២០។ ដើម្បីធ្វើបានប្រការនោះ ឃុំកំពុងផ្ដុំកម្លាំងលើកកម្ពស់ប្រសិទ្ធភាព ទម្រង់កសិកម្ម អភិវឌ្ឍព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនៃបណ្តាសហករណ៍ទាំងឡាយ បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមឱ្យបានសមស្រប…។ ចំណែកនៅតំបន់ដីទួលខ្ពស់ ផលិតស្រូវមិនសូវបានផល ឬដីចម្ការចម្រុះ ឃុំបានចលនាប្រជាជនផ្លាស់ប្តូរមកដាំប្រភេទឈើហូបផ្លែ ដូច៖ មៀន IDO ត្របែក ឈូក…។ ចំណែកដីដែលសមស្របនឹងការផលិតស្រូវ ឃុំចលនាប្រជាជនរៀបចំវាលស្រែ ផលិតស្រូវគុណភាពខ្ពស់៕
ហាថាញ់ - ថាច់ធី