អូរឡឹមជាឃុំមួយជួបការលំបាក ហើយមានជនជាតិភាគតិចរស់នៅកុះកររបស់ស្រុកទ្រីតូង ខេត្តអានយ៉ាង។ ទូទាំងឃុំមានប្រជាជនរស់នៅប្រមាណ៣.០២៣គ្រួសារ ក្នុងនោះគ្រួសារជនជាតិខ្មែរស្រូបអត្រា៩៧,៤%។ ប្រជាជនជាង៨៥% រស់នៅប្រកបរបរដាំដុះ និងចិញ្ចឹមសត្វ ហេតុនោះ ឃុំបានកំណត់ការជម្រុញខ្លាំងក្លាចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែជាគន្លឹះដ៏សំខាន់ ដើម្បីលើកកម្ពស់ជីវភាពជូនប្រជាជន។
លោកចៅរៀននៅភូមិភឿក-ថ ជាកសិករគំរូក្នុងចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែនៅឃុំអូរឡឹម។
លោកប៊ូយស្វឹងដៀង នៅភូមិភឿកឡុក មានផ្ទៃដី១១ហិកតា ដាំស្វាយនិងក្រូចឃ្វិច។ ពីមុនការដាំដុះរបស់លោក គ្មានប្រសិទ្ធភាព “ ក្រោយពីបរាជ័យជាច្រើនឆ្នាំ ខ្ញុំបានសម្រេចចិត្តចូលរួមរាល់ពិធីសិក្ខាសាលា ឬថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស អាស្រ័យសមាគមកសិករឃុំចាត់តាំង។ ចំណេះដឹងដែលរៀនបាន ខ្ញុំយកមកអនុវត្តជាក់ស្តែង ក៏នាំមកនូវប្រសិទ្ធភាពខ្ពស់ជាងមុន។ បច្ចុប្បន្ន ប្រាក់ចំណូលរបស់គ្រួសារខ្ញុំប្រមាណ៧៦០លានដុង/ឆ្នាំ។ ក្រោយពីទូរទាត់ប្រាក់ចំណាយរួច ខ្ញុំនៅចំណេញជាង២០០លានដុង” លោកប៊ូយស្វឹងដៀងបានឲ្យដឹងដូច្នះ។ ជាមួយនឹងផ្ទៃដីផលិតជាង២,២ហិកតា ផលិតស្រូវ៣រដូវ ចិញ្ចឹមគោ និងធ្វើសេវាម៉ាស៊ីនភ្ជួរនៅភូមិភាគ លោកចៅរៀន ក៏រកបានប្រាក់ចំណេញជាង២០០លានដុង/ឆ្នាំ។ លោកចៅរៀនបានឲ្យដឹង៖ “ យើងគប្បីអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត ពិសេសគឺត្រូវឧស្សាហ៍ ស៊ូទ្រាំហត់នឿយ សិក្សាស្រាវជ្រាវ។ល។ ទើបកសិករអាចលើកកម្ពស់បានប្រសិទ្ធភាពក្នុងការផលិត”។
លទ្ធផលនៃការពិនិត្យជម្រើសតាំងពីឆ្នាំ២០១៦-២០១៨ ទូទាំងឃុំមានកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៤០នាក់ ថ្នាក់ស្រុក១២២នាក់ ថ្នាក់ឃុំ៣៦៣នាក់។ ក្នុងចំនួននេះ មានកសិករខ្មែរជាង៩០%។ លោកតីវដិញហីវញឹងហូវ ប្រធានសមាគមកសិករឃុំអូរឡឹម ឲ្យដឹង៖ ចលនាកសិករផលិត និងធ្វើអាជីវកម្មពូកែត្រូវបានចាត់ទុកដូចជាវេទិការមួយដ៏ធំ ដើម្បីមានលក្ខណសម្បត្តិរៀនសូត្រ ដោះដូរបទពិសោធន៍ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងការផលិត លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ កសាងនិងអភិវឌ្ឍជនបទថ្មី។ ព្រោះហេតុនោះ ចលនាត្រូវបានផ្សព្វផ្សាយចុះដល់សាខាក្រុមសមាគម និងបានសមាជិកសមាគម និងកសិករគាំទ្រយ៉ាងពេញទំហឹង។ កន្លងពីមួយឆ្នាំទៅមួយឆ្នាំ ចលនាមានការកើនឡើងទាំងបរិមាណនិងគុណភាពកាន់តែបញ្ជាក់ពីប្រសិទ្ធភាព និងភាពទាក់ទាញចំពោះកសិករ។
ផ្តើមពីចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែ មានកសិករជាច្រើនមិនត្រឹមតែឈានឡើងធ្វើមាន ដោយរកបានប្រាក់ចំណូលពី១៨៦លានដុងដល់១ពាន់លានដុង/ឆ្នាំ នៅទាំងបង្កើតបានការងារធ្វើជាប្រចាំជូនពលករជនបទរាប់រយនាក់ទៀតផង។ តួយ៉ាងដូចជាលោកចៅសុខរេត និងលោកចៅសឿន នៅភូមិភឿកឡើយ លោកចៅចួក នៅភូមិភឿក-ថ លោកចៅហឿន នៅភូមិភឿកឡុង។ល។ លោកតីវដិញហីវញឹងហូវ មានប្រសាសន៍៖ កសិករផលិតនិងធ្វើអាជីវកម្មពូកែ គឺជាកសិករដែលស៊ូទ្រាំនឿយហត់ ឧស្សាហ៍សិក្សាស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត។ ក្តោបក្តាប់បានព័ត៌មានទីផ្សារ មានភាពស្វាហាប់ ចេះច្នៃប្រតិដ្ឋក្នុងការផលិត និងជ្រើសរើសពូជដំណាំ សត្វចិញ្ចឹមសមស្របនឹងលក្ខណៈនៃតំបន់ រួមចំណែកជម្រុញខឿនផលិតកម្មមុខទំនិញរបស់ឃុំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើននិងប្រកបដោយចីរភាព៕
ថាញ់ឡុង-សុផន