ដោយសារមានចរិតឧស្សាហ៍ព្យាយាម និងសកម្មរៀនសូត្រ អនុវត្តវិទ្យាសាស្រ្តបប្ចេកទេសក្នុងការផលិត បានជាបងចៅរៀន (កើតឆ្នាំ ១៩៨៤) នៅភូមិភឿក-ថ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអានយ៉ាង មានជីវភាពឈានឡើងធូរធារ។ គាត់មិនត្រឹមតែជាកសិករផលិតនិងធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេ នៅទាំងជាគំរូល្អក្នុងការចលនារៀនសូត្រដោយខ្លួនឯង លើកកម្ពស់កម្រិតវិជ្ជាផ្ទាល់ខ្លូនទៀតផង។
បងចៅរៀន កសិករធ្វើសេដ្ឋកិច្ចពូកែ។
ចៅរៀន កើតក្នុងគ្រួសារកសិករក្រីក្រ។ ម្តាយស្លាប់ចោលតាំងពីតូច ម្ល៉ោះហើយពេលរៀនចប់អនុវិទ្យាល័យភ្លាម បងក៏ផ្អាកការសិក្សាដើម្បីជួយធ្វើការឪពុក រកប្រាក់ចិញ្ចឹមប្អូន២នាក់ដែល”ស្ថិតក្នុងវ័យវឌ្ឍនាការ”។ លុះអាយុគម្រប់២០ឆ្នាំ បងរៀបការរួចទៅរស់នៅខាងប្រពន្ធ ហើយឪពុកម្តាយក្មេកចែកដីស្រែឲ្យបាន៧កុង។ រៀងរាល់ថ្ងៃ បងតែងទៅធ្វើស្រែចម្ការ ចំណែកប្រពន្ធនៅផ្ទះលក់ដូរ ម្ល៉ោះហើយជីវភាពក៏បានលំនឹងបង្គួរ។ លុះដល់ឆ្នាំ២០០៥ ប្តីប្រពន្ធបងបានសង់ផ្ទះចេញនៅដោយឡែក។
បងចៅរៀន រៀបរាប់៖ កាលនោះ នៅភូមិភឿក-ថ ការផលិតកសិកម្ម គឺ “ភ្ជួររាស់ដោយប្រើគោក្របី”។ ដោយសង្កេតឃើញអាចប្រើយន្តូបនីយកម្មផ្នែករៀបចំដី ម្ល៉ោះហើយបងប្រមែប្រមូលប្រាក់ដែលសន្សែសន្សំនិងខ្ចីបងប្អូនបានមួយចំនួន ដើម្បីទិញម៉ាស៊ីនត្រាក់ទ័រ។ “ដំណាក់កាល នោះ តម្លៃម៉ាស៊ីនត្រាក់ទ័រឡើងដល់៩០លានដុង ប៉ុន្តែត្រូវតែពុះពារទិញឲ្យទាល់តែបាន។ល។ នៅទីនេះអ្នកណាក៏ក្រខ្សត់ ម្ល៉ោះហើយខ្ញុំភ្ជួរដីជូនមាមីងជាមុន លុះដល់ពេលប្រមូលផលស្រូវទើបយកថ្លៃឈ្នួលភ្ជួររាល់ជាខាងក្រោយ។ល។ បើគ្រួសារណាធ្វើស្រែខាត ខ្ញុំមិនយកថ្លៃឈ្នួលទេ ចាត់ទុកថាជួយមាមីងឲ្យមានដើមទុនផលិតឡើងវិញ” -បងចៅរៀន ឲ្យដឹងដូច្នេះ។
ជាមួយនឹងរបៀបធ្វើខាងលើ កសិករក្នុងភូមិនិងឃុំអូរឡឹមទាំងមូល តែងតែស្រឡាញ់រាប់អាន និងគាំទ្របង។ អាស្រ័យហេតុនោះ សេវាកម្ម រៀបចំដីរបស់បងពីមួយថ្ងៃទៅមួយកាន់តែរីកចម្រើន។ មកទល់ពេលនេះ គ្រួសារបងមានម៉ាស៊ីនត្រាក់ទ័រ៣គ្រឿង រកបានប្រាក់ចំណូលជាង២០០លានដុងរៀងរាល់ឆ្នាំ។ ដើមទុនដែលសន្សែសន្សំបាន បងយកទៅទិញដីបន្ថែម។ ផ្តើមពីដីស្រែ៧កុង ឥឡូវគ្រួសារបងមានដីស្រែ៣ហិកតា ធ្វើស្រែពី២-៣រដូវក្នុងមួយឆ្នាំ និងរកបានប្រាក់ចំណេញប្រមាណ១០០លានដុង/ឆ្នាំ។
បងចៅរៀន ឲ្យដឹង៖ “ពីមុន ខ្ញុំធ្វើស្រែឬក៏ដាំដំណាំរួមផ្សំមិនសូវបានផល។ ព្រោះហេតុនោះ ខ្ញុំតែងខ្នះខ្នែងចូលរួមសិក្ខាសាលា ហ្វឹកហ្វឺនខាងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស អាស្រ័យសមាគមកសិកររៀបចំឡើង និងមោះមុតអនុវត្តទៅក្នុងការផលិត”។ មិនត្រឹមតែដូច្នោះ បើតាមប្រសាសន៍លោកទីវឌិញហីវញ៉ឹងហូវ ប្រធានសមាគមកសិករឃុំអូរឡឹម ឲ្យដឹង៖ “ឲ្យតែមានទម្រង់ពិសោធន៍ ឬទម្រង់បង្ហាញថ្មីៗ ចៅរៀនតែងតែស្ម័គ្រចិត្តអនុវត្តមុនគេ។ តួយ៉ាងដូច៖ ទម្រង់ដាំពោតយកស្នៀត ទម្រង់ដាំសណ្ដែកដី និងដាំស្វាយជាដើម។ ដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំងនៅឃុំអូរឡឹម គឺអាស្រ័យបងចៅរៀន ធ្វើមុនមានប្រសិទ្ធភាព មាមីងឃើញដូច្នោះក៏នាំគ្នាធ្វើតាម!”។
ពេលគ្រួសារមាន “របស់ទ្រព្យសេសសល់” បងចៅរៀន ផ្ដើមបន្តអនុវត្តនូវក្តីប្រាថ្នាដែលមិនទាន់បានសម្រេចរបស់ខ្លួន ។ “កូនស្រីច្បងរបស់ខ្ញុំកំពុងរៀនថ្នាក់ទី៩ ចំណែកកូនពៅកំពុងរៀនសាលាមតេ្តយ្យ។ ខ្ញុំចលនានិងរួមជាមួយនឹងបងប្អូននៅក្នុងភូមិមួយចំនួនទៅរៀនបំពេញវិជ្ជាយ៉ាងហោចណាស់ក៏ត្រូវរៀនឲ្យចប់កម្រិតវិទ្យាល័យ សមដូចបំណងប្រាថ្នារបស់ខ្ញុំកាលពីមុន។ យើងទៅរៀន ក៏ជាវិធីមួយដើម្បីកូនៗយកតម្រាប់តាម ដើម្បីអនាគតមានជីវភាពកាន់តែល្អប្រសើរ” - បងចៅរៀន ឲ្យដឹងដូច្នេះ៕
ថាញ់ឡុង-វិមាន