វត្តលក្ខណវង្ស (ឈូងធំ) ឃុំឡាយហ្វា ក្រុងវិញចូវ ខេត្តសុកត្រាំង មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើបុណ្យសុន្ទរ៍ទានប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទទួលចិញ្ចឹមនិងគិតគូរដល់សិស្សសាលាដែលមានស្ថានភាពគ្រួសារក្រីក្រ គ្មានទីពឹងដើម្បីប្អូនៗបានរៀនសូត្រជាបន្ត។
ព្រះតេជព្រះគុណត្រឹងហ្វៀងកំពុងណែនាំរបៀបរៀនដល់ប្អូនៗ។
ព្រះតេជព្រះគុណ ត្រឹងហ្វៀង ព្រះចៅអធិការរងវត្តឈូងធំ ទទួលចិញ្ចឹមនិងគិតគូរដល់ប្អូនៗនៅទីនេះ មានព្រះថេរដីកា៖ “ផលិតកម្មរបស់មាមីងនៅទីនេះ ភាគច្រើនមិនសូវបានផល ជីវភាពខ្វះមុខខ្វះក្រោយមិនអាចគិតគូរឲ្យកូនចៅរៀនសូត្របានត្រឹមត្រូវ។ អាណិតអាសូរចំពោះស្ថានភាពដូច្នេះ អាត្មាភាពបានស្នើព្រះចៅអធិការដើម្បីទទួលប្អូនៗមកចិញ្ចឹមនិងគិតគូរឲ្យរៀនសូត្រជាបន្ត។ នេះជាឆ្នាំទីពីរ វត្តទទួលប្អូនៗមកស្នាក់នៅដំបូងចំនួនប្អូនៗ មកស្នាក់នៅតិចទេ ប៉ុន្តែក្រោយមក ពុទ្ធបរិស័ទតែងយកកូនមកផ្ញើកាន់តែច្រើនឡើងៗ”។ ដោយបានដឹងថា មាមីងនៅទីនេះតែងទៅពលកម្មឆ្ងាយមានពេលខ្លះ យកកូនមកផ្ញើក្នុងវត្តឡើងដល់ជាង៣០នាក់ឯណោះ។ ស្ថានភាពគ្រួសារមិនដូចគ្នា ប៉ុន្តែប្អូនៗមានចំណុចរួមតែមួយគឺក្រលំបាក ម្តាយឪពុកទៅធ្វើការរកស៊ីឆ្ងាយហើយមានករណីជាច្រើនម្តាយឪពុកលែងលះគ្នា ម៉្លោះហើយ ប្អូនៗគ្មានកន្លែងទីពឹង។ប្អូនយ័ញកូទី រៀនថ្នាក់ទី៨ សាលាអនុវិទ្យាល័យ-វិទ្យាល័យឡាយហ្វា ក្រុងវិញចូវ ឲ្យដឹង៖ “ម្ដាយឪពុកប្អូនទៅធ្វើការឈ្នួលនៅខេត្តប៊ិញយឿង ផ្ទះគ្មានអ្នកណាម្ល៉ោះហើយប្អូនចូលវត្តស្នាក់នៅដើម្បីបានទៅរៀនជាបន្ត ប្អូនចង់បានម្តាយឪពុកត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ”។ ចំណែកស្ថានភាពគ្រួសារប្អូនតាំងត្រាយ រៀនថ្នាក់ទី៩សាលាអនុវិទ្យាល័យ-វិទ្យាល័យឡាយហ្វា ក្រុងវិញចូវ ឲ្យដឹង៖ “ប្អូនរស់នៅជាមួយនឹងលោកយាយតាំងពីតូច ឥឡូវគាត់ចាស់ជរា រស់នៅអាស្រ័យជាមួយនឹងពូមីង ម្ល៉ោះហើយប្អូនសូមស្នាក់នៅក្នុងវត្ត។ នៅទីនេះ ប្អូនមានក្តីសប្បាយរីករាយ ពីព្រោះបានព្រះសង្ឃជួយគិតគូរបង្ហាត់បង្រៀនគ្រប់សព្វបែបយ៉ាង រៀងរាល់ថ្ងៃព្រះសង្ឃថែមទាំងឲ្យប្រាក់កាសដល់ប្អូនៗទៅរៀនទៀតផង។ ក្រៅពីនោះ មិត្តភក្ដិនៅទីនេះ ចាត់ទុកដូចជាបងប្អូនបង្កើតអ៊ីចឹង។ ប្អូនតែងខិតខំរៀនសូត្រឲ្យបានជោគជ័យ រួចនឹងមកទីនេះ ឧបត្ថម្ភវត្តអារាមជាបន្ត ជួយប្អូនៗដែលមានស្ថានភាពអភ័ព្វដូចប្អូន”។
ផ្តើមពីទឹកចិត្តដ៏ឧត្តុងឧត្តម ព្រះសង្ឃនៅទីនេះ បានបំពេញនូវកិច្ចការមួយគួរឲ្យគោរព។ “ប្អូនណាដែលមិនស្នាក់នៅក្នុងឃុំ ត្រូវតែប្តូរសាលារៀន អាត្មាភាពក៏ទៅធ្វើបែបបទជាបន្ទាន់។ មានប្អូនៗខ្លះគ្មានទាំងលិខិត កំណើតទៀតផង ហេតុនោះ អាត្មាភាពក៏ទៅធ្វើសំណុំលិខិតឲ្យបានគ្រប់សព្វ។ ប្អូនៗ មកស្នាក់នៅក្នុងវត្តមានអាយុធំតូចមិនដូចគ្នា អាយុតិចបំផុត១១ឆ្នាំ អាយុច្រើនបំផុត១៨ឆ្នាំ; ប្អូនខ្លះរៀនពូកែ រហ័សរហួន ប៉ុន្តែមានប្អូនខ្លះរៀនខ្សោយកម្រយល់។ ព្រោះហេតុនោះ ព្រះសង្ឃត្រូវតែយកចិត្តទុកដាក់រាល់ប្អូន រួចរកវិធីសាស្រ្តបង្ហាត់បង្រៀន ពេលសង្កេតឃើញប្អូនណាមានការធ្វេសប្រហែសក្នុងការរៀនសូត្រ គឺក្រើនរំឭកភ្លាម”-ព្រះតេជព្រះគុណត្រឹងហ្វៀង មានថេរដីកាដូច្នេះ៕
ត្រឿងផល-វិមាន