ឃុំហ៊ីវតឺ ស្រុកទីវកឹង ខេត្តត្រាវិញ កំពុងសកម្មអនុវត្តវិធានការ ដើម្បីម្ចាស់ការបង្ការទប់ស្កាត់រោគរាលដាលលើដំណាំស្រូវនិងសត្វចិញ្ចឹម។
ប្រធានភូមិអូរត្រាវ(ឈរកណ្តាល) កំពុងណែនាំពីរបៀបចិញ្ចឹមគោជាមួយនឹងគ្រួសារ
លោកថាច់ចន្ទ។
បច្ចុប្បន្ន កសិករឃុំហ៊ីវតឺ កំពុងចិញ្ចឹមបសុសត្វនិងបសុបក្សី៤៤.៥១៥ក្បាល។ ក្នុងនោះមានគោ៣.១៦៥ក្បាលជ្រូក៥.៨៥០ក្បាល មាន់ទាជាង៣៥.០០០ក្បាល។ ផ្នែកកសិកម្មឃុំបានរៀបចំចាក់វ៉ាក់សាំងបង្ការរោគឲ្យជ្រូក គោជាង៣.៥០០ក្បាល មាន់ទា៥.២០០ក្បាល ព្រមទាំងណែនាំមាមីងពីរបៀបបង្ការរោគអនាម័យបរិស្ថានជ្រះស្អាត សុវត្ថិភាព ធ្វើតាមបរិច្ឆេទចាក់វ៉ាក់សាំងគ្រប់កំណត់។ ការបង្ការទប់ស្កាត់ដង្កូវក្រាលើដំណាំស្រូវរដូវសម្រកឆ្នាំ២០១៧ ផ្នែកកសិកម្មឃុំបានជូនដំណឹងដល់កសិករអំពីបរិច្ឆេទសាបព្រោះ របៀបជ្រើសពូជសំដៅបង្ការបញ្ចៀសជំងឺដង្កូវក្រានិងរលំ។ តាមផ្នែកកសិកម្មឃុំហ៊ីវតឺ ក្នុង២លើកសាបព្រោះស្រូវរដូវសម្រកឆ្នាំ២០១៧ កសិករឃុំហ៊ីវតឺ បានសាបព្រោះលើផ្ទៃដី១.៨៦៥ហិកតា សម្រេច១០០%នៃផែនការ។ រដូវនេះ កសិករភាគច្រើនប្រើពូជ៤៩០០ ក្នុងនោះពូជដែលបានឆ្លងកាត់ការពិសោធន៍គុណភាពខ្ពស់សម្រេច៨១,៦៦%។ សព្វថ្ងៃអាកាសធាតុប្រែប្រួលស្មុគស្មាញ ភ្លៀងក្តៅមិនទៀងទាត់ បង្កលក្ខណៈឲ្យដង្កូវក្រាបំផ្លាញស្រូវ។ ព្រោះហេតុនោះ ចាប់តាំងពីដើមរដូវ ឃុំសំណូមពរកសិករគប្បីទៅរវាំងស្រែជាប្រចាំ ដើម្បីបង្ការកម្ចាត់ជំងឺដង្កូវក្រាបានទាន់ពេល។ បច្ចុប្បន្នដំណាំស្រូវលើភូមិសាស្រ្តឃុំកំពុងមានការលូតលាស់ល្អ ស្ថានភាពជំងឺ ដង្កូវក្រាបំផ្លាញស្រូវក្នុងដំណាក់ការនេះគ្មានអ្វីគួរឲ្យកត់សម្គាល់។
បងគីមតឺ នៅភូមិអូរត្រាវ ឃុំហ៊ីវតឺ ឲ្យដឹង៖ “ខ្ញុំធ្វើស្រែ៥០កុង ចិញ្ចឹមគោ៥ក្បាល ក្របី១ក្បាលនិងមាន់ ទាម្ភៃសាមសិបក្បាល។ ក្នុងការដាំដុះក៏ដូចជាចិញ្ចឹមសត្វ ខ្ញុំតែងអនុវត្តតាមបចេ្ចកទេាសចាក់វ៉ាក់សាំងបង្ការគ្រប់តាមកំណត់និងអនុវត្តវិធានការចិញ្ចឹមតាមបែបជីវសុវត្ថិភាព”។ បងថាច់ចន្ទ នៅភូមិអូរត្រាវឲ្យដឹងបន្ថែម៖ “គ្រួសារខ្ញុំធ្វើស្រែ១៦កុង ចិញ្ចឹមគោ៨ក្បាលនិងទាពងប្រមាណ៣០០ក្បាល។ ខ្ញុំធ្វើតាមបែបបទចិញ្ចឹមសត្វ ដាំដុះតាមការណែនាំពីផ្នែកជំនាញកសិកម្មដែលបានផ្តល់អនុសាសន៍ ដើម្បីបញ្ចៀសហានិភ័យ”។
លោកង្វៀនថាញ់ហៀង បុគ្គលិកផ្នែកកសិកម្មឃុំហ៊ីវតឺ ឲ្យដឹង៖ “ឃុំម្ចាស់ការបង្ការទប់ស្កាត់រោគរាលដាលលើសត្វចិញ្ចឹមនិងដំណាំស្រូវ កាត់បន្ថយទាបបំផុតនូវការខូចខាតខាងសេដ្ឋកិច្ចក៏ដូចជាការពារសុខភាពជូនសហគមន៍បង្កើនប្រាក់ចំណូលជូនមាមីង”៕
សេីុងម៉ាល័យ-មុនី