មកកាន់ភូមិលេខ៧ ឃុំតឹងឡុក ខេត្តកាម៉ាវ សួររកពូលីហ្វិញខឿង អ្នកណាក៏ស្គាល់និងគោរពរាប់អានគាត់ដែរ។ ពីព្រោះគាត់ជាកសិករ ដឹងពីរបៀបធ្វើមានពីដំណាំស្រូវផង និងជោគជ័យក្នុងការចិញ្ចឹមកូនរៀនសូត្រ ខ្នះខ្នែងរួមចំណែកក្នុងការកសាងតំបន់ជនបទផង។

ពូលីហ្វិញខឿង កាត់ផ្កាមុខផ្ទះ។
តាមសម្ដីពូខឿង ប្ដីប្រពន្ធគាត់ចេញរស់នៅដោយឡែក ឪពុកម្ដាយទាំងសងខាងចែកដីស្រែឱ្យបានបន្តិចបន្តួច ម្ល៉ោះហើយក្រៅពីធ្វើស្រែ ប្តីប្រពន្ធគាត់ចិញ្ចឹមសត្វដើម្បីរកប្រាក់ចំណូលបន្ថែម។ រស់នៅក្នុងជីវភាពខ្វះខាត ហេតុនោះប្តីប្រពន្ធគាត់ប្រិតសំចៃក្នុងការចាយវាយ សន្សំសំចៃបន្តិចម្តងៗដើម្បីទិញដីស្រែ។ លក់ស្រូវពីមួយឆ្នាំទៅមួយឆ្នាំ សន្សំទិញដីបង្កបង្កើនផលរហូតមកដល់ពេលនេះ ពូខឿងមានដីស្រែ ១៤កុង។
ជីវភាពខួបប្រាំងវស្សាផ្សារភ្ជាប់នឹងស្រែចម្ការ ម្ល៉ោះហើយ ក្រៅផលិតពូជស្រូវថ្មី ពូខឿងតែង ចូលរួមសិក្ខាសាលារៀនសូត្របច្ចេកទេសថ្មីក្នុងការផលិតស្រូវគុណភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ។ ដូច្នេះ នៅពេលមានពូជស្រូវថ្មី ពូតែងធ្វើនិងអនុវត្តបច្ចេកទេសក្នុងការបង្កបង្កើនផល ដើម្បីសម្រេចទិន្នផល ចំណេញបានច្រើន។

ពូលីហ្វិញខឿង ក្បែរវាលស្រែ។
ពូខឿង ឱ្យដឹង៖ “ឆ្នាំ២០២៤ ខ្ញុំធ្វើស្រូវដាយធើម ៨ សម្រេចទិន្នផល៨តោន/ហិកតា។ នេះជាប្រភេទពូជស្រូវក្រអូបស្រាល អង្ករបាយទន់ ឈ្មួញចូលចិត្ត លក់បានថ្លៃនិងចំណេញបានច្រើន។ សព្វថ្ងៃ រដូវស្រូវឆ្នាំនេះខ្ញុំក៏ធ្វើពូជស្រូវដាយធើម ៨ ជិតប្រមូលផល ស្រូវលូតលាស់ល្អ គ្មានជំងឺ រលួយដើមដូចស្រែផ្សេងទេ។ ឃើញទម្រង់ស្រូវ ខ្ញុំធានាថាទិន្នផលនឹងសម្រេចជាង៨តោន/ហិកតាជាមិនខាន”។
បើតាមពូខឿង ក្នុងការផលិតស្រូវ ការសាបព្រោះប្រមាណ១០គីឡូក្រាមក្នុងមួយកុង មើលថែរឿយៗនិងអនុវត្តគ្រប់គ្រងជំងឺរាតត្បាតផ្សេងៗ (IPM) ប្រើប្រាស់ថ្នាំតាមលក្ខខណ្ឌ៤ត្រូវ (ត្រូវ ថ្នាំ ត្រូវតាមកំណត់និងអង្សា ត្រូវតាមពេលនិងត្រូវតាមវិធានការ)។ ការប្រើប្រាស់ថ្នាំត្រូវប្តូរផ្លាស់នូវសមាសធាតុផ្សេងគ្នា ដើម្បីកាត់បន្ថយស្ថានភាពស៊ាំថ្នាំ។ អាទិភាពប្រើប្រាស់នូវប្រភេទថ្នាំការពារ រុក្ខជាតិដែលមានប្រភពជីវសាស្ត្រ; បាចជីសមស្រប បែងទៅតាមតម្រូវការរបស់ស្រូវនិងតាមរដូវ។
មានបទពិសោធន៍ច្រើនក្នុងការផលិតស្រូវ ទើបរដូវស្រូវបន្តបន្ទាប់បានផលច្រើន ជីវភាពរបស់គ្រួសារពូខឿង ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ពូខឿង ឱ្យដឹង៖ “ការបាចជី បាញ់ថ្នាំ ព្រោះស្រូវទាំងអស់៘ ខ្ញុំធ្វើដោយផ្ទាល់ គ្មានជួលអ្នកណាទេ ម្ល៉ោះហើយ មិនសូវខាតប្រាក់ចំណាយ។ ហេតុនោះ ទើបខ្ញុំមានសេសសល់ មុននេះរយៈពេល ៦ ឆ្នាំក៏សង់បានផ្ទះឥដ្ឋរឹងមាំ គិតជាតម្លៃទឹកប្រាក់ជាង ៤០០ លានដុងដែលជំនួសឱ្យផ្ទះស្លឹក។ ក្រៅពីនេះ ខ្ញុំគិតគូរឱ្យកូន៣នាក់រៀនសូត្របានត្រឹមត្រូវ ក្នុងនោះ កូនស្រីច្បងបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកអក្សរសាស្ត្រមានការងារធ្វើលំនឹង”។
លោកហ៊ឺវថល លេខាសាខាបក្សភូមិលេខ ៧ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ពូលីហ្វិញខឿង ជាគំរូឆ្នើមឆ្លងកាត់លំបាកធ្វើមានបាន។ លោកខឿង ជាកសិករពិតប្រាកដ ធ្វើមានពីដំណាំស្រូវ និងគិតគូរបានល្អឱ្យកូនរៀនសូត្រ។ ក្រៅពីនេះ ពូខឿង ថែមទាំងចលនាមាមីងខ្មែរក្នុងភូមិស្រុក បរិច្ចាគដីដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ ទន្ទឹមនឹងនោះ ស្នើសុំឃុំតឹងឡុកវិនិយោគធ្វើទំនប់ ប្រឡាយ ដើម្បីកសិករម្ចាស់ការបានប្រភពទឹកសម្រាប់បង្កបង្កើនផលស្រូវ”៕
យ្វីអាញ- លីសៀ