28/07/2025 - 10:02

កម្ម​វិធី​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​តំ​បន់​ជន​បទ 

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ត្រូវ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​ក្រុង​កឹង​ធើ។ កម្ម​វិធី​នេះ បាន​ជួយ​ជន​រួម​ជាតិ​ខ្មែរ​រាប់​ពាន់​គ្រួ​សារ​មាន​លំ​នៅ​ឋាន លំ​នឹង​ជីវ​ភាព និង​តំ​បន់​ជន​បទ​ត្រូវ​បាន​វិនិ​យោគ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

ផ្លូវ​ជន​បទ​ភូមិ​សុក​បឹង ត្រូវ​បាន​កសាង​ឆ្លើយ​តប​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​
និងជួញដូររបស់ប្រជាជន។

តាម​ប្រ​សាសន៍​លោក សើុង​សា​រ៉ាញ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​មី​ហឿង កម្ម​វិធី​បាន​ជំ​រុញ​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ យោង​តាម​នោះ ផ្លូវ​ជន​បទ សា​លា​រៀន និង​ដំ​ណាក់​សុខា​ភិ​បាល ត្រូវ​បាន​វិនិ​យោគ​កសាង​រួច​រាល់។ គ្រួ​សារ​ក្រី​ក្រ​ត្រូវ​បាន​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន អគ្គិ​សនី ទឹក​ស្អាត​ប្រើ​ប្រាស់។ ជួយ​ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ឧប​ករណ៍​ផលិត មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក បុល​ទុន​អនុ​គ្រោះ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជា​ដើម។ អា​ស្រ័យ​ហេតុ​នេះ តំ​បន់​ជន​បទ​កាន់​តែ​រីក​ចម្រើន ការ​ជួញ​ដូរ​ទំ​និញ​កាន់​តែ​ងាយ​ស្រួល និង​គ្រួ​សារ​ក្រី​ក្រ​មាន​លក្ខណៈ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម។

កម្ម​វិធី​បាន​ជំ​នួយ​គោ​ដល់​គ្រួ​សារ​ក្រី​ក្រ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ លំ​នឹង​ជីវ​ភាព។

បង​យឿង​ឡាញ នៅ​ឃុំ​មី​ហឿង បាន​កម្ម​វិធី​ឧបត្ថម្ភ​ថវិ​កា​សាង​សង់​លំ​នៅ​ឋាន​និង​បុល​ដើម​ទុន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ដូច្នេះ គាត់​បាន​ជួល​ដី​ធ្វើ​ស្រែ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដើម្បី​រក​ប្រាក់​ចំ​ណូល ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។ បង​ឡាញ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ថ្ងៃ​មាន​កម្ម​វិធី​វិនិ​យោគ ផ្លូវ​ថ្នល់​ត្រូវ​បាន​កសាង រថ​យន្ត​អាច​បើក​ចូល​ដល់​កន្លែង​ដើម្បី​ទិញ​បន្លែ ស្រូវ លែង​មាន​ការ​ត្រូវ​ឈ្មួញ​សង្កត់​ថ្លៃ​ដូច​មុន​ទៀត។ គ្រួ​សារ​ក្រ​ត្រូវ​បាន​រដ្ឋ​សង់​ផ្ទះ​ឱ្យ​និង​ឱ្យ​បុល​ទុន ៦០ លាន​ដុង ដូច្នេះ​ខ្ញុំ​បាន​កែ​ប្រែ​ដី ១ កុង​ដាំ​ដំ​ណាំ​រួម​ផ្សំ​រក​បាន​ប្រាក់​ចំ​ណូល​ខួប​ឆ្នាំ ព្រម​ទាំង​ជួល​ដី ៥ កុង​ធ្វើ​ស្រែ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។ រដ្ឋ​សង់​ផ្ទះ​ឱ្យ ហើយ​ត​បណ្តាញ​អគ្គិ​សនី ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ ដូច្នេះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ផ្ដុំ​កម្លាំង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​សន្សែ​សន្សំ ហើយ​ឥឡូវ​នេះ​ជីវ​ភាព​បាន​ប្រ​សើរ​ឡើង លែង​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ឆ្ងាយ​ទៀត”។

ឃុំ​ញ៉ូ​យា បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​រួម​បញ្ចូល​កម្ម​វិធី​នេះ​ជា​មួយ​នឹង​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​កសាង​ជន​បទ​ថ្មី ដូច្នេះ តំ​បន់​ជន​បទ​កាន់​តែ​រីក​ចម្រើន​។ លោក​កាវ​ដូរ៉ា  អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ នៅ​ភូមិ​សុក​បឹង ឱ្យ​ដឹង៖ “សុក​បឹង ជា​ភូមិ​លំ​បាក​ខ្លាំង ចាប់​តាំង​ពី​មាន​កម្ម​វិធី​វិនិ​យោគ​មក​តំ​បន់​ជន​បទ​ក្រី​ក្រ​មាន​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង។ បច្ចុប្បន្ន ផ្លូវ​ជន​បទ ស្ពាន​បេ​តុង​ត្រូវ​បាន​កសាង​ធំ​ទូ​លាយ រថ​យន្ត​អាច​បើក​បរ​ដល់​ផ្ទះ។ នៅ​ពេល​យប់ ភ្លើង​នៅ​សង​ខាង​ផ្លូវ​ភ្លឺ​ចិញ្ចាច ដូច្នេះ​បង​ប្អូន​ខ្មែរ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជួញ​ដូរ​ទំ​និញ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។ គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ តែង​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ ផ្តល់​គោ​ចិញ្ចឹម ឱ្យ​បុល​ដើម​ទុន ផ្តល់​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ ម៉ា​ស៊ីន​គាប​ទឹក​អំ​ពៅ​សម្រាប់​លក់​ដូរ​ជា​ដើម ម្ល៉ោះ​ហើយ​មាន​លក្ខណៈ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ជីវ​ភាព​បាន​ប្រ​សើរ​ឡើង​ឆាប់​រហ័ស​។ ឥ​ឡូវ​នេះ មិន​ត្រឹម​តែ​នៅ​សុក​បឹង​ទេ តំ​បន់​ជន​បទ​ញ៉ូ​យា​ទាំង​មូល​ក៏​លែង​មាន​ផ្ទះ​ស្លឹក​ទៀត ហើយ​ជំ​នួស​វិញ​ដោយ​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​រម្យ”។

គម្រោង​និង​អនុ​គម្រោង​នានា​របស់​កម្ម​វិធី ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ចំ​គោល​ដៅ ស្រប​ទឹក​ចិត្ត​ប្រ​ជា​ជន ដូច្នេះ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ កម្ម​វិធី​នេះ មិន​ត្រឹម​តែ​បន្ត​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ប្រ​កប​ដោយ​ចីរ​ភាព លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន កាត់​បន្ថយ​គម្លាត​ជីវ​ភាព​រវាង​ទី​ក្រុង​និង​ជន​បទ​ទៀត​ផង៕ 

   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ