ជារៀងរាល់ឆ្នាំ ក្រោយពីបុណ្យវិសាខបូជា នៅតាមវត្តទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រក្រុងកឹងធើ ចាប់ផ្តើមបើកបវេសកាលថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីបង្រៀនអក្សរសាស្ត្រនិងធម្មវិន័យដល់សមណសិស្ស រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងបណ្តុះបណ្តាលកងជួរ បញ្ញវន្តក្នុងព្រះសង្ឃនិងជនរួមជាតិខ្មែរ។

ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី៣ វត្តព្រែកអណ្ដើក ឃុំញ៉ូយ៉ា ក្រុងកឹងធើ កំពុងសិក្សាវិញ្ញាសាសរសេរតាមអាន។
វត្តពោធិសាល ជ្រោយទឹមកណ្តាល នៅសង្កាត់មីស្វៀង ក្រុងកឹងធើ ក្រោយពីផ្អាកបើកថ្នាក់បាលីជាង ៧០ ឆ្នាំ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៥៤ មកដល់ឆ្នាំ ២០២៤ ព្រះចៅអធិការរួមនឹងគណៈកម្មការវត្តបានឯកភាពបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១។ បច្ចុប្បន្ន ថ្នាក់រៀនមានសមណសិស្ស ១៦ អង្គ។ ព្រះតេជព្រះគុណ ស៊ើងថន ព្រះចៅអធិការវត្តពោធិសាលជ្រោយទឹមកណ្តាល ពិតថេរដីកា៖ “ការបើកថ្នាក់បាលី ដើម្បីបង្រៀនចំណេះដឹងមូលដ្ឋានដល់សមណសិស្ស។ ពីព្រោះ ភាសាបាលីមានសារៈសំខាន់សម្រាប់អ្នកបួស ជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរ។ ហើយក៏ជាឱកាសល្អសម្រាប់អង្គដែលផ្អាកការសិក្សាពាក់កណ្តាលការមុននឹងចូលបួសបានបន្តការសិក្សា”។
នៅវត្តចន្ទសោភ័ណ ព្រែកអណ្ដើក ឃុំញ៉ូយ៉ា ការបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ត្រូវបានរក្សាជាច្រើនឆ្នាំមក។ ឆ្នាំនេះ វត្តបើក៣ថ្នាក់ គឺថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ១ ឆ្នាំទី ២ ឆ្នាំទី ៣ ដោយមានសមណសិស្សសរុប ៤៨ អង្គ និមន្តមកពីវត្តនានានៅក្នុងនិងក្រៅខេត្ត។ សមណសិស្ស លីហ្វាយកៀក សិស្សឆ្នាំទី៣នៃវត្តព្រែកអណ្ដើក ពិតថេរដីកា៖ “សម្រាប់អ្នកបួស ការរៀនសូត្រគឺចាំបាច់ណាស់។ ការសិក្សាថ្នាក់ពុទ្ធិក មធ្យមសិក្សាបឋមភូមិនាំមកប្រយោជន៍ជាច្រើន ជួយឱ្យយល់ច្បាស់ពីធម៌វិន័យ ផ្តើមពីនោះ ទើបជួយណែនាំពុទ្ធបរិស័ទប្រតិបត្តិត្រឹមត្រូវ ក្រៅពីវិញ្ញាសាភាសាបាលី នៅមានវិញ្ញាសារាយរងជាច្រើន ដូចជា វេយ្យាករណ៍ខ្មែរ ព្រះវិន័យ ពុទ្ធប្បវត្តិ និងសរសេរតាមអានជាដើម។

សមណសិស្សសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ វត្តជ្រោយទឹមកណ្ដាល កំពុងសិក្សា។
បន្ទាប់ពីបញ្ចប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានសមណសិស្សជាច្រើនអង្គបានប្រឡងជាប់ទៅបន្តការសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឬក៏យកចំណេះដឹងដែលបានសិក្សាដើម្បីជួយបង្រៀនដល់សិស្សជំនាន់ក្រោយ។ អាចនិយាយថា នេះជាប្រភពធនធានមនុស្ស រួមចំណែកក្នុងការជួយថែរក្សាពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រមទាំងបណ្តុះបណ្តាលកងជួរបញ្ញវន្ត ដើម្បីបម្រើសហគមន៍ភូមិស្រុកនាពេលអនាគត។
ជារៀងរាល់ឆ្នាំ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង (ចាស់) តែងយកព្រះទ័យទុកដាក់ក្នុងការអប់រំសីលធម៌ ស្មារតីយល់ដឹងដល់ព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទខ្មែរ ដើម្បីបង្កើតប្រភពធនធានមនុស្សបម្រើការក្នុងសាសនា និងជនជាតិ។ ព្រមទាំងជួយណែនាំវត្តនានាកសាងសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ថ្នាក់ធម្មវិន័យ សម្រេចគុណភាព; លើកទឹកចិត្តដល់ព្រះសង្ឃដែលកំពុងរៀននៅតាមសាលាពុទ្ធិកសិក្សា មហាវិទ្យាល័យ អនុមហាវិទ្យាល័យនិងសាលាមធ្យមសិក្សាវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ចលនារក្សាការបើកថ្នាក់បង្រៀនអក្សរខ្មែរ កែប្រែកម្មវិធីថ្នាក់ពុទ្ធិកសិក្សាសមស្របទៅនឹងភាពជាក់ស្ដែង។
ព្រះឧបជ្ឈាយ៍ តាំងណោ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ មានថេរដីកា៖ “សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង តែងលើកទឹកចិត្តដល់ព្រះចៅអធិការតាមវត្ត ឱ្យបើកថ្នាក់ពុទ្ធិកសិក្សាដើម្បីជំរុញស្មារតីរៀនសូត្រដល់ព្រះសង្ឃគ្រប់អង្គ។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ គឺជាមូលដ្ឋានគ្រឹះ បង្កលក្ខណៈដើម្បីព្រះសង្ឃបានបន្តការសិក្សានៅកម្រិតខ្ពស់ជាងទៀត ដូចជានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឬក៏វិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងមហាវិទ្យាល័យជាដើម”៕
អត្ថបទនិងរូបថត៖ អាញត្វឹង-មុនី