ប៉ុន្មានឆ្នាំជិតៗនេះ ទម្រង់រូបភាពចិញ្ចឹមគោ ពិសេសគឺគោទឹកដោះកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ហើយត្រូវបានភូមិភាគជាច្រើនជ្រើសរើស ដើម្បីលុបបំបាត់ភាពក្រីក្រ ដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។ ក្នុងនោះ ស្រុកត្រឹងដេ គឺជាភូមិភាគដែលមានហ្វូងគោរីកចម្រើនបំផុត ហើយបានជួយគ្រួសារមាមីងខ្មែរជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ ធ្វើមានធ្វើបាន។
ការចិញ្ចឹមគោបានជួយឲ្យគ្រួសារមាមីងជាច្រើននៅខេត្តសុក ត្រាំងបានចាក
ផុតពីភាពក្រីក្រដោយចីរភាព។
ឧត្តមភាពរបស់ស្រុកត្រឹងដេ គឺដោយមានសហករណ៍ Evergrowth ជំនាញខាងប្រមូលទិញទឹកដោះគោ ម្ល៉ោះហើយស្រុកបានកំណត់ច្បាស់ការចិញ្ចឹមគោទឹកដោះ គឺជាទម្រង់រូបភាពលុបបំបាត់ភាពក្រីក្រដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ការចិញ្ចឹមគោទឹកដោះកំពុងរីកចម្រើនគ្រប់ទិសទីតាមភូមិ ស្រុកនានា ដូច៖ ឃុំតាយវុាំង វៀងអាង និងឃុំថាញ់ធើយអាង។ល។ ហ្វូងគោកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ២០០៤ សហករណ៍ Evergrowth មានគោត្រឹមតែ៤៧៧ក្បាល ប៉ុន្តែមកទល់ពេលនេះ មានគោដល់ទៅជាង៦.៥០០ក្បាល ក្នុងនោះគោទឹកដោះមានចំនួនជាង៣.៨០០ក្បាល។ តាមប្រសាសន៍ លោកថាច់ក្វឹកថាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវុាំង ឲ្យដឹង៖ ភូមិភាគមានជនរួមជាតិខ្មែររស់នៅជាង៨២% មានគ្រួសារខ្មែរខ្លះដោយសារចិញ្ចឹមគោ បានចាកផុតពីភាពក្រីក្រដោយចីរភាពនិងធ្វើមានធ្វើបាន។ មកទល់ពេលនេះ ទូទាំងឃុំមានគោជាង១.៧០០ក្បាល ក្នុងនោះមានគោទឹកដោះជាង៨០០ក្បាល; ឆ្នាំនេះឃុំកំពុងកសាងគ្រោងការជំនួយជាគោចិញ្ចឹមដល់គ្រួសារមាមីងខ្មែរចំនួន៣០ក្បាលផងដែរ។
ពូគឹមណើនៅភូមិតាយកុង ឃុំតាយវុាំង គឺជាគ្រួសារក្រីក្រ សព្វថ្ងៃឈានឡើងធ្វើមានដោយសារការចិញ្ចឹមគោទឹកដោះ។ ពូគឹមណើ ឲ្យដឹង៖ "គ្រួសារនិងកូនៗខ្ញុំ នជីវភាពធូរធារក៏ដោយសារចិញ្ចឹមគោទឹកដោះនេះដែរ។ ដំបូងអាស្រ័យរដ្ឋជំនួយគោបានមួយក្បាល សព្វថ្ងៃគោទឹកដោះកើតកូនបាន៥ក្បាល មធ្យមភាគគោមួយក្បាលផ្តល់ទឹកដោះប្រមាណជិត១៥គ.ក/ថ្ងៃ ជាមួយនឹងតម្លៃលក់១០.៥០០ដុង/គ.ក។ បើប្រៀបធៀបជាមួយនឹងប៉ុន្មានឆ្នាំមុនតម្លៃទឹកដោះចុះថោក ប៉ុន្តែក្រោយពីទូទាត់រួចស្រេចខ្ញុំនៅចំណេញខ្លះដែរ។ ម្យ៉ាងទៀតចិញ្ចឹមគោទឹកដោះមានការនឿយហត់បន្តិច ពីព្រោះការថែទាំត្រូវហ្មត់ចត់ អនាម័យក្រោលស្អាតបាត ប៉ុន្តែវាបានផ្តល់ប្រាក់ចំណូលលំនឹងជារៀងរាល់ថ្ងៃ"។ ផ្តើមពីទម្រង់រូបភាពចិញ្ចឹមគោទឹកដោះដែរ បងសើុងផាន់ នៅភូមិចាក់ទទឹង ឃុំតាយវុាំង បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារគ្រាន់បើ បងផាន់ឲ្យដឹង៖ កាលពីមុននេះ គ្រួសារខ្ញុំមានដីស្រែ២កុង ម្ល៉ោះហើយត្រូវទៅធ្វើការឈ្នួលបន្ថែមទើបអាច់ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។ នៅពេលរដ្ឋជំនួយគោទឹកដោះមួយក្បាល ប៉ុន្មានឆ្នាំក្រោយមកគោកើតកូនឡើងបាន៦ក្បាល ឥឡូវគោ៣ក្បាលកំពុងផ្តល់ទឹកដោះ។ រីឯដីស្រែ២កុង បងងាកមកដាំស្មៅសម្រាប់ចិញ្ចឹមគោ។ បងសើុងផាន់ ឲ្យដឹង៖ "រដ្ឋជំនួយគោណែនាំបច្ចេកទេសចិញ្ចឹមនិងសង់ក្រោល ម្ល៉ោះហើយយើងគ្រាន់តែចំណាយកម្លាំងថែទាំ។ ចិញ្ចឹមគោទឹកដោះ មានការនឿយហត់ពិតមែន ប៉ុន្តែធ្វើមានធ្វើបានក៏ឆាប់រហ័ស ពីព្រោះមានទឹកដោះគោលក់រាល់ថ្ងៃ"។
តាមប្រសាសន៍ លោកត្រឹងហ្វាងយុង ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍជនបទស្រុកតឹងដេ ឲ្យដឹង៖ បច្ចុប្បន្ន គ្រោងការបង្វែររចនាសម្ព័ន្ធកសិកម្មរបស់ស្រុក បានកំណត់ច្បាស់ការចិញ្ចឹមគោ ពិសេសគោទឹកដោះ គឺជាមុខសញ្ញាយ៉ាងសំខាន់ ដើម្បីអនុវត្តគ្រោងការបង្វែររចនាសម្ព័ន្ធមុខរបរ និងជាវិធីសាស្រ្តមួយលុបបំបាត់ភាពក្រីក្រដោយចីរភាព។ ស្រុកបានដាក់ចេញភាគកម្រិតខិតខំដល់ឆ្នាំ២០២០ ស្រុកនឹងមានហ្វូងគោសរុបជាង១១.០០០ក្បាល ក្នុងនោះគោទឹកដោះមានជាង ៦.០ ០០ក្បាល៕
លីធាន-លីសៀ