នៅសួនច្បារ ៣០-៤ សង្កាត់ភូឡើយ ទីក្រុងកឹងធើ បានចាត់តាំងយ៉ាងឱឡារិកកម្មវិធីសិល្បៈអំណរទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា និងបើកពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ - កីឡា - ទេសចរណ៍ទ្រង់ទ្រាយធំ រួមចំណែកលើកតម្កើង អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរណាមបូ ព្រមទាំងរឹតបន្តឹងចំណងមហាសាមគ្គីទូទាំងជនជាតិ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សមមិត្ត ឌោថាញ់ ប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; សមមិត្ត វ៉មិញចៀង អតីតសមាជិកមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង; សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; សមមិត្ត ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; រួមជាមួយសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ; អតីតសមាជិកគណៈអចិន្ត្រៃយ៍ អតីតសមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ ខេត្តសុកត្រាំង និងខេត្តហូវយ៉ាង គ្រប់អាណត្តិកាល; បណ្តាសមមិត្តតំណាងថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ មន្ទីរជនជាតិនិងសាសនា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ខេត្តអាងយ៉ាង និងទីក្រុងកឹងធើ; បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សទីក្រុង; ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ សង្កាត់នានាលើភូមិឋានទីក្រុងកឹងធើ; បណ្តាអ្នកតំណាងក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម; សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ; អ្នកមុខអ្នកការសាសនា ព្រះសង្ឃបណ្តាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ; អាជីវកម្ម ព្រមទាំងមាមីងប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករនៅលើភូមិឋានទីក្រុងកឹងធើ និងបណ្តាខេត្តជិតខាង បានអញ្ជើញមកទស្សនា លើកទឹកចិត្តដល់សកម្មភាពនានាក្នុងក្របខណ្ឌនៃពិធីបុណ្យ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញចូលរួមក្នុងពិធីបើក។
ថ្លែងក្នុងពិធីបើក សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឱ្យដឹង៖ កឹងធើគឺជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង ជាទឹកដីដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ មនោសញ្ចេតនា និងប្រកបដោយអត្តសញ្ញាណវប្បធម៌តំបន់ព្រែកទន្លេណាមបូ។ ក្រោយពីទីក្រុងកឹងធើបានរួមបញ្ចូលពីទីក្រុងកឹងធើចាស់ ខេត្តសុកត្រាំង និងខេត្តហូវយ៉ាង បរិយាកាសអភិវឌ្ឍនិយាយរួមនិងបរិយាកាសវប្បធម៌ដោយឡែករបស់ទីក្រុងកាន់តែសម្បូរបែប និងចម្រុះ ដោយប្រមូលផ្តុំនូវតម្លៃដ៏ពិសេសនៃតំបន់ និងសហគមន៍ជនជាតិ។ ក្នុងនោះ វប្បធម៌ខ្មែរណាមបូ គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកបង្កើតភាពសម្បូរបែប ពិសេសនិងមានភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ទីក្រុងកឹងធើនាពេលបច្ចុប្បន្ន។ នេះមិនត្រឹមតែជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌រួម ដែលចាំបាច់ត្រូវគោរព អភិរក្សនិងពង្រីក្នុងជីវភាពសហគមន៍ទៀតផង។

សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ជូនបាច់ផ្កា និងនិមិត្តសញ្ញាដល់អង្គភាពឧបត្ថម្ភត្បូងក្នុងពិធី។
សមមិត្ត ត្រឿងកាញ់ត្វៀង អះអាង៖ ពិធីបុណ្យអកអំបុក គឺជាពិធីបុណ្យប្រពៃណីដ៏ឆ្នើមមួយប្រកបដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ ពិធីបុណ្យនេះផ្សារភ្ជាប់ជាមួយនឹងជំនឿប្រជាប្រិយ ជីវភាពពលកម្ម និងក្តីប្រាថ្នាចង់បានភាពសុខសាន្ត សុខដុមរមនា ក្នុងនោះពិធីសំពះព្រះខែ និងសកម្មភាពប្រណាំងទូក-ង បានបង្ហាញពីតម្លៃវប្បធម៌ ស្មារតីសហគមន៍ និងប្រពៃណីសាមគ្គីដែលបានអភិរក្ស និងបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ សព្វថ្ងៃនេះ ពិធីបុណ្យមិនត្រឹមតែជាឱកាសដើម្បីជនរួមជាតិខ្មែរអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាពិធីបុណ្យរួមរបស់សហគមន៍ជនជាតិ គិញ ខ្មែរ ហ្វា និងបណ្តាជនជាតិលើភូមិឋានទីក្រុងទៀតផង។ សកម្មភាពដោះដូរ ជួបជុំនិងចូលរួមពិធីបុណ្យជាមួយគ្នា រួមចំណែកបង្កើនភាពស្និទ្ធស្នាល យោគយល់គ្នា គោរពគ្នានិងសាមគ្គីរវាងបណ្តាជនជាតិ ធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែប។

សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនបាច់ផ្កា និងនិមិត្តសញ្ញាដល់អង្គភាពម្ចាស់ឧបត្ថម្ភ។
ការចាត់តាំងពិធីបុណ្យផ្សារភ្ជាប់ជាមួយនឹងអំណរទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា កាន់តែមានអត្ថន័យជាក់ស្តែង បង្ហាញពីការគោរពចំពោះតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ព្រមទាំងអះអាងពីការប្តេជ្ញាចិត្តកសាងបរិស្ថានវប្បធម៌ដ៏ល្អប្រសើរ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ នាំយកវប្បធម៌ឱ្យក្លាយជាមូលដ្ឋាននៃគ្រឹះស្មារតី ប្រភពកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍឆាប់រហ័ស ដោយចីរភាព។ ជាមួយនឹងការទទួលខុសត្រូវរបស់រដ្ឋអំណាចទីក្រុង តែងកំណត់ច្បាស់ថា ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិបណ្តាជនជាតិ ក្នុងនោះមានវប្បធម៌ខ្មែរណាមបូ គឺជាភារកិច្ចដ៏សំខាន់និងយូរអង្វែង។ ទីក្រុងនឹងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវគោលនយោបាយជនជាតិ សាសនា គិតគូរជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិ បង្កលក្ខណៈដើម្បីអ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាព សិប្បករ និងសហគមន៍ រួមគ្នាអភិរក្ស និងបន្តវេនភាសា អក្សរ សិល្បៈ ពិធីបុណ្យ ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ដ៏ល្អប្រសើរដល់យុវជនជំនាន់ក្រោយ។ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក៏សម្តែងក្តីសង្ឃឹមថា តម្លៃវប្បធម៌ដ៏ពិសេសទាំងនេះនឹងបន្តបានពង្រីក ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍ព្រែកទន្លេ ជាជំហានៗបង្កើតជាផលិតផលទេសចរណ៍ពិសេស បង្កើតមុខរបរ ការងារ បង្កើនប្រាក់ចំណូលជូនប្រជាជន រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងកឹងធើ ដែលរួសរាយរាក់ទាក់ ពោរពេញដោយមនោសញ្ចេតនា និងសម្បូរទៅដោយអត្តសញ្ញាណទៅកាន់មិត្តភក្តិក្នុងប្រទេសនិងអន្តរជាតិ។

ឈុតសម្តែងសិល្បៈបើកឆាករាត្រីបើកពិធី។
ពិធីបុណ្យឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃ ២៤ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងទាក់ទាញជាច្រើនសកម្មភាពដូច៖ ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់ បណ្តែតប្រទីប ទូកគែហ៊ៅ ពិធីសំពះព្រះខែ និងសកម្មភាពវប្បធម៌ សិល្បៈដ៏ពិសេសជាច្រើនទៀត។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺការប្រណាំងទូក-ងទីក្រុងកឹងធើបើកទូលាយ ដោយមានការចូលរួមពីក្រុមទូក-ងបុរស និងនារីចំនួន ៨៤ ក្រុម។ នេះគឺជាឱកាសដើម្បីក្រុមនីមួយៗបង្ហាញពីកម្លាំងពលំ បច្ចេកទេស ស្មារតីកីឡា និងការសហការប្រកបដោយសាមគ្គី ព្រមទាំងនាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវការប្រកួតប្រណាំងដ៏ស្វិតស្វាញ និងជក់ចិត្ត។ ពិសេស កម្មវិធីសិល្បៈក្រោមប្រធានបទ “ពណ៌សម្បុរបេតិកភណ្ឌភូមិភាគខាងត្បូង” នឹងឧទ្ទេសនាមពីតម្លៃវប្បធម៌ដ៏ពិសេស សម្រស់នៃទឹកដី និងមនុស្សនៅទីក្រុងកឹងធើ ក្នុងចរន្តលំហូរនៃសមាហរណកម្ម និងអភិវឌ្ឍ រួមចំណែកសាយភាយសេចក្តីស្រឡាញ់មាតុភូមិ និងមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ជនជាតិ។ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក៏សង្ឃឹមថា ក្រុមកីឡាករទាំងអស់នឹងប្រកួតដោយស្មារតីសាមគ្គី ស្មោះត្រង់ ថ្លៃថ្នូរ ហើយកងកម្លាំងចាត់តាំងនឹងធានាឱ្យពិធីបុណ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ហ្មត់ចត់ និងស៊ីវិល័យ។ ជនរួមជាតិ និងភ្ញៀវទេសចររួមគ្នាចូលរួមលើកទឹកចិត្ត និងទទួលយកបទពិសោធន៍ដោយស្មារតីរីករាយ រួសរាយរាក់ទាក់ និងមានការទទួលខុសត្រូវ។




ឈុតសម្តែងសិល្បៈក្នុងកម្មវិធីអំណរទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា និងបើកពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “ពណ៌សម្បុរបេតិកភណ្ឌភូមិភាគខាងត្បូង”។
ក្រោយពីពិធីបើកយ៉ាងឱឡារិក អ្នកតំណាង ប្រជាជន និងភ្ញៀវទេសចរបានទស្សនាកម្មវិធីសិល្បៈអំណរទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា និងបើកពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “ពណ៌សម្បុរបេតិកភណ្ឌភូមិភាគខាងត្បូង”។ កម្មវិធីនេះបានចាត់តាំងយ៉ាងផ្ចិតផ្ចង់ ដោយរួមបញ្ចូលរវាងសិល្បៈសម័យទំនើប និងទម្រង់សិល្បៈប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរ ដូច៖ ភ្លេងពិណពាទ្យ របាំរាំវង់ របាំរាំក្បាច់។ល។ ដែលសម្តែងបង្ហាញយ៉ាងរស់រវើកពីអត្តសញ្ញាណវប្បធម៌ និងក្តីប្រាថ្នាឈានឡើងនៃតំបន់ដីតីដូ។
* ក្នុងក្របខណ្ឌនៃរាត្រីបើកពិធី មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ក៏បានសហការចាត់តាំងបើកពិធីសកម្មភាពសម្តែងបណ្តែតប្រទីប និងទូកគែហ៊ៅ ដោយមានការចូលរួមពីប្រទីបចំនួន ២៣ និងទូកគែហ៊ៅចំនួន ៤ មកពីវត្តខ្មែរនានាលើភូមិឋានទីក្រុងកឹងធើ។ ប្រទីបនិងទូកគែហ៊ៅទាំងនោះ បានរចនាឡើងយ៉ាងផ្ចិតផ្ចង់ និងមានពណ៌ចិញ្ចាចចិញ្ចែងចម្រុះស្រស់ឆើតឆាយពីបណ្តាវត្តខ្មែរលើភូមិឋានទីក្រុង។

ទូកគែហ៊ៅភ្លឺចិញ្ចាចចិញ្ចែងលើដងព្រែក Maspéro។
ការសម្តែងបណ្តែតប្រទីប ដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ រួមចំណែកលើកកម្ពស់ស្មារតីក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិខ្មែរ ឆ្លើយតបតម្រូវការទទួលផលប្រយោជន៍ពីវប្បធម៌ស្មារតីជូនប្រជាជនក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍ។ តាមរយៈនោះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋក្នុងការអនុវត្តគោលនយោបាយជនជាតិ ពង្រីកសក្តានុភាព និងឧត្តមភាពរបស់ជនជាតិភាគតិចលើភូមិឋានទីក្រុង ផ្សារភ្ជាប់ជាមួយនឹងគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសុខុមាលភាពសង្គម។

បណ្តែតប្រទីបភ្លឺចិញ្ចាចចិញ្ចែងចម្រុះពណ៌លើដងព្រែក Maspéro។
បណ្តែតប្រទីប និងទូកគែហ៊ៅដែលភ្លឺចិញ្ចាចចិញ្ចែងចម្រុះពណ៌លើដងព្រែកនារាត្រីបើកពិធី បានបង្កើតនូវបរិយាកាសវប្បធម៌ដ៏អស្ចារ្យ និងប្រកបដោយអត្តសញ្ញាណ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឱ្យជីវភាពស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ផ្សព្វផ្សាយរូបភាពមាតុភូមិ និងមនុស្សនៅកឹងធើ ពោរពេញដោយមនោសញ្ចេតនា និងសម្បូរប្រពៃណីវប្បធម៌ ទៅកាន់មិត្តភក្តិនិងភ្ញៀវទេសចរជិតឆ្ងាយទៀតផង៕
ហុងទើ - លីធាន - លីសៀ
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
