មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/11/2026 - 11:34

អស់​ពី​ចិត្ត​ជា​មួយ​សមាជិកា​សមា​គម​ 

ចំ​ពោះ​អ្នក​មីង​ លី​ធូវ៉ឹង ប្រ​ធាន​សាខា​សមា​គម​នា​រី​ភូមិ​ហូយ​ទ្រុង​ ឃុំ​លិត​ហូយ​ធឿង​ ទី​ក្រុង​កឹង​ធើ​ ក្តី​រីក​រាយ​ក្នុង​ការ​ងារ​សមា​គម​មិន​ត្រឹម​តែ​ឃើញ​បណ្តា​ចលនា​បាន​សមាជិកា​សមា​គម​គាំ​ទ្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នៅ​ពេល​ឃើញ​បង​ប្អូន​នា​រី​ម្នាក់​ៗជម្នះ​ការ​លំ​បាក​ មាន​ការ​ងារ​ធ្វើ​ រក​បាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​ ហើយ​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​។ ដោយ​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​ការ​ងារ​ជាង​១៥ឆ្នាំ​កន្លង​ អ្នក​មីង​បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​គួរ​ទុក​ចិត្ត​ ជា​អ្នក​តភ្ជាប់​ទឹក​ចិត្ត​មេត្តា​ករុណា​ រួម​ចំ​ណែក​កសាង​អង្គ​ការ​សមា​គម​កាន់​តែ​រឹង​មាំ​។

ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​សមា​គម​តាំង​ពី​ឆ្នាំ​២០០៥ លុះ​ដល់​ឆ្នាំ​២០១០ អ្នក​មីង​វ៉ឹង ក៏​ទទួល​បាន​ការ​ទំនុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ធ្វើ​ជា​ប្រ​ធាន​សាខា​សមា​គម​នា​រី​ភូមិ​ហូយ​ទ្រុង​។ ពេល​ទទួល​ភារ​កិច្ច​ថ្មី​ អ្នក​មីង​តែង​គិត​ក្នុង​ចិត្ត​ថា​ បើ​ចង់​ចលនា​សមាជិកា​ធ្វើ​តាម​ ខ្លួន​យើង​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​មុន​សិន​; បើ​ចង់​ឱ្យ​បង​ប្អូន​នា​រី​ផ្សារ​ភ្ជាប់​នឹង​អង្គ​ការ​សមា​គម​ មុន​ដំ​បូង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​ជីវ​ភាព​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ពួក​គាត់​។ គំ​និត​នេះ​បាន​ក្លាយ​ជា​កម្លាំង​ជំ​រុញ​ឱ្យ​អ្នក​មីង​ខិត​ខំ​ឥត​ឈប់​ឈរ​ លះ​បង់​ចិត្ត​គំ​និត​ជា​ច្រើន​សម្រាប់​ការ​ងារ​សមា​គម​។

អ្នក​មីង​ លី​ធូវ៉ឹង (ខាង​ស្ដាំ​) ជា​គំ​រូ​ឆ្នើម​នៃ​ប្រ​ធាន​សាខា​សមា​គម​នា​រី​ភូមិ​ហូយ​ទ្រុង​ដែល​អស់​ពី​ចិត្ត​ចំ​ពោះ​សមាជិកា​។

នឹក​ដល់​ថ្ងៃ​ដំ​បូង​ទទួល​តួ​នា​ទី​ជា​ប្រ​ធាន​សាខា​សមា​គម​ អ្នក​មីង​វ៉ឹង បាន​ឱ្យ​ដឹង​៖ "ពេល​នោះ​សាខា​សមា​គម​មាន​សមាជិកា​ត្រឹម​តែ​ដប់​ម្ភៃ​នាក់​ប៉ុណ្ណោះ​ ភាគ​ច្រើន​ប្រ​កប​របរ​កសិ​កម្ម​ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់​ ជីវ​ភាព​នៅ​ខ្វះ​ខាត​ច្រើន​។ យល់​ពី​ការ​លំ​បាក​របស់​បង​ប្អូន​នា​រី​ ខ្ញុំ​តែង​រិះ​រក​វិធី​ជួយ​សមាជិកា​ឱ្យ​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្ថែម​ កែ​លម្អ​ប្រាក់​ចំ​ណូល​។ ខ្ញុំ​ម្ចាស់​ការ​ស្វែង​យល់​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ ក្តាប់​ច្បាស់​ចិត្ត​គំ​និត​ បំ​ណង​ប្រាថ្នា​ ដើម្បី​មាន​ទិស​ដៅ​ជំនួយ​សម​ស្រប​។ សម្រាប់​ខ្ញុំ​ ជួយ​ឱ្យ​សមាជិកា​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មិន​ត្រឹម​តែ​ជា​ការ​ទំនួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​សមា​គម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ក្តី​រីក​រាយ​ពេល​ឃើញ​បង​ប្អូន​នា​រី​ជា​ជំ​ហាន​ៗរីក​ចម្រើន​ដោយ​កម្លាំង​ពល​កម្ម​របស់​ខ្លួន​"។ ចាប់​ពី​ក្តី​ខ្វល់​ខ្វាយ​ទាំង​នោះ​ អ្នក​មីង​បាន​សហ​ការ​ ស្នើ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​បង្ក​លក្ខ​ណៈឱ្យ​សមាជិកា​កៀក​ជិត​ប្រ​ភព​ទុន​បុល​អាទិ​ភាព​។ ជា​មធ្យម​រៀង​រាល់​ឆ្នាំ​មាន​សមាជិកា​ ប្រ​មា​ណ​២០នាក់​បាន​ជំនួយ​បុល​ទុន​ ដោយ​ចំ​នួន​ទឹក​ប្រាក់​សរុប​១ពាន់​លាន​ដុង​ ដើម្បី​វិនិយោគ​លក់​ដូរ​តូច​តាច​ ដាំ​ដំ​ណាំ​ ចិញ្ចឹម​ជ្រូក​...។ ពេល​បុល​បាន​ដើម​ទុន​ បង​ប្អូន​នា​រី​ក៏​បាន​វិនិយោគ​អភិវឌ្ឍ​ការ​ផលិត​ ជា​ជំ​ហាន​ៗលើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​។ មិន​ត្រឹម​តែ​ជួយ​ឱ្យ​បង​ប្អូន​នា​រី​កៀក​ជិត​ទុន​បុល​ប៉ុណ្ណោះ​ទេ​ អ្នក​មីង​ថែម​ទាំង​បំ​ផុស​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ទម្រង់​ហ៊ុន​ទុន​។ មក​ដល់​ពេល​នេះ​ អ្នក​មីង​បាន​កៀរ​គរ​សមាជិកា​ជិត​៦០នាក់​ចូល​រួម​ ម្នាក់​ៗចូល​រួម​១០០.០០០ដុង​ក្នុង​មួយ​ខែ​ ដើម្បី​បង្ក​ ប្រ​ភព​ទុន​វិល​ជុំ​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ទឹក​ប្រាក់​ទាំង​នេះ​ថ្វី​ត្បិត​តែ​មិន​ច្រើន​ ប៉ុន្តែ​ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ ជួយ​បង​ប្អូន​នា​រី​មា​នល​ក្ខណៈ​វិនិយោគ​លើ​ការ​ផលិត​បន្ថែម​។ ចាប់​ពី​កិច្ច​ការ​ទាំង​នេះ​ មាន​សមាជិកា​ជា​ច្រើន​បាន​ជម្នះ​ការ​លំ​បាក​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ នោះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​មីង​បន្ត​ផ្សារ​ភ្ជាប់​ លះ​បង់​សម្រាប់​ចលនា​សមា​គម​។

អ្នក​មីង​ លី​ធូវ៉ឹង (ខាង​ឆ្វេង​) សហ​ការ​ជា​មួយ​អង្គ​ការ​ សមា​គម​ឃោស​នា​អំ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។

ក្រៅ​ពី​គិត​គូរ​ដល់​ជីវ​ភាព​សមាជិកា​សមា​គម​ អ្នក​មីង​វ៉ឹង ថែម​ទាំង​ចលនា​បង​ប្អូន​នា​រី​ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​ជន​បទ​ថ្មី​យ៉ាង​សកម្ម​។ ចាប់​ពី​កិច្ច​ការ​សាមញ្ញ​ៗដូច​ជា​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ ជម្រះ​ស្មៅ​ ថែ​ទាំ​ផ្កា​នៅ​តាម​ដង​ផ្លូវ​ រហូត​ដល់​ឃោស​នា​អំ​ពី​ចំ​ណេះ​ដឹង​ថែ​ទាំ​សុខ​ភាព​ ប្រ​ជា​សាស្ត្រ​ អ្នក​មីង​តែង​ចូល​រួម​ដោយ​ផ្ទាល់​និង​ចលនា​សមាជិកា​រួម​គ្នា​អនុ​វត្ត​។ ជា​ពិ​សេស​ ដោយ​ចិត្ត​ចែក​រំលែក​ជា​មួយ​ស្ថាន​ភាព​ជួប​អា​សន្ន​អន់​ក្រ​ រៀង​រាល់​ឆ្នាំ​អ្នក​មីង​ថែម​ទាំង​ចលនា​សប្បុរស​ជន​ជំនួយ​អំ​ណោយ​ប្រ​មា​ណ​៥០ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ក្រ​ អ្នក​មាន​ស្ថាន​ភា​ពលំ​បាក​។ អំ​ណោយ​ទាំង​នោះ​ថ្វី​ត្បិត​តែ​មាន​តម្លៃ​សម្ភារៈ​មិន​ច្រើន​ ប៉ុន្តែ​ប្រ​កប​ដោយ​ទឹក​ចិត្ត​ចែក​រំលែក​ ការ​យក​ចិត្ត​ទុក​ដាក់​ រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គម​ន៍។ អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​ចំ​ពោះ​អ្នក​មីង​វ៉ឹង គឺ​ទោះ​បី​ទទួល​បន្ទុក​ការ​ងារ​ច្រើន​ក៏​ដោយ​ អ្នក​មីង​នៅ​រក្សា​ភាព​ជិត​ស្និទ្ធ​ ស្មោះ​ត្រង់​ជា​មួយ​សមាជិកា​ជា​និច្ច​។ ក្នុង​ការ​ឃោស​នា​ ចលនា​ អ្នក​មីង​មិន​ត្រឹម​តែ​និយាយ​ដោយ​ពា​ក្យស​ម្តី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បញ្ចុះ​បញ្ចូល​បង​ប្អូន​នា​រី​ដោយ​ សកម្ម​ភាព​ជា​គំ​រូ​របស់​ខ្លួន​និង​គ្រួ​សារ​។ ហេ​តុ​នេះ​ អ្នក​មីង​បង្ក​ទំនុក​ចិត្ត​ ការ​ឯក​ភាព​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ចលនា​សមា​គម​កាន់​តែ​មាន​របៀប​រៀប​រយ​ល្អ​។

លោក​ស្រី​ ថា​ច់ធី​សា​ផាយ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហូយ​ធឿង​ បាន​ឱ្យ​ដឹង​៖ "អ្នក​មីង​វឹង​ តែង​លើក​កម្ពស់​ស្មារតី​ធ្វើ​ជា​គំ​រូ​ ឈាន​មុខ​ អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​សមា​គម​ ជា​ពិ​សេស​ក្នុង​ការ​ឃោស​នា​គោល​ការណ៍​គោ​លន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។ ដោយ​ស្មារតី​យក​ខ្លួន​ឯង​ធ្វើ​ជា​គំ​រូ​ យក​គ្រួ​សារ​របស់​ខ្លួន​ធ្វើ​ជា​ភស្តុ​តាង​ ដូច្នេះ​រាល់​សកម្ម​ភាព​ឃោស​នា​របស់​អ្នក​មីង​តែង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ បង្ក​ការ​ផ្សារ​ភ្ជាប់​រវាង​សមាជិកា​សមា​គម​ជា​មួយ​គ្នា​ រួម​ចំ​ណែក​ជួយ​ឱ្យ​ចលនា​សមា​គម​កាន់​តែ​អភិវឌ្ឍ​"៕

ថាញ​វ៉ាង​ - សុផន​

ចែករំលែកអត្ថបទ