ផ្តើមពីដីស្រែចំនួន ៥ កុង ដែលឪពុកម្តាយចែកឱ្យពេលរៀបការ បង គឹម សម្បូរ កសិករខ្មែរនៅភូមិអូររូង ឃុំតឹបស៊ើង ខេត្តវិញឡុង សន្សឹមៗបានពង្រីកការផលិត គួបផ្សំនឹងធ្វើស្រែ ដាំដូង ជាមួយនឹងចិញ្ចឹមគោពូជ និងគោសាច់ គ្រួសារបងទទួលបានប្រាក់ចំណេញជាង ១០០ លានដុងក្នុងមួយឆ្នាំ ឈានឡើងលំនឹងជីវភាព។

បង គឹមសម្បូរ និងប្រពន្ធ។
បង គឹមសម្បូរ បានឱ្យដឹង៖ ប៉ុន្មានថ្ងៃដំបូងទើបរៀបការ ដើមទុនផលិតមានត្រឹមតែដីស្រែចំនួន ៥ កុងដែលឪពុកម្តាយឱ្យ។ ដោយមានបំណងចង់កែលម្អសេដ្ឋកិច្ច បងខិតខំពលកម្ម ស្វែងយល់បន្ថែមអំពីវិធីសាស្ត្រដើម្បីឱ្យស្របតាមលក្ខណៈគ្រួសារ។ អស់រយៈកាលសន្សំសំចៃច្រើនឆ្នាំ បងក៏វិនិយោគលើការចិញ្ចឹមសត្វ និងពង្រីកផ្ទៃដីវប្បកម្ម។ មកទល់ពេលនេះ គ្រួសារបងមានដីស្រែចំនួន ៣៥ កុង ដីដាំដូង ២០ កុង និងដាំស្មៅ ៣ កុងសម្រាប់ឱ្យហ្វូងគោ។ តាំងពីគោពូជចំនួន ២ ក្បាលដំបូង បច្ចុប្បន្នហ្វូងគោឡើងដល់ ១៧ ក្បាលក្នុងនោះមានគោពូជ១០ក្បាលនិងគោសាច់៧ក្បាល។

បង គឹមសម្បូរ កំពុងថែទាំហ្វូងគោរបស់គ្រួសារ។
ជារៀងរាល់ឆ្នាំ គ្រួសារបងលក់ចេញកូនគោប្រមាណ ៣-៤ ក្បាល តម្លៃប្រែប្រួលពី ១២-២០ លានដុងក្នុងមួយក្បាល និងលក់គោសាច់ ៤-៥ ក្បាល តម្លៃពី ៤៥-៥៥ លានដុងក្នុងមួយក្បាល។ ការគួបផ្សំនូវទម្រង់ចិញ្ចឹមសត្វបានជួយឱ្យគ្រួសារមានប្រភពចំណូលស្ថិភាពផងដែរ។ ប្រាក់បានពីការលក់គោប្រើសម្រាប់ការផ្គត់ផ្គង់ជីវភាព ការចំណាយចិញ្ចឹមសត្វ និងបន្តវិនិយោគសម្រាប់ចិញ្ចឹមបន្តបន្ទាប់ទៀត។ ក្រៅពីការចិញ្ចឹមសត្វ គ្រួសារនៅទាំងរក្សាការធ្វើស្រែ និងដាំដូង បង្កប្រភពចំណូលសម្រាប់គ្រួសារ។ វិធីសាស្ត្រផលិតនេះជួយឱ្យបងទាញយកផលពីផ្ទៃដីដែលមានស្រាប់ រួមផ្សំការដាំដុះនិងចិញ្ចឹមសត្វដែលសមស្របនឹងលក្ខណៈគ្រួសារ។ តាមបង សម្បូរ ក្រោយពីទូទាត់ចំណាយរួច សកម្មភាពផលិតទាំងនេះនាំមកនូវប្រាក់ចំណេញជាង ១០០ លានដុងក្នុងមួយឆ្នាំៗ ជួយឱ្យគ្រួសារលំនឹងជីវភាព និងមានប្រភពសន្សំសំចៃ។
លោក ត្រឹង ហូវភឿក ប្រធានសាខាសមាគមន៍កសិករភូមិ អូររូង បានឱ្យដឹង៖ បងសម្បូរ គឺជាកសិករខ្មែរដែលខិតខំរកស៊ី សកម្មរៀនសូត្រ និងអនុវត្តបច្ចេកទេសទៅក្នុងការចិញ្ចឹមសត្វ និងដាំដុះ ជាជំហានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងឈានឡើងចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន បងបានទទួលស្គាល់ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ស្រុក(ថ្លូវ)បច្ចុប្បន្នជាឃុំតឹបស៊ើង។ រយៈពេលខាងមុខ ភូមិភាគគ្រោងនឹងពិនិត្យស្នើទទួលស្គាល់បងសម្រេចកិត្តិនាមជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៕
ទីទុយ - មេងលី