រយៈពេលកន្លង ការអនុវត្តកម្មវិធីទិសដៅជាតិអំពីកសាងជនបទថ្មី ប្រព័ន្ធផ្លូវគមនាគមន៍ជនបទលើភូមិឋានខេត្តកាម៉ាវបានវិនិយោគកសាង ជាជំហានបានសុក្រឹត រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទផ្លាស់ថ្មី ពិសេសគឺនៅតំបន់ជនជាតិភាគតិច។

ផ្លូវជនបទនៅកាម៉ាវ បានវិនិយោគកសាងធំទូលាយ។
នៅឃុំហឹងហោយ ដងផ្លូវជនបទបានកសាងធំទូលាយ ស្អាតបាត ជំនួសឱ្យផ្លូវតូចចង្អៀតពីមុនជាសន្សឹមៗ។ ផ្លូវទាំងនេះបានវិនិយោគ កសាងមិនត្រឹមជួយឱ្យការធ្វើដំណើរទៅមកមានភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវក្តីរីករាយ ក្តីសង្ឃឹមពីជីវភាពមួយថ្ងៃកាន់តែវិវឌ្ឍន៍ទៀតផង។ លោកស៊ើងប៊ី នៅភូមិកៃយ៉ា ឃុំហឹងហោយ ឱ្យដឹង៖ “កាលពីមុន ផ្លូវតូច រថយន្តមិនអាចចូលបាន ដូច្នេះការដឹកជញ្ជូន និងលក់កសិផលមានការលំបាកខ្លាំងណាស់។ ឥឡូវ បានរដ្ឋយកចិត្តទុកដាក់វិនិយោគកសាងផ្លូវ ស្ពាន ប្រជាជនធ្វើដំណើរបានងាយស្រួលជាងមុន ហើយស្រូវបន្លែបង្ការផ្លែឈើក៏ងាយស្រួល ដឹកជញ្ជូននិងលក់ដូរ។ ផ្តើមពីនោះ ជីវភាពប្រជាជនបានលើកកម្ពស់ តំបន់ជនបទផ្លាស់ថ្មីរៀងរាល់ថ្ងៃ”។
កំណត់ច្បាស់ផ្លូវជនបទគឺជាផ្នែកមួយក្នុងជំហានលោតផ្លោះដែលខេត្តកាម៉ាវអាទិភាពវិនិយោគមានចំណុចស្នូល ចំណុចសំខាន់ ធានាតភ្ជាប់ដំណាលគ្នា រវាងផ្លូវឃុំ ផ្លូវភូមិ ជាមួយនឹងផ្លូវខេត្តនិងផ្លូវជាតិ។ ទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” បានអនុវត្តយ៉ាងរវាសរវៃ បង្កើនការព្រមព្រៀងស្ម័គ្រចិត្តបរិច្ចាគដី រួមកម្លាំងពលកម្មរបស់ប្រជាជន ព្រមទាំងជំរុញចលនាក្នុងសង្គមកសាងស្ពាន។ សមមិត្ត ហ្វិញក្វឹកវៀត អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តកាម៉ាវ បញ្ជាក់៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាភារកិច្ចសំខាន់ ផ្សារភ្ជាប់នឹងកសាងជនបទថ្មី បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ខេត្តបញ្ជ្រាបគោលការណ៍ “ផ្លូវដល់ណាស្ពានដល់នោះ” វិនិយោគមានចំណុចសំខាន់ មិនរាយប៉ាយ; ទន្ទឹមនឹងនោះ ពង្រីកដាច់ខាតនូវទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” គួបផ្សំនឹងការជំរុញប្រភពកម្លាំងក្នុងសង្គម។
ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ប្រភពទុនពីអនុវត្តកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រដោយចីរភាពសរុបជាង ៥៧៣ ពាន់លានដុង រួមចំណែកបង្កការវិវឌ្ឍជាវិជ្ជមានអំពីផ្លូវគមនាគមន៍ និងធារាសាស្ត្រ ជួយប្រជាជនកៀកជិតដើមទុន ពង្រីកមុខរបររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងបន្ថយភាពក្រីក្រដោយចីរភាពជាសន្សឹមៗ។ ដំណាក់កាល ២០២៦ - ២០៣០ កាម៉ាវកៀរគរប្រភពថវិកាប្រមាណ ១៤.០៤៨ ពាន់លានដុង ដើម្បីអភិវឌ្ឍផ្លូវជនបទ ក្នុងនោះថវិការដ្ឋឧបត្ថម្ភ ១២.៣៩៧ ពាន់លានដុង ប្រភពទុនចលនាក្នុងសង្គមសម្រាប់កសាងស្ពានប្រមាណ ១.៤២១ ពាន់លានដុង និងប្រជាជនរួមចំណែកប្រមាណ ២៣០ ពាន់លានដុង កសាងទំនប់ទឹកបម្រើការផលិត។ តាមរយៈនោះ ដំណាក់កាល ២០២៦ – ២០២៧ កសាងផ្លូវបេតុងមានលក្ខណៈគ្រប់គ្រាន់បានប្រមាណ ២.១៦០ គីឡូម៉ែត្រ សម្រេចរួចរាល់គ្រឹះផ្លូវនិងទំនប់ទទឹងផ្លូវប្រមាណ ១.៤៣៧ គីឡូម៉ែត្រ នៃផ្លូវដែលមិនទាន់មានគ្រឹះ។ ដំណាក់កាល ២០២៨ - ២០៣០ នឹងបន្តបង្កើនកម្រិត និងពង្រីកផ្លូវតភ្ជាប់ឃុំ កសាងនិងជួសជុលស្ពានថ្នល់ ខិតខំដល់ឆ្នាំ ២០៣០ អនុសង្កាត់និងភូមិទាំងអស់នឹងមានផ្លូវបេតុងរាបរលូន។
ផ្តើមពីការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ រួមជាមួយនឹងការស្រុះចិត្តស្រុះគំនិត និងរួមកម្លាំងរបស់ប្រជាជន ផ្លូវថ្មីៗកំពុងរួមចំណែកបន្ថយគម្លាតរវាងតំបន់ជនបទ បង្កកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ នោះក៏ជាមូលដ្ឋានគ្រឹះដើម្បីកាម៉ាវកសាងជនបទកាន់តែស្រស់ស្អាត សម្បូរសប្បាយ លើកកម្ពស់គុណភាព ការរស់នៅ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើគោលនយោបាយអភិវឌ្ឍន៍របស់បក្ស និងរដ្ឋ៕
យ្វីអាញ - វិមាន