មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/11/2026 - 08:18

អ្នក​មាន​ប្រិយ​ភាព​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​និង​ថែ​រក្សា​អត្ត​សញ្ញាណ​ជន​ជាតិ​ 

ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ភាព​រួស​រាយ​រាក់​ទាក់​និង​ទឹក​ចិត្ត​គិត​គូរ​ដល់​សហ​គមន៍ លោក​ជុំ​តាយ នៅ​ភូមិ​បឹង​កំ​ពត ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ គឺ​ជា​គំ​រូ​ម្នាក់​ក្នុង​ចំ​ណោម​គំ​រូ​អ្នក​មាន​ប្រិយ​ភាព​ដ៏​លេច​ធ្លោ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សង្គមូបនីយ​កម្ម​នៅ​ភូមិ​ភាគ។ មិន​ត្រឹម​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ចលនា​កសាង ស្ពាន ផ្លូវ​ជន​បទ និង​ឧបត្ថម្ភ​សម្ភារៈ​ចាំ​បាច់​ដល់​គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​បង្កើត​និង​ថែ​រក្សា​ក្លឹប​ភ្លេង​ឆៃយ៉ាំ​របស់​ជន​ជាតិ​ខ្មែរ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ថែ​រក្សា និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង។

  លោក​ជុំ​តាយ នៅ​ភូមិ​បឹង​កំ​ពត កំ​ពុង​សម្អាត​ថែ​ទាំ​មុខ​ខ្មុក​របស់​ក្លឹប​ភ្លេង​ឆៃ​យ៉ាំ​ដែល​គាត់​បង្កើត។

ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍ និង​ជា​លេខា​សាខា​បក្ស​ភូមិ​បឹង​កំ​ពត ឃុំ​តាយ​វ៉ាំង លោក​ជុំ​តាយ តែង​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន និង​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​ប្រ​សើរ​ឡើង គឺ​ទាម​ទារ​មាន​ការ​ចូល​រួម​សហ​ការ​ពី​សហ​គមន៍​ទាំង​មូល។ ផ្ដើម​ពី​គំ​និត​នេះ​ហើយ ទើប​លោក​បាន​រួម​ជា​មួយ​សាខា​បក្ស ធ្វើ​ការ​ផ្សព្វ​ផ្សាយ ចលនា​អង្គ​ការ បុគ្គល សប្បុ​រស​ជន និង​ប្រ​ជា​ជន​ចូល​រួម​អនុ​វត្ត​គម្រោង​នា​នា និង​កិច្ច​ការ​ជាក់​ស្តែង​ដែល​បម្រើ​ដល់​ជីវ​ភាព​ប្រ​ជា​ជន។ ក្នុង​សកម្ម​ភាព​សង្គ​មូប​នីយ​កម្ម លោក​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​ការ​ចល​នា​ថវិកា កសាង​ស្ពាន ផ្លូវ​ជន​បទ ជួស​ជុល​និង​បង្កើន​កម្រិត​ផ្លូវ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ ជួញ​ដូរ​ទំ​និញ​និង​សិស្សា​នុសិស្ស​ទៅ​សា​លា​រៀន។ លោក​ជុំ​តាយ ឱ្យ​ដឹង៖ “រយៈ​ពេល​កន្លង ខ្ញុំ​បាន​ចលនា​សប្បុរស​ជនក​សាង​ស្ពាន​ជន​បទ​ប្រ​មាណ ២០ កន្លែង កសាង​ផ្លូវ​បេ​តុង​ថ្មី​ឡើង​វិញ​ចំ​នួន ៥ ជា​មួយ​សរុប​ប្រ​វែង​ជិត ១.០០០ ម៉ែត្រ ចល​នា​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ជាង ១០០ ដើម និង​រក្សា​អនា​ម័យ​បរិ​ស្ថាន​ដោយ​សម្អាត​ស្មៅ​ព្រៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​បឹង​កំ​ពត”។

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ លោក​ជុំ​តាយ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​លំ​បាក។ លោក​បាន​សកម្ម​ក្នុង​ការ​ចលនា​ឧបត្ថម្ភ​អំ​ណោយ​រាប់​រយ​ចំ​ណែក និង​សម្ភារៈ​ចាំ​បាច់​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក ដើម្បី​ជួយ​មា​មីង​សម្រាល​បន្ទុក​ក្នុង​ជីវ​ភាព។ អំ​ណោយ​ទោះ​បី​ជា​តម្លៃ​មិន​ធំ​ធេង​ក៏​ដោយ ប៉ុន្តែ​នោះ​គឺ​ជា​ការ​ចែក​រំ​លែក​និង​ស្មារតី​នៃ​ការ​ស្រ​ឡាញ់​រាប់​អាន​គ្នា រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​តម្លៃ​មនុស្ស​ធម៌​ដ៏​ល្អ​ប្រ​ពៃ​ក្នុង​សហ​គមន៍។ ប្រ​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​ក្នុង​ការ​រួម​ចំ​ណែក​របស់​លោក​ជុំ​តាយ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើត​ក្លឹប ភ្លេង​ឆៃ​យ៉ាំ។ នេះ​មិន​ត្រឹម​តែ​ជា​សួន​កម្សាន្ត​ផ្នែក​វប្ប​ធម៌​និង​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​សម្រាប់​បង​ប្អូន​ជួប​ជុំ​គ្នា ដោះ​ដូរ ពង្រឹង​សាម​គ្គី​ភាព និង​រួម​គ្នា​ថែ​រក្សា លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ តាម​រយៈ​សកម្ម​ភាព​របស់​ក្លឹប​តម្លៃ​វប្ប​ធម៌​ដ៏​លេច​ធ្លោ​បាន​បន្ត​វេន​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារតី និង​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​របស់​ប្រ​ជា​ជន​ម្នាក់ៗ។

លោក​ស្រី​ ហ្វិញ​ញឺអ៊ី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តាយ​វ៉ាំង បាន​ឱ្យ​ដឹង៖ “សកម្ម​ភាព​របស់​លោក​ជុំ​តាយ ទោះ​បី​ជា​សា​មញ្ញ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជាក់​ស្ដែង។ លោក​មិន​ត្រឹម​តែ​ជា​អ្នក​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដោយ​កម្លាំង​កាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​ក្នុង​ការ​ចលនា និង​ប្រ​មូល​ផ្ដុំ​កម្លាំង​សាមគ្គី​ភាព​របស់​សហ​គមន៍។ តាម​រយៈ​នោះ រួម​ចំ​ណែក​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អនុ​វត្ត​ល្អ​នូវ​ចលនា​ប្រ​ឡ​ងប្រ​ណាំង​ស្នេ​ហា​ជាតិ ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី អភិ​រក្ស​និង​លើក​កម្ពស់​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ”៕

                                       ដា​លីន - ថាច់​ធី​

ចែករំលែកអត្ថបទ