ជាច្រើនឆ្នាំកន្លង ដោយក្តីស្រឡាញ់អាជីព និងមានចំណង់ចំណូលចិត្តភាសាជាតិ លោកគ្រូម៉ាយយុងត្រាង គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទីក្រុងកឹងធើ តែងអស់ពីចិត្តបង្ហាត់បង្រៀនភាសាបាលី និងអក្សរខ្មែរដល់សមណសិស្ស។ ការលះបង់របស់លោកគ្រូបានរួមចំណែកលើកកម្ពស់គុណ ភាពអប់រំ រីកសាយភាយក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិ ហើយទទួលបានការគោរពពីមិត្តរួមអាជីព និងក្តីស្រឡាញ់ទុកចិត្តពីសមណសិស្ស។

លោកគ្រូ ម៉ាយយុងត្រាង នៅក្នុងថ្នាក់រៀន។
តាមការរៀបរាប់របស់លោកគ្រូត្រាង ក្នុងអំឡុងពេលបួសរៀន លោកគ្រូតែងបង្រៀនភាសាបាលី - ខ្មែរដល់ព្រះសង្ឃនៅវត្តសំរោង សង្កាត់ សុកត្រាំង និងវត្តពាងសំរឹទ្ធិ៍ ឃុំអាងនិញ។ ក្នុងរយៈពេលបង្រៀន លោកគ្រូបានចិញ្ចឹមចិត្តមានបំណងចង់ក្លាយជាគ្រូបង្រៀន។ នៅពេលបញ្ចប់ការសិក្សាសាលាបំពេញវិជ្ជាបាលីណាមបូ លោកគ្រូបន្តរៀនមធ្យមសិក្សាមុខជំនាញ (១២+២)។ ក្រោយពេលបញ្ចប់ការសិក្សា លោកគ្រូបង្ហាត់បង្រៀនអក្សរខ្មែរនៅអនុវិទ្យាល័យឡេវិញហ្វា ក្រោយមកបានប្តូរទៅបង្រៀននៅអនុវិទ្យាល័យតូងឌឹកថាំង ខណៈដែលសាលាខ្វះគ្រូបង្រៀន។ ឆ្នាំ ២០១៤ លោកគ្រូបានវិលត្រឡប់មកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទទួលបន្ទុកបង្រៀនមុខវិជ្ជាភាសាបាលីរហូតមកដល់បច្ចុប្បន្ន។ លោកគ្រូ ម៉ាយយុងត្រាង ចែករំលែក៖ “ជាធម្មតាភាសាបាលីមានបង្រៀនតែនៅក្នុងវត្តប៉ុណ្ណោះ ហើយទីនេះគឺជាសាលាតែមួយគត់ដែលបង្រៀនភាសាបាលី។ សិក្ខាកាមរបស់សាលាសុទ្ធតែជាព្រះសង្ឃ អ្នកដែលធ្លាប់បានបួសរៀនច្រើនឆ្នាំ ម្ល៉ោះហើយទាំងផ្នែកសីលធម៌ គំនិតនិងកម្រិតចំណេះដឹងភាសាខ្មែរ ភាសាបាលីយល់ដឹងបានជ្រៅជ្រះ។ អាស្រ័យហេតុនេះ ខ្លួនលោកផ្ទាល់តែងខិតខំរៀនសូត្រ ស្រាវជ្រាវមិនឈប់អានសៀវភៅជាប្រចាំ ស្វែងយល់ពីវេយ្យាករណ៍បាលី ដើម្បីពេលដែលសមណសិស្សសួរ គឺយើងត្រូវតែដឹងឆ្លើយតបបាន”។
ចំពោះលោកគ្រូ តួនាទីជាគ្រូបង្រៀនមិនត្រឹមតែបង្រៀនចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងត្រូវលើកកម្ពស់មុខជំនាញដោយឥតឈប់ឈរ។ លោកគ្រូបានបញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យអក្សរសាស្ត្រនៅឆ្នាំ ២០០៨ និងបន្តសិក្សាសញ្ញាបត្រ ទីពីរនៃគរុកោសល្យភាសាខ្មែរ។ ទន្ទឹមនឹងនោះ លោកគ្រូបានខ្នះខ្នែងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនអនុវត្តបច្ចេកវិទ្យាព័ត៌មាន បំផុសស្មារតីស្វ័យសិក្សារបស់សមណសិស្ស។ ពេលចូលថ្នាក់ លោកគ្រូបង្កបរិយាកាសពិភាក្សាយ៉ាងផុសផុល ធ្វើឱ្យមេរៀនវេយ្យាករណ៍បាលីដ៏ស្មុគស្មាញក្លាយជាច្បាស់លាស់និងងាយយល់។ សមណសិស្ស យ័ញឡើយ រៀនថ្នាក់ទី ១២ ចែករំលែក៖ “លោកគ្រូ ម៉ាយយុងត្រាង បង្រៀនភាសាបាលីងាយយល់ណាស់។ លោកគ្រូមានចំណេះដឹងជ្រៅជ្រះ យល់ដឹងទូលំទូលាយ ម្ល៉ោះហើយសមណសិស្សសួរអ្វីក៏ដោយ លោកគ្រូបកស្រាយទាន់ពេល។ ពិសេស វេយ្យាករណ៍បាលីដែលលោកគ្រូបង្រៀនងាយយល់ណាស់ ហេតុនេះសមណសិស្សតែងគោរពស្រឡាញ់លោកគ្រូជាខ្លាំង”។
មិនត្រឹមតែបង្រៀនក្នុងសាលារដ្ឋប៉ុណ្ណោះទេ លោកគ្រូថែមទាំងខ្នះខ្នែងបង្រៀនអក្សរខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិករដ្ឋរបស់ទីក្រុងផងដែរ។ លោក គ្រូថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “លោកគ្រូត្រាង គឺជាគំរូអំពីសីលធម៌ របៀបរស់នៅសុភាពរាបសា ចុះសម្រុង និងតែងជួយចែករំលែកបទពិសោធន៍ដល់មិត្តរួមអាជីព។ លោកគ្រូត្រាង មានវិធីសាស្ត្របង្រៀនបែបវិទ្យាសាស្ត្រ សមស្របទៅនឹងសមត្ថភាពសមណសិស្ស ទើបលោកគ្រូទទួលបានការគោរពស្រឡាញ់ពីសិក្ខាកាម”។
ការគោរពពីមិត្តរួមអាជីព ព្រមទាំងជំនឿទុកចិត្តពីសិស្ស និងការកត់សម្គាល់របស់សាលា គឺជាកម្លាំងចលករដើម្បីលោកគ្រូម៉ាយយុងត្រាង បន្តលះបង់កម្លាំងកាយចិត្ត រួមចំណែកអភិរក្សភាសា អក្សរសាស្រ្ត និងអត្តសញ្ញាណវប្បធម៌ខ្មែរសម្រាប់ស្រទាប់យុវជន បច្ចុប្បន្ននិងអនាគត៕
យ្វីអាញ - លីសៀ