លោកថាច់សាន់ នៅភូមិកិញ្ឆាង ឃុំផុងថាញ់ ខេត្តវិញឡុង បានទទួលស្គាល់ជាអ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិខ្មែរតាំងពីឆ្នាំ២០១៦។ អស់រយៈពេលជាច្រើនឆ្នាំមក លោកតែងសកម្មក្នុងការឃោសនាចលនាប្រជាជនឱ្យរួមកម្លាំងគ្នាកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន។ សម្រាប់លោក ប្រិយភាពមិនមែនកើតចេញពីពាក្យសម្តីនោះទេ ប៉ុន្តែត្រូវបានសាងឡើងតាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍សម្រាប់សហគមន៍។

លោកថាច់សាន់ ជាអ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ នៅភូមិកិញ្ឆាង ឃុំផុងថាញ់ ខេត្តវិញឡុង។
ដងផ្លូវបេតុងប្រវែង ៤០០ម៉ែត្រ ទទឹង ២ម៉ែត្រ និងស្ពានមានប្រវែងជិត ១០ម៉ែត្រ នៅភូមិកិញ្ចាងបានកសាងរួចរាល់ធ្វើឱ្យប្រជាជន ១៥ គ្រួសារដែលទទួលផលពីគម្រោងនេះមានក្តីសប្បាយរីករាយយ៉ាងខ្លាំង។ បើប្រៀបនឹងផ្លូវចាស់ដែលមានទទឹងប្រមាណតែ ១ម៉ែត្រ ផ្លូវថ្មីនេះបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនស្រូវនិងទំនិញផ្សេងៗ។
ដើម្បីកសាងផ្លូវនេះ លោកថាច់សាន់ បានទៅជួបនិងចលនាគ្រួសារដោយផ្ទាល់ ឱ្យរួមកម្លាំងនិងធនធានក្នុងការកសាង។ ដងផ្លូវនេះ សរុបថវិកាកសាងជិត ២០០ លានដុង ក្នុងនោះ ឃុំបានឧបត្ថម្ភស៊ីម៉ង់ត៍ ៣០០ បាវ ចំណែកខ្សាច់ ថ្ម និងកម្លាំងពលកម្ម គឺជាការចូលរួមរបស់ប្រជាជន។ នៅដំណាក់កាលដំបូង គ្រួសារមួយចំនួននៅមានការស្ទាក់ស្ទើរ ដោយសាររដ្ឋបានវិនិយោគកសាងផ្លូវបេតុងសំខាន់ចំនួន ២ រួចហើយ។ លោកថាច់សាន់ បានអត់ធ្មត់ពន្យល់ប្រជាជនឱ្យយល់ថា ផ្លូវនេះជាផ្លូវដែលបម្រើដោយផ្ទាល់ដល់ប្រជាជនក្នុងភូមិ ដូច្នេះ ប្រសិនបើគ្រួសាររួមចំណែកមួយផ្នែកនោះនឹងអាចមានផ្លូវធ្វើដំណើរដែលងាយស្រួលឆាប់រហ័ស។ លោកថាច់សាន់ ឱ្យដឹង៖ "ដំបូងការចលនាក៏ពិបាកណាស់ដែរ។ ខ្ញុំបានពន្យល់ឱ្យមាមីងយល់ថា ផ្លូវនេះកសាងឡើងគឺដើម្បីបម្រើផលប្រយោជន៍របស់យើងផ្ទាល់ ជួយឱ្យការធ្វើដំណើរ ការដឹកជញ្ជូនស្រូវ និងទំនិញមានភាពងាយស្រួល។ នៅពេលបងប្អូនយល់ហើយ គ្រប់គ្នាក៏បានឯកភាពនិងចូលរួមគាំទ្រ"។
ផ្លូវនេះធ្លាប់បានប្រជាជនរួមគ្នាកសាងតាំងពីឆ្នាំ២០១៥ ប៉ុន្តែបន្ទាប់ពីប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ក៏បានខូចខាតនិងទ្រុឌទ្រោម។ នៅដើមឆ្នាំ២០២៦ លោកថាច់សាន់ បានស្នើសុំឱ្យភូមិភាគជួយឧបត្ថម្ភក្នុងការជួសជុលនិងកែលម្អផ្លូវនេះ។ បន្ទាប់ពីឃុំបានជួយឧបត្ថម្ភស៊ីម៉ង់ត៍ លោកបានបន្តចលនាឱ្យប្រជាជនចូលរួមចំណែកជាខ្សាច់ ថ្ម និងកម្លាំងពលកម្ម។
បងស៊ើងឡេមិញ ដែលបានចូលរួមកសាងផ្លូវនេះ បានឱ្យដឹង លោកថាច់សាន់ មានវិធីសាស្ត្រល្អក្នុងការចលនា និងពន្យល់សមហេតុផល ធ្វើឱ្យប្រជាជនស្តាប់និងយល់ព្រមចូលរួម។ មិនត្រឹមតែចលនាកៀរគរប៉ុណ្ណោះទេ គាត់ក៏បានចុះធ្វើការជាមួយប្រជាជនដោយផ្ទាល់។ បងស៊ើងឡេមិញ ចែករំលែក៖ "ឃើញលោកពូសាន់ គាត់ខ្នះខ្នែងនិងយកចិត្តទុកដាក់បែបនេះ ធ្វើឱ្យយើងក៏ចង់ចូលរួមជ្រោមជ្រែង។ លុះធ្វើទៅខ្វះស៊ីម៉ង់ត៍ លោកពូសាន់ បានឱ្យផ្អាកធ្វើមួយផ្នែកនៅត្រង់មុខផ្ទះគាត់ ហើយបន្តធ្វើឱ្យបានរួចរាល់នៅមុខផ្ទះរបស់គ្រួសារទាំងឡាយ។ ពីមុនផ្លូវនេះតូច ពេលភ្លៀងម្ដងៗតែងលិចទឹក ការធ្វើដំណើរជួបលំបាកណាស់ រថយន្តដឹកស្រូវក៏ពិបាកចូលដែរ។ ឥឡូវផ្លូវធំទូលាយ ស្អាតបាត មាមីងសប្បាយចិត្តគ្រប់ៗគ្នា"។

លោកថាច់សាន់ រួមជាមួយអ្នកភូមិ ចូលរួមធ្វើផ្លូវបេតុងនៅភូមិកិញ្ឆាង។
លោកថាច់សាន់ រៀបរាប់៖ "យើងរស់នៅក្នុងសហគមន៍ គឺត្រូវគិតគូរពីសហគមន៍។ ផ្លូវនេះពេលកសាងរួច គ្រួសារខ្ញុំក៏ធ្វើដំណើរតាមផ្លូវនេះ ប្រជាជនក៏ធ្វើដំណើរតាមផ្លូវនេះដែរ ដូច្នេះ អ្នកណាអាចចូលរួមបានអ្វី ក៏ចូលរួមតាមលទ្ធភាព"។ មិនត្រឹមតែផ្លូវមួយនេះប៉ុណ្ណោះទេ លោកថាច់សាន់ បានបន្តសហការជាមួយវត្តមង្គលឧទ្យាន កិញ្ឆាង ដើម្បីចលនាឱ្យប្រជាជនរួមគ្នាកសាងផ្លូវមួយទៀត ប្រវែងប្រមាណ ៣០០ម៉ែត្រ ទទឹង ២ម៉ែត្រ និងកសាងស្ពានចំនួន ២។ វត្តជួយឧបត្ថម្ភថវិកា ចំណែកលោកបានចលនាឱ្យប្រជាជនចូលរួមកម្លាំងពលកម្ម។
ក្នុងតួនាទីជាប្រធានគណៈកម្មការវត្តមង្គលឧទ្យាន កិញ្ឆាង លោកថាច់សាន់ ក៏បានសកម្មក្នុងការភ្ជាប់ទំនាក់ទំនងរវាងវត្តនិងប្រជាពុទ្ធបរិស័ទ ក្នុងសកម្មភាពការងារសហគមន៍នានា។ តាមប្រសាសន៍របស់លោក នៅពេលដែលមនុស្សគ្រប់គ្នារួមគ្នាពិភាក្សា រួមគ្នាចូលរួមនិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ការងាររួមនឹងងាយស្រួលទទួលបានការឯកភាព។ ក្រៅពីការងាររួមក្នុងសហគមន៍ លោក ថាច់សាន់ ក៏យកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ គ្រួសាររបស់លោកមានដីស្រែ ៥ ហិកតា ធ្វើស្រូវ ៣ រដូវក្នុងមួយឆ្នាំ និងរកបានប្រាក់ចំណូលប្រមាណ ៦០០ លានដុងក្នុងមួយឆ្នាំ។ ក្រៅពីនោះ លោកវិនិយោគលើមុខរបរជួលរោងសម្រាប់ពិធីមង្គលការ ក៏បង្កើតការងារតាមរដូវកាលបន្ថែម សម្រាប់ពលករប្រមាណ ៦ នាក់។ កូនប្រុសទាំង ៣ នាក់របស់លោក សុទ្ធតែរៀនចប់មហាវិទ្យាល័យនិងមានការងារធ្វើលំនឹង។
លោកថាច់សាងឹម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងថាញ់ បានវាយតម្លៃថា លោកថាច់សាន់ តែងមានភាពជិតស្និទ្ធជាមួយប្រជាជន មានប្រិយភាពនិងមានការទទួលខុសត្រូវចំពោះសហគមន៍។ លោកថាច់សាងឹម មានប្រសាសន៍៖ "អ្វីដែលគួរឱ្យកោតសរសើរចំពោះលោក ថាច់សាន់ គឺនិយាយដើរទន្ទឹមគ្នានឹងការអនុវត្ត។ នៅពេលអំពាវនាវឱ្យប្រជាជនចូលរួមអនុវត្តការងាររួម លោកតែងធ្វើជាគំរូ ចូលរួមដោយផ្ទាល់ និងរួមជាមួយប្រជាជនដោះស្រាយរាល់ការលំបាក"។
ចាប់ពីផ្លូវចាស់ដែលមានទទឹងត្រឹមតែ ១ ម៉ែត្រ រហូតដល់ផ្លូវបេតុងទទឹង ២ ម៉ែត្រនាពេលបច្ចុប្បន្ន អ្វីដែលបន្សល់មក មិនត្រឹមជាសំណង់បម្រើសុខុមាលភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវសាមគ្គីភាព និងការឯកភាពគ្នានៃប្រជាជនទាំង ១៥ គ្រួសារ។ សម្រាប់លោកថាច់សាន់ ប្រិយភាពត្រូវបានសាងឡើងពីការព្រួតដៃជាមួយប្រជាជន ធ្វើអ្វីៗដែលជាក់ស្តែង និងមានប្រយោជន៍ សម្រាប់សហគមន៍៕
ពេជ្រ សឿន