14/08/2026 - 22:23

នគរ​បាល​កាម៉ាវ​ ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​ 

រៀង​រាល់​ឱ​កាស​បវេសនកាល​ ភាព​សប្បាយ​រីក​រាយ​របស់​កុមារ​នៅ​តំ​បន់​ដាច់​ស្រយាល​ តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ខេត្ត​កាម៉ាវ​ តែង​លាយឡំ​នឹង​ក្តី​បា​រម្ភ​អំ​ពី​សៀវ​ភៅ​សិក្សា​ មធ្យោ​បាយ​ទៅ​មក​និង​សុវត្ថិ​ភាព​របស់​កូន​ចៅ​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ នគរ​បាល​ខេត្ត​កាម៉ាវ​ បាន​រួម​ដំ​ណើរ​ដោយ​ការ​ជួយ​ឧបត្ថម្ភ​ សម្ភារៈ​ បំប៉ន​ចំ​ណេះ​ដឹង​និង​បំ​ណិន​ជីវិត​ បំ​ណិន​ការ​ពារ​ខ្លួន​ ព្រម​ទាំង​បង្កើន​ទំនុក​ចិត្ត​ ដើម្បី​ឱ្យ​ប្អូន​ៗអាច​បន្ត​ដំ​ណើរ​ទៅ​សា​លា​ដោយ​ភាព​រឹង​មាំ​។

*ជួយ​ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​

នៅ​ឃុំ​ភូ​មី​ ការិយា​ល័យ​នគរ​បាល​ចល័ត​នៃ​នគរ​បាល​ខេត្ត​កាម៉ាវ​ បាន​ចាត់​តាំង​កម្ម​វិធី​ជំ​រុញ​ដំ​ណើរ​ទៅ​សា​លា​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​។ តាម​រយៈ​កម្ម​វិធី​នេះ​ កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ បាន​ជូន​អំ​ណោយ​ ៤៥ ចំ​ណែក​៖ រួម​មាន​កាបូប​ស្ពាយ​ និង​សៀវ​ភៅ​សរ​សេរ​ ៤៥០ ក្បាល​ ដល់​ប្អូន​ៗដោយ​ផ្ទាល់​ដៃ​។ អំ​ណោយ​ទាំង​នេះ​ ទោះ​បី​មាន​តម្លៃ​មិន​ធំ​ដុំ​ក៏​ដោយ​ ប៉ុន្តែ​បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​សិស្ស​ឱ្យ​បន្ត​ខិត​ខំ​រៀន​សូ​ត្រ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ថ្មី​ៗនេះ​ នៅ​សា​លា​បឋម​សិក្សា​ដោទឿលួង​ ឃុំ​អ៊ូ​មិញ​ សាខា​សម្ព័ន្ធ​យុវ​ជន​និង​សមា​គម​នា​រី​ ការិយា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​នៃ​នគរ​បាល​ខេត្ត​កាម៉ាវ​ បាន​សហ​ការ​ជា​មួយ​អង្គ​ភា​ពពាក់​ព័ន្ធ​និង​សប្បុរស​ជន​ ចាត់​តាំង​កម្ម​វិធី​ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​" ឆ្នាំ​សិក្សា​ ២០២៦-២០២៧។ ក្នុង​ឱ​កាស​នេះ​ ក៏​បាន​ជូន​អំ​ណោយ​ ១០០ ចំ​ណែក​៖ រួម​មាន​កាបូប​ស្ពាយ​ សៀវ​ភៅ​សរ​សេរ​ សម្ភារៈ​សិក្សា​ និង​សម្ភារៈ​ចាំ​បាច់​ជា​ច្រើន​ទៀត​ ជូន​ដល់​ប្អូន​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ លោក​អនុ​សេនីយ៍​ឯក​ ង៉ោថា​ញ់ធឹក​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​នៃ​ការិយា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​ នគរ​បាល​ខេត្ត​កាម៉ាវ​ មាន​ប្រ​សាសន៍​៖ "ដោយ​ប្រ​កាន់​ខ្ជាប់​ស្មារតី​ "ដើម្បី​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​បម្រើ​" អង្គ​ភាព​មាន​បំ​ណង​ឱ្យ​សកម្ម​ភាព​ដែល​ផ្តោត​លើ​កុមារ​ មិន​ត្រឹម​តែ​ជា​ការ​ផ្តល់​អំ​ណោយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​សិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ឱ្យ​មា​នល​ក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ការ​សិក្សា​ មាន​ទំនុក​ចិត្ត​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ និង​យល់​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​រួម​ដំ​ណើរ​ពី​សហ​គម​ន៍ផង​"។

ជូន​អំ​ណោយ​ដល់​សិស្ស​ខ្មែរ​នៅ​សង្កាត់​វិញ​ត្រាច​ ក្នុង​កម្ម​វិធី​ "រួម​ដំ​ណើរ​ជា​មួយ​កុមារ​"។

លោក​យាយ​ង្វៀង​ធី​លី​ (អាយុ​ ៧១ ឆ្នាំ​) នៅ​ភូមិ​កៃ​បាត​ ឃុំ​ហឹង​មី​ រស់​នៅ​តែ​ម្នាក់​ឯង​ និង​ជា​អ្នក​មើល​ ថែ​ចៅ​ពីរ​នាក់​ដោយ​ផ្ទាល់​ដែល​កំ​ពុង​សិក្សា​នៅ​ថ្នាក់​ទី​៨ និង​ថ្នាក់​ទី​១។ ឪ​ពុក​ម្តាយ​របស់​កុមារ​ទាំង​ពីរ​នាក់​ ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​ ប្រាក់​ចំ​ណូល​ទាប​ ដូច្នេះ​ការ​ចំ​ណាយ​សម្រាប់​ការ​ចូល​រៀន​នៅ​ដើម​ឆ្នាំ​សិក្សា​ បាន​ក្លាយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សម្រាប់​គ្រួ​សារ​។ ដោយ​យល់​ច្បាស់​ពី​ស្ថាន​ភាព​របស់​លោក​ យាយ​ ង្វៀង​ធី​លី​ សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​នៃ​ពន្ធ​នា​គារ​លេខ​១ នគរ​បាល​ខេត្ត​ បាន​សហ​ការ​ជា​មួយ​សាខា​សម្ព័ន្ធ​យុវ​ជន​នៃ​ស្ថា​ប័ន​បក្ស​ឃុំ​ហឹង​មី​ ចុះ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​និង​ផ្ដល់​ជូន​គ្រួ​សា​រលោក​យាយ​ កង់​មួយ​គ្រឿង​ អង្ករ​ មី​កញ្ចប់​ ព្រម​ទាំង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​ទៀត​។ ព្រម​ជា​មួយ​នោះ​ ក្រុម​ការ​ងារ​ក៏​បាន​ផ្ដល់​ជូន​អំ​ណោយ​ សៀវ​ភៅ​សរ​សេរ​ និង​សម្ភារៈ​សិក្សា​ដល់​ប្អូន​មួយ​ចំ​នួន​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។ លោក​យាយ​លី​ ចែក​រំលែក​៖ "ក្មួយ​ៗនគរ​បាល​ បាន​មក​សួរ​សុខ​ទុក្ខ​ និង​ជូន​កង់​ អង្ក​រនិង​សម្ភារៈ​ប្រើ​ប្រាស់​ គ្រួ​សារ​ខ្ញុំ​មាន​អា​រម្មណ៍​រំភើប​និង​អរ​គុណ​យ៉ាង​ខ្លាំង​។ ដោយ​ការ​ជួយ​នេះ​ ចៅ​ៗរបស់​ខ្ញុំ​មាន​សៀវ​ភៅ​ សម្ភារៈ​សិក្សា​និង​កាបូប​ដើម្បី​ទៅ​សា​លា​ ហើយ​ខ្ញុំ​ក៏​ស្រាល​បន្ទុក​បាន​មួយ​ផ្នែក​ដែរ​"។

 *បំប៉ន​បំ​ណិន​ដើម្បី​កុមារ​ចេះ​ការ​ពារ​ខ្លួន​

ក្រៅ​ពី​ការ​ជួយ​ផ្នែក​ខាង​សិក្សា​ នគរ​បាល​ខេត្ត​កាម៉ាវ​ ក៏​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំ​ពាក់​បំប៉ន​បំ​ណិន​ចាំ​បាច់​ដល់​កុមារ​ ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗ​ចេះ​បង្ការ​ហា​និភ័យ​និង​ការ​ពារ​ខ្លួន​។ ក្នុង​ឱ​កាស​វិស្សម​កាល​ នគរ​បាល​សង្កាត់​វិញ​ត្រាច​ បាន​សហ​ការ​ចាត់​តាំង​សកម្ម​ភាព​មាន​ប្រ​យោជន៍​ជា​ច្រើន​ដល់​កុមារ​ជន​ជាតិ​ខ្មែរ​ និង​កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ ប្អូន​ៗត្រូវ​បាន​ណែ​នាំ​អំ​ពី​បំ​ណិន​ឌីជី​ថល​ ការ​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ការ​សម្គាល់​ហា​និភ័យ​នៅ​លើ​បណ្តា​ញអ៊ីនធឺ​ណិត​ ដូច​ជា​ ការ​ឆបោក​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ព័ត៌​មាន​អាក្រក់​ ព្រម​ទាំង​អំ​ពើ​រំ​លោភ​បំ​ពាន​លើ​កុមារ​។ លោ​កថា​ច់កឿង​ ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់​យ៉ាប់​ណឿក សង្កាត់​វិញ​ត្រាច​ បាន​វាយ​តម្លៃ​ កម្ម​វិធី​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ពិ​សេស​សម្រាប់​សិស្ស​ជន​ជាតិ​ខ្មែរ​ និង​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​; ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ សកម្ម​ភាព​ដូច្នេះ​បន្ត​បាន​រៀប​ចំ​ឡើង​ជា​ប្រ​ចាំ​ ដើម្បី​ជួយ​ឱ្យ​កុមារ​មាន​ទំនុក​ចិត្ត​ និង​មាន​សុវត្ថិ​ភាព​កាន់​តែ​ប្រសើរ​ក្នុង​ជីវ​ភាព​រស់​នៅ​។

ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​សា​លា​បឋម​សិក្សា​ដោទឿលួង​ ឃុំ​អ៊ូ​មិញ​។

ព្រម​ជា​មួយ​នោះ​ បំ​ណិន​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ការ​លង់​ទឹក​ ក៏​បាន​ការិយា​ល័យ​នគរ​បាល​ពន្លត់​អគ្គិ​ភ័យ​ សង្គ្រោះ​បន្ទាន់​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នៃ​នគរ​បាល​ខេត្ត​ ចាត់​តាំង​វគ្គ​បង្រៀន​ហែ​លទឹក​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ រួម​នឹង​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ និង​ទប់​ស្កាត់​ការ​លង់​ទឹក​ជូន​កុមារ​ជាង​ ១០០ នាក់​នៅ​ទូ​ទាំង​ខេត្ត​។ នៅ​ក្នុង​ថ្នាក់​រៀន​ កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ បាន​ណែ​នាំ​កុមារ​ឱ្យ​ស្គាល់​ពី​ហា​និភ័យ​នៃ​ការ​លង់​ទឹក​ កំ​ណត់​សម្គាល់​តំ​បន់​ដែល​មាន​គ្រោះ​ថ្នាក់​ អនុ​វត្ត​នូវ​គោល​ការណ៍​សុវត្ថិ​ភាព​នៅ​ពេល​លេង​ ឬ​ងូត​ទឹក​ក្នុង​ព្រែក​ ប្រ​ឡាយ​ ស្រះ​និង​បឹង​បួរ​;  ទន្ទឹម​នឹង​នោះ​ កុមារ​ក៏​ត្រូវ​បាន​បំ​ពាក់​បំ​ណិន​សង្គ្រោះ​ខ្លួន​ឯង​ និង​ជួយ​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់​ក្នុង​ស្ថាន​ភាព​សម​ស្រប​។ ក្រោម​ការ​ណែ​នាំ​ដោយ​ផ្ទាល់​ពី​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ ប្អូន​ៗចាប់​ផ្តើម​ស្គាល់​និង​សម្រប​ខ្លួន​បន្តិច​ម្ដង​ៗជា​មួយ​បរិស្ថាន​ទឹក​ រៀន​បច្ចេក​ទេស​អណ្តែ​តខ្លួន​ ការ​ដក​ដង្ហើម​ ការ​ធាក់​ជើង​ ដៃ​កកាយ​ទឹក​ និង​បំ​ណិន​ហែ​លទឹក​ជា​មូល​ដ្ឋាន​។ ប្អូន​ៗក៏​បាន​ណែ​នាំ​អំ​ពី​របៀប​ប្រើ​ប្រាស់​អាវ​ពោង​ ឧប​ករណ៍​ជួ​យស​ង្គ្រោះ​ និង​ខ្សែ​សង្គ្រោះ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ អ្នក​មីង​ ទ្រិញថាញ​ថាវ​ នៅ​សង្កាត់​វិញ​ត្រាច​ ឱ្យ​ដឹង​៖ "ថ្នាក់​បង្រៀន​ហែ​លទឹក​ដោយ​ឥត​គិត​ថ្លៃ​ដែល​នគរ​បាល​ខេត្ត​រៀប​ចំ​ឡើង​ ពិត​ជា​មាន​ប្រ​យោជន៍​ណាស់​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កុមារ​ចេះ​ហែ​លទឹក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចេះ​បង្ការ​និង​ដោះ​ស្រាយ​នៅ​ពេល​ជួប​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ក្នុង​ទឹក​។ ខ្ញុំ​ពិត​ជា​ស្ងប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ នៅ​ពេល​ឃើញ​កូន​ចេះ​ហែ​លទឹក​ និង​ចេះ​បំ​ណិន​ការ​ពារ​ខ្លួន​។ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដោយ​ស្មោះ​ ចំ​ពោះ​ទឹក​ចិត្ត​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​"។

តាំង​ពី​កាបូប​ស្ពាយ​ថ្មី​ សៀវ​ភៅ​ថ្មី​ កង់​សម្រាប់​ជិះ​ទៅ​សា​លា​ រហូត​ដល់​ថ្នាក់​រៀន​អំ​ពី​បំ​ណិន​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ការហែល​ទឹក​ និង​ការ​បង្ការ​ ទប់​ស្កាត់​ការ​លង់​ទឹក​ សកម្ម​ភាព​ទាំង​អស់​របស់​នគរ​បាល​ខេត្ត​កាម៉ាវ​ឆ្ពោះ​ដល់​ទិស​ដៅ​រួម​ គឺ​បង្ក​លក្ខ​ណៈឱ្យ​កុមារ​មាន​ឱ​កាស​រៀន​សូ​ត្រ​ លេង​កម្សាន្ត​ និង​ធំ​ឡើង​ក្នុង​បរិយាកាស​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​មាន​សុខ​ភាព​ល្អ​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​ពោរ​ពេញ​ដោយ​មនុស្ស​ធម៌​ កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​កាម៉ាវ​ បាន​បន្ត​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​រូប​ភាព​របស់​នគរ​បាល​ជិត​ដិត​នឹង​ប្រ​ជា​ជន​ គោរព​ប្រ​ជា​ជន​ និង​ដើម្បី​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​បម្រើ​៕

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ