នៅក្នុងជីវភាពបច្ចុប្បន្ន នៅតែមានអ្នកដែលខ្នះខ្នែងចូលចិត្តថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ក្នុងចំណោមនោះគឺមានសិប្បករឆ្លាក់ក្បាច់រចនាយ៉ាងវិចិត្រម្នាក់គឺបង លីថារិទ្ធិ នៅមណ្ឌលដើមទំពាំង សង្កាត់វិញភឿក ទីក្រុងកឹងធើបានផ្សារភ្ជាប់ជាង ២០ ឆ្នាំជាមួយរបរឆ្លាក់ស៊ីម៉ង់ត៍ពុទ្ធបដិមា និងក្បាច់រចនាខ្មែរព្រមទាំងឆ្លាក់ក្បាច់រចនាលើឈើធ្វើជាស្លាបទ្វារ បង្អួចសម្រាប់សំណង់ស្ថាបត្យកម្មនៃសាលា ព្រះវិហារ សមណកុដិ... មិនត្រឹមតែថែរក្សានូវក្បាច់រចនាវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ របរនេះថែមទាំងបានបង្កការងារធ្វើ រកប្រាក់ចំណូល បានលំនឹងសម្រាប់គ្រួសារទៀតផង។

បងលីថារិទ្ធិ នៅមណ្ឌលទំពាំង សង្កាត់វិញភឿកកំពុងឆ្លាក់ក្បាច់លើទ្វារឈើ។
កើតក្នុងគ្រួសារកសិករ គឺចាប់តាំងពីកុមារភាពមក បងបានជក់អារម្មណ៍នឹងក្បូរក្បាច់ដែលឆ្លាក់នៅលើសំណង់វត្តអារាមនិងរបស់របរប្រើប្រាស់ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ការជក់អារម្មណ៍នោះបានរីកសាយអស់រយៈកាលជាច្រើនខែឆ្នាំ ដោយជំរុញឱ្យបងខិតខំរៀនសូត្រនូវរាល់ក្បាច់រចនា និងបច្ចេកទេសឆ្លាក់នីមួយៗពីសំណាក់សិប្បករជើងចាស់។ ទោះបីជាការងារទាមទារនូវភាពអត់ធ្មត់ ម៉ត់ចត់និងចំណាយពេលច្រើនក៏ដោយ ក៏បងមិនដែលគិតបោះបង់ចោលដែរ។ បងលីថារិទ្ធិ បានឱ្យដឹង៖ "ក្នុងវ័យកម្លោះពេលចូលបួសរៀនក្នុងវត្ត ក្រៅពីសិក្សាព្រះធម៌វិន័យ និងអក្សរសាស្រ្ត ខ្ញុំក៏មានបំណងចង់រៀនពីរបរឆ្លាក់នេះដែរ ពេលនោះមានជាងចម្លាក់ម្នាក់ឈ្មោះស៊ើងដានី កំពុងសាងសង់ស្ថាបត្យកម្មឱ្យវត្តសេរីកណ្តាល ស្ថិតនៅសង្កាត់វិញភឿក ទីក្រុងកឹងធើខ្ញុំតែងតែជួយការងាររបស់ជាងនិងសុំរៀនតាមតែម្តង។ ឆ្លងកាត់ខែឆ្នាំនៃការបង្ហាត់បង្ហាញពីលោកគ្រូដានី និងការខិតខំប្រឹងប្រែងដោយខ្លួនឯងក្នុងការបែងប្លង់សូនរូបចម្លាក់ព្រះពុទ្ធ និងការរៀបចំគូរខ្នាតបង្កើតម៉ូដក្បូរក្បាច់ ធ្វើឱ្យខ្ញុំកាន់តែមានភាពស្ទាត់ជំនាញ និងកាន់តែចូលចិត្តរបរចម្លាក់នេះថែមទៀត។ ឆ្នាំ ២០០៦ ខ្ញុំបានលាចាកសិក្ខាបទ រហូតមកទល់នឹងពេលនេះ ខ្ញុំបានទទួលការធ្វើស្ថាបត្យកម្មក្បូរក្បាច់ចម្លាក់ស៊ីម៉ងត៍ និងចម្លាក់ឈើសម្រាប់ទ្វារ បង្អួចនៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដូចជា៖ វត្តមុនីសាគរដើមអំពិល វត្តសិរីកណ្តាល សង្កាត់វិញភឿក វត្តសិរីក្រសាំង សង្កាត់វិញចូវ វត្តផ្តៅពេន ឃុំលីវទូ និងវត្តដៀន ឃុំវិញហូវ ខេត្តកាម៉ាវ"។ ដោយទឹកដៃដ៏ប៉ិនប្រសប់ និងគំនិតច្នៃប្រតិដ្ឋ បំណែកឈើនីមួយៗបានទៅជារូបសិល្បៈចម្លាក់ដ៏រស់រវើក វិធីសាស្ត្រឆ្លាក់ស៊ីម៉ងត៍ឱ្យទៅជារូបភាពស្រស់ស្អាត រួមចំណែកលម្អវត្តអារាម និងសំណង់វប្បធម៌របស់ជនរួមជាតិខ្មែរឱ្យកាន់តែមានសោភណភាព។ ដោយសារតែមានមុខរបរនេះ ក្នុងមួយឆ្នាំៗបងរកបានប្រាក់ចំណូលជូនគ្រួសារប្រមាណ ១៥០ លានដុង ក្រោយពីផាត់ទាត់រួចរាល់។
មិនត្រឹមតែខិតខំច្នៃប្រតិដ្ឋប៉ុណ្ណោះទេ សិប្បករថារិទ្ធិ ក៏មានការខិតខំខ្នះខ្នែងក្នុងការបង្រៀនមុខរបរនេះដល់យុវជនជំនាន់ក្រោយផងដែរ។ បងតែងតែប្រាថ្នាចង់ឱ្យប្អូនៗយល់ពីតម្លៃនៃសិល្បៈចម្លាក់បុរាណ និងបន្តវេនមុខរបរដែលជីដូនជីតាបន្សល់ទុក។ យោងតាមបង ការអភិរក្សមុខរបរចម្លាក់នេះមិនត្រឹមតែរក្សារបរសិប្បកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរផងដែរ។ បច្ចុប្បន្ន បងទទួលបង្រៀនយុវជនក្នុងភូមិភាគដោយមានសិក្ខាកាមចំនួន ៦ នាក់កំពុងរៀនពីមុខរបរចម្លាក់ក្បាច់រចនាដើម្បីធ្វើទៅជាផលិតផលធ្វើពីស៊ីម៉ងត៍ និងឈើ។

បងលីថារិទ្ធិ នៅមណ្ឌលទំពាំង សង្កាត់វិញភឿកកំពុងណែនាំដល់សិស្សពីររៀបឆ្លាក់ក្បូរក្បាច់លើឈើ។
ដោយការជក់អារម្មណ៍នឹងរបរ និងចំណង់ចំណូលចិត្តឥតឈប់ឈរ សិប្បករថារិទ្ធិបានរួមចំណែកអភិរក្សតម្លៃវប្បធម៌ដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរ។ គំរូរបស់គាត់គឺជាកម្លាំងចលករសម្រាប់យុវជនជាច្រើនក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ដើម្បីឱ្យក្បាច់រចនាប្រពៃណីខ្មែរគង់វង្សស្ថិតស្ថេរជានិច្ច។ លោកថាច់យឿង - ជាសមាជិកគណៈកម្មាធិការវត្តសិរីកណ្តាលបានឱ្យដឹង៖ "របរចម្លាក់ប្រពៃណីកំពុងប្រឈមមុខនឹងការលំបាកជាច្រើន និងហានិភ័យនៃការសាបរលាប។ ប៉ុន្តែការប្តេជ្ញាចិត្តនិងចូលចិត្តចំពោះវប្បធម៌ជនជាតិ ប្អូនលីថារិទ្ធិ នៅតែខ្នះខ្នែងផ្ចត់ផ្ចង់ជារៀងរាល់ថ្ងៃជាមួយនឹងរបរចម្លាក់ ដើម្បីបង្កើតបានផលិតផលរបស់ខ្លួន និងខិតខំបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែករក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនរួមជាតិខ្មែរ"។
ដោយការជក់អារម្មណ៍ ភាពអត់ធ្មត់ចំពោះរបរ និងទឹកដៃដ៏ប៉ិនប្រសប់ សិប្បករលីថារិទ្ធិ បានរួមចំណែកថែរក្សា និងពង្រីកសិល្បៈឆ្លាក់ក្បូរក្បាច់បុរាណរបស់ជនរួមជាតិខ្មែរ ដើម្បីរក្សានូវតម្លៃវប្បធម៌ដ៏ថ្នៃថ្នូរទាំងនោះបានស្នងបន្តថែរក្សា និងសាយភាយទៅច្រើនជំនាន់ទៀត៕
ដាលីន