18/09/2026 - 05:59

ដាំ​ប្លុង​អង្ករ​នៅ​ជម្រាក់​ស្រែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ 

ទន្ទឹម​នឹង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈធម្ម​ជាតិ​ និង​តម្រូវ​ការ​ទី​ផ្សារ​ លោក​ លី​ជុង ភូមិ​បឹង​ចុង​ ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ​ បាន​មោះ​មុត​ដាំ​ប្លុង​អង្ករ​នៅ​ជម្រាក់​ស្រែ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​។

ពី​មុន​ គ្រួ​សា​រលោក​លី​ជុង ធ្វើ​ស្រែ​ជា​ចម្បង​។ ប៉ុន្តែ​ដោយ​សារ​ទិន្ន​ផល​ស្រូវ​មិន​ខ្ពស់​ តម្លៃ​មិន​លំ​នឹង​ ម្ល៉ោះហើយ​គាត់​បាន​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ​រដូវ​ដើម​ឆ្នាំ​ និង​រដូវ​សម្រក​ ២ ហិក​តា​ មក​ដាំ​ប្លុង​អង្ករ​វិញ​ ពី​ព្រោះ​ប្លុង​អង្ករ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈដី​ធ្លី​នៅ​តំ​បន់​នេះ​។ លោក​ជុង ឱ្យ​ដឹង​៖ "កាល​ទើប​ដាំ​ប្លុង​អង្ករ​ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​ណាស់​ ដោយ​សារ​មិន​ទាន់​មាន​បទ​ពិសោធន៍​អំ​ពី​បច្ចេក​ទេស​ដាំ​ និង​របៀប​ថែ​ទាំ​។ ចាប់​ពី​ផ្នែក​ជ្រើស​ពូជ​ កែ​ប្រែ​ដី​ គ្រប់​គ្រង​កម្រិត​ទឹក​ រហូត​ដល់​បង្ការ​កម្ចាត់​សត្វ​ល្អិត​ និង​ជំងឺ​ ប៉ុន្តែ​ពេល​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ និង​រៀន​សូ​ត្រ​ពី​បទ​ពិសោធន៍​របស់​គ្រួ​សារ​ដែល​ដាំ​ជោគ​ជ័យ​ ខ្ញុំ​ក៏​ក្ដោប​ក្តាប់​ដំ​ណើរ​ការ​ដាំ​ដុះ​បាន​បន្តិច​ម្តង​ៗ ជួយ​ដំ​ណាំ​លូត​លាស់​ល្អ​"។

លោក​ លី​ជុង នៅ​ភូមិ​បឹង​ចុង​ ឃុំ​តាយ​វុាំង កំ​ពុង​ថែ​ទាំ​ប្លុង​អង្ករ​ដែល​ផ្តល់​ប្រាក់​
ចំ​ណូល​ជាង​ ១៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។

ប្លុង​អង្ករ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស៊ាំ​នឹង​បរិស្ថាន​ មិន​សូវ​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ​ វិនិយោគ​ទុន​មិន​ខ្ពស់​ពេក​ និង​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​បើ​ប្រៀប​នឹង​ប្រ​ភេទ​ដំ​ណាំ​ផ្សេង​ៗទៀត​។ ក្រោយ​ពី​ដាំ​ ៣ ខែ​ យើង​អាច​ប្រ​មូល​ផល​លើក​ដំ​បូង​ ហើយ​ឱ្យ​តែ​គម្លាត​ពី​ ១ ខែ​ដល់​ ១ ខែ​កន្លះ​ គឺ​ប្រ​មូល​ផល​ម្តង​ (ប្រ​មូល​ផល​ជុំ​ឆ្នាំ​)។ តាម​ប្រ​សាសន៍​របស់​លោក​ជុង ប្រ​មូល​ផល​លើក​ដំ​បូង​បាន​ប្រ​មា​ណ​ ៨០០ គី​ឡូ​ក្រាម​/២ ហិក​តា​ ហើយ​បន្ត​កើន​ឡើង​ក្នុង​លើក​ប្រ​មូល​ផល​បន្ទាប់​ៗពី​ ១,២ ដល់​ ១,៤ តោន​/២ ហិក​តា​ លក់​ក្នុង​តម្លៃ​ពី​ ១៣.០០០ ដល់​ ២០.០០០ ដុង​/គី​ឡូ​ក្រាម​ (អា​ស្រ័យ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​)។ ពិ​សេស​ ប្លុង​អង្ករ​ដាំ​តែ​ម្តង​ អាច​ប្រ​មូល​ផល​បាន​រយៈ​ពេល​ ៣ ឆ្នាំ​ ប្រ​សិន​បើ​ថែ​ទាំ​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​។ ជា​មួយ​នឹង​បទ​ពិសោធន៍​ ៥ ឆ្នាំ​ដាំ​ប្លុង​អង្ករ​ លោក​ជុង ឱ្យ​ដឹង​៖ "ដើម្បី​ប្លុង​អង្ក​រលូត​លាស់​ល្អ​ពេល​ដាំ​នៅ​ជម្រាក់​ស្រែ​ ត្រូវ​រក្សា​ទឹក​នៅ​កម្រិត​ ៣ តឹក​ឡើង​ទៅ​ជា​និច្ច​ ប្លុង​មិន​សូវ​មាន​ជំងឺ​ និង​សត្វ​ល្អិត​បំ​ផ្លាញ​ ហេ​តុ​នោះ​គ្រាន់​តែ​ព្រាច​ថ្នាំ​កម្ចាត់​ខ្យង​ហោង​លឿង​ ដើម្បី​ការ​ពារ​មិន​ឱ្យ​ខ្យង​ពង​នៅ​លើ​ដើម​ ឬ​ស៊ី​ស្លឹក​ខ្ចី​។ ដើម្បី​ប្លុង​ផ្តល់​ទិន្ន​ផល​លំ​នឹង​ និង​រក្សា​រយៈ​ពេល​ប្រ​មូល​ផល​បាន​យូរ​ ប្រហែល​ជា​ ៥ ខែ​ ត្រូវ​ព្រាច​ជី​ម្តង​ ប្រើ​ជី​អ៊ុយ​រ៉េ​ និង​ DAP (មួយ​ប្រ​ភេទ​ ២ បាវ​)។ មុន​ព្រាច​ជី​ ត្រូវ​បង្ហូរ​ទឹក​ក្នុង​ស្រែ​ចេញ​បន្តិច​ (ទុក​ប្រ​មា​ណ​ ១ តឹក​) ដើម្បី​ជួយ​ឱ្យ​ប្លុង​ស្រូប​យក​ជី​បាន​ល្អ​ បន្ទាប់​ពី​ ២ សប្តា​ហ៍ ទើប​បញ្ចូល​ទឹក​ចូល​ស្រែ​វិញ​តាម​ធម្ម​តា​។ ចំ​ពោះ​ប្លុង​អង្ករ​ ២ ហិក​តា​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​ជាង​ ១៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។ ទម្រង់​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ដល់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​រដូវ​កាល​ឱ្យ​កម្ម​ករ​ ១០ នាក់​នៅ​ភូមិ​ភាគ​ទៀត​ផង​ ដោយ​បាន​ប្រាក់​ចំ​ណូល​ប្រ​មា​ណ​ ៣០០.០០០ ដុង​/ថ្ងៃ​/ម្នាក់​"។

ស្រែ​ប្លុង​អង្ករ​របស់​លោក​ លី​ជុង នៅ​ភូមិ​បឹង​ចុង​ ឃុំ​តាយ​វុាំង។

លោក​ យ័ញតឹង​ក្វៀង​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ "ផ្តើម​ពី​ភាព​ជាក់​ស្តែង​នៃ​ទម្រង់​ដាំ​ប្លុង​អង្ករ​របស់​លោក​លី​ជុង ពេល​ចេះ​ជ្រើស​រើស​ដំ​ណាំ​សម​ស្រប​នឹង​លក្ខ​ណៈដី​ធ្លី​ ផ្លាស់​ថ្មី​គំ​និត​ផលិត​ និង​ម្ចាស់​ការ​អនុ​វត្ត​បច្ចេក​ទេស​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​តែ​មួយ​។ នេះ​មិន​ត្រឹម​តែ​ជា​ទម្រង់​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​បង្គួរ​ដល់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​ដែល​កសិ​ករ​នៅ​ភូមិ​ភាគ​គួរ​រៀន​សូ​ត្រ​និង​ពង្រីក​ទម្រង់​ទៀត​ផង​; ទម្រង់​នេះ​រួម​ចំ​ណែក​អំ​ណះអំ​ណាង​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ ឆ្ពោះ​ដល់​វិស័យ​កសិ​កម្ម​ស៊ាំ​នឹង​លក្ខ​ណៈធម្ម​ជាតិ​ លើក​កម្ពស់​តម្លៃ​កសិ​ផល​ និង​អភិវឌ្ឍ​ផលិត​តាម​ទិស​ដៅ​ចីរ​ភាព​"៕

ថាញ​វ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ