អនុវត្តផែនការលេខ ២៥០/KH-UBND របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការផ្សព្វផ្សាយអនុវត្តរៀបចំនិងចាត់តាំងភូមិ មណ្ឌលឡើងវិញ ឆ្នាំ២០២៦ រយៈពេលកន្លង មានភូមិភាគជាច្រើនលើភូមិឋានទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយនិងអនុវត្តការរៀបចំសម្រេចរួចរាល់ រួមបញ្ចូលភូមិនានាត្រូវតាមសេចក្តីកំណត់។ ក្រោយពីការពិនិត្យឡើងវិញ បានរួមបញ្ចូលបណ្តាភូមិដែលមានទ្រង់ទ្រាយពុំទាន់សមស្រប ឃុំមីហឿង ទីក្រុងកឹងធើបានរៀបចំសម្រេចរួចរាល់ បង្កការឯកភាពខ្ពស់ក្នុងកងជួរកម្មាភិបាល បុគ្គលិក កម្មករនិយោជិតនិងប្រជាជន។

មីហឿងចាត់តាំងកិច្ចប្រជុំប្រកាសសេចក្តីសម្រេចអំពីការរៀបចំ រួមបញ្ចូលភូមិ។
តាមផែនការដែលបានផ្សព្វផ្សាយ ទូទាំងឃុំមីហឿងបានបន្ថយពី២៦ភូមិ នៅត្រឹម១៩ភូមិ ព្រមទាំងពង្រឹងការរៀបចំអង្គការបក្សបន្ថយពី២៦សាខាបក្ស នៅត្រឹម១៩សាខាបក្ស។ ក្នុងនោះ បង្កើតភូមិថ្មីចំនួន៧ និងសាខាបក្សថ្មីចំនួន៧ ផ្អែកលើមូលដ្ឋានរួមបញ្ចូល១៤ភូមិ និង១៤សាខាបក្សដែលមានស្រាប់ ព្រមទាំងរក្សាទុកដដែលនូវភូមិចំនួន១២និងសាខាបក្សចំនួន១២។ អ្នកស្រី ចូវធីម៉ុយ ប្រធានការិយាល័យវប្បធម៌-សង្គមឃុំមីហឿង ឱ្យដឹង៖"ឃុំបានកំណត់ច្បាស់ការរួមបញ្ចូលភូមិគឺជាគោលការណ៍ធំ ត្រូវយកប្រជាជនធ្វើជាស្នូល ដូច្នេះការងារផ្សព្វផ្សាយគឺជាភារកិច្ចសំខាន់។ ហេតុនេះ ឃុំជំរុញការផ្សព្វផ្សាយដោយទម្រង់រូបភាពជាច្រើន ដូចជា៖ ក្នុងការប្រជុំប្រជាជន ប្រជុំជីវភាពសាខាបក្ស រហូតដល់ការផ្សព្វផ្សាយលើបណ្តាញសង្គមនិង Zalo ជាដើម។ ព្រមជាមួយនោះ កម្មាភិបាលក៏បានទៅជួបសំណេះសំណាល ស្តាប់មតិគោលបំណងរបស់ប្រជាជន ដោះស្រាយរាល់ការចម្ងល់និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការរួមបញ្ចូលភូមិ។អាស្រ័យហេតុនេះ ប្រជាជនយល់ច្បាស់និងឯកភាពគាំទ្រគោលការណ៍ ទើបដំណើរការរួមបញ្ចូលភូមិប្រព្រឹត្តទៅដោយរលូន ត្រូវតាមផែនការ"។

គណៈកម្មាធិការបក្សឃុំមីហឿង ប្រគល់សេចក្តីសម្រេចដល់លេខាសាខាបក្សថ្មី។
ទិសដៅរួមនៃគោលការណ៍រួមបញ្ចូលភូមិ និងការរៀបចំភូមិឡើងវិញ គឺសំដៅលើកកម្ពស់គុណភាពគ្រប់គ្រង ប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពធនធាននិងបម្រើប្រជាជនកាន់តែប្រសើរឡើង ហេតុនេះ ទទួលបានការឯកភាពគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់ប្រជាជន។ លោកត្រេវស៊ុន នៅភូមិបឹងកក់ ឱ្យដឹង៖"ដំបូងពេលស្តាប់ព័ត៌មានអំពីការរួមបញ្ចូលភូមិ ខ្ញុំនិងមាមីងខ្មែរមានការព្រួយបារម្ភក្រែងក្រោយៗនេះទៅធ្វើលិខិតស្នាមមានភាពស្មុគស្មាញ។ ប៉ុន្តែ នៅកិច្ចប្រជុំប្រជាជនពេលបានស្តាប់កម្មាភិបាលឃុំ ភូមិពន្យល់ច្បាស់លាស់ ទើបយល់ពីការរួមបញ្ចូលភូមិ គឺជួយឱ្យភូមិមានការអភិវឌ្ឍរឹងមាំជាង ងាយស្រួលក្នុងការប្រមូលផ្តុំវិនិយោគកសាងផ្លូវ ស្ពាន លូ ទំនប់ជាដើម។ចំណែកបែបបទឯកសារ តែងបានផ្នែកសមត្ថកិច្ចធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ VneID ទាំងអស់ ហេតុនេះ មាមីងយល់ច្បាស់និងឯកភាពគាំទ្រ ១០០%"។
មកទល់ពេលនេះ គណៈកម្មាធិការបក្សឃុំមីហឿង បានចាត់តាំងកិច្ចប្រជុំប្រកាសនិងប្រគល់សេចក្តីសម្រេចបង្កើតសាខាបក្សថ្មី តែងតាំងគណៈកម្មាធិការបក្ស លេខា អនុលេខាសាខាបក្ស តែងតាំងប្រធានគណៈប្រជាជនភូមិ បង្កើតគណៈកិច្ចការរណសិរ្សនិងតែងតាំងប្រធានគណៈកិច្ចការរណសិរ្សភូមិ ក្រោយពីការរៀបចំឡើងវិញ បង្កលក្ខណៈដើម្បីបណ្តាអង្គភាពថ្មីឆាប់លំនឹងអង្គការនិងដំណើរការជាផ្លូវការ។ លោកត្រឹងមិញហ៊ុង លេខាសាខាបក្សភូមិបឹងកក់ ឱ្យដឹង៖"បច្ចុប្បន្ន ភូមិបឹងកក់ថ្មីដំណើរការលើមូលដ្ឋាននៃការរួមបញ្ចូលភូមិពពុះទឹកនិងភូមិបឹងកក់ ដោយមានប្រជាជន១.១៤២គ្រួសារ រួមមាន៥តំបន់។ ពេលបានគណៈកម្មាធិការបក្សតែងតាំងធ្វើជាលេខាសាខាបក្ស ខ្ញុំក៏បានបើកកិច្ចប្រជុំប្រគល់ភារៈ ផ្សព្វផ្សាយភារកិច្ចជាក់ស្តែងដល់បក្ខជនម្នាក់ៗទទួលបន្ទុកបណ្តាអង្គការមហាជន ដើម្បីត្រួតពិនិត្យ គ្រប់គ្រងតំបន់ក្តាប់ច្បាស់មតិគោលបំណងរបស់ប្រជាជន ក៏ដូចជានាំយកគោលនយោបាយផ្សព្វផ្សាយដល់ប្រជាជន។ពិសេស ត្រូវជិតដិតនឹងប្រជាជន ពេលប្រជាជនត្រូវការ គឺត្រូវត្រៀមជាស្រេច"។

សាខាបក្សភូមិបឹងកក់ប្រជុំប្រគល់ភារកិច្ចជាក់ស្តែងដល់បក្ខជន ដើម្បីអនុវត្តភារកិច្ចគ្រប់គ្រងនៅមូលដ្ឋាន។
តាមប្រសាសន៍អ្នកស្រី ង្វៀងធីហុងកឹម លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីហឿង គោលការណ៍រៀបចំ រួមបញ្ចូលភូមិមិនត្រឹមតែផ្លាស់ថ្មី សម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាពចំណាត់ការរបស់កម្មាភិបាលនៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាជំហានយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង បង្កជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ បណ្តាប្រភពកម្លាំងវិនិយោគត្រូវបានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន អាគារវប្បធម៌និងសំណង់ផ្សេងៗបម្រើការរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ទ្រង់ទ្រាយចំនួនប្រជាជននិងផ្ទៃដីធំជាង ក្រោយពីរួមបញ្ចូលក៏បង្កលក្ខណៈងាយស្រួលដើម្បីរៀបចំផែនការផលិត អភិវឌ្ឍទម្រង់សេដ្ឋកិច្ចប្រមូលផ្តុំ ចងសម្ព័ន្ធសង្វាក់តម្លៃ។ កសិករនឹងមានឱកាសចូលរួមបណ្តាសហករណ៍ ក្រុមសហការផលិត ពង្រីកតំបន់ផលិតមុខទំនិញ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសនិងផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម រួមចំណែកជំរុញការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចនៅជនបទ។ នេះជាប្រធានបទដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពជីវភាពប្រជាជននិងកសាងជនបទមីហឿងកាន់តែអភិវឌ្ឍឆាប់រហ័សនិងចីរភាព៕
យ្វីអាញ-មុនី