ក្រោយរយៈពេលមួយឆ្នាំនៃការរួមបញ្ចូលអង្គភាពរដ្ឋបាល មិនត្រឹមតែមានការផ្លាស់ប្តូរអំពីប្រព័ន្ធចាត់តាំងប៉ុណ្ណោះទេ កិច្ចការបម្រើសេវាដោះស្រាយបែបបទរដ្ឋបាលរបស់មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋនៅឃុំថាញ់ថើយអាង ទីក្រុងកឹងធើ ក៏កាន់តែជំនាញ ទំនើប ជិតដិតនឹងប្រជាជនជាងមុន។ បែបបទរដ្ឋបាលជាច្រើនបានអនុវត្តតាមរយៈអត្តសញ្ញាណអេឡិចត្រូនិក ជួយកាត់បន្ថយពេលវេលាផងនិងបង្កការពេញចិត្តសម្រាប់ប្រជាជនផង។

ប្រជាជនមកកាន់មជ្ឈមណ្ឌលរដ្ឋបាលរដ្ឋឃុំថាញ់ថើយអាង ដើម្បីអនុវត្តបែបបទដ្ឋបាល។
លោកង្វៀងហ្វាងទ្រឺ នាយករងមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំថាញ់ថើយអាង ឱ្យដឹង៖ “បន្ទាប់ពីដំណើរការអស់រយៈពេលមួយឆ្នាំ មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំថាញ់ថើយអាង បានដំណើរការយ៉ាងមានរបៀបរៀបរយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការបំពេញបែបបទរដ្ឋបាល។ ឆ្នាំកន្លង ទោះបីចំនួនសំណុំឯកសារកើនឡើងក៏ដោយ ប៉ុន្តែដោយការប្ដេជ្ញា “យកប្រជាជនជាស្នូលនៃការបម្រើ” ដូច្នេះ អត្រានៃការដោះស្រាយសំណុំឯកសារបានទាន់ពេលវេលា តែងសម្រេចជាង ៩៨%។ ឆ្លងតាមរយៈនោះ បានរួមចំណែកបង្កើនទំនុកចិត្តនិងជួយប្រជាជនកាន់តែម្ចាស់ការជាងទៀតក្នុងការអនុវត្តបែបបទរដ្ឋបាល”។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ មជ្ឈមណ្ឌលបានទទួលនិងដោះស្រាយសំណុំឯកសារជិត ២.០០០ ករណីលើវិស័យជាច្រើន ដូចជា អត្រានុកូលដ្ឋាន ដីធ្លី គោលនយោបាយសង្គម និងធានារ៉ាប់រងជាដើម។ អត្រាសំណុំឯកសារបានដោះស្រាយទាន់ពេលនិងមុនកាលកំណត់ សម្រេច ៩៩% រួមចំណែកលើកកម្ពស់កម្រិតនៃការពេញចិត្តរបស់ប្រជាជន។ អ្នកមីងថាច់ធីឡាង ស្នាក់នៅភូមិអាងហ្វា ២ រៀបរាប់៖ “កាលពីមុន ខ្ញុំទៅធ្វើលិខិតស្នាមម្ដងៗពិបាកណាស់ ត្រូវដើរសួររកច្រើនអន្លើ។ ឥឡូវនេះ មជ្ឈមណ្ឌលមានបុគ្គលិកជួយណែនាំដោយអស់ពីចិត្ត ដំណើរការរហ័សនិងងាយស្រួល ខ្ញុំមានអារម្មណ៍រីករាយជាខ្លាំង”។
ដើម្បីសម្រេចបានលទ្ធផលខាងលើ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចភូមិភាគ ក៏មានការចូលរួមយ៉ាងសកម្មរបស់សមាគមនិងអង្គការមហាជននានា។ ក្នុងនោះ កម្លាំងសម័្ពន្ធយុវជនដើរតួនាទីស្នូលក្នុងការជួយប្រជាជនបង្ខិតជិតសេវារដ្ឋបាលរដ្ឋ ពិសេសគឺក្នុងបរិការណ៍ជំរុញការផ្លាស់ប្ដូរឌីជីថលដូចសព្វថ្ងៃនេះ។ នៅមជ្ឈមណ្ឌល សមាជិកសម័្ពន្ធយុវជន យុវជនតែងមានមុខក្នុងម៉ោងដែលមានប្រជាជនមកទទួលសេវាច្រើន ដើម្បីជួយបំពេញព័ត៌មានក្នុងសំណុំឯកសារ ណែនាំការដាក់ពាក្យតាមប្រព័ន្ធអនឡាញ និងជួយស្វែងរកលទ្ធផលដែលដោះស្រាយរួច។ ចំពោះអ្នកវ័យចាស់និងជនរួមជាតិខ្មែរ ដែលការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត ក្នុងនោះ សម័្ពន្ធយុវជនបានជួយដោយផ្ទាល់ "ណែនាំមួយជំហានម្តងៗ" ហើយថែមទាំង "ចុះទៅដល់តាមភូមិនិងតាមផ្ទះ" ដើម្បីណែនាំប្រជាជនអំពីការអនុវត្តបែបបទរដ្ឋបាល និងការចុះឈ្មោះអត្តសញ្ញាណអេឡិចត្រូនិក រួមចំណែកនាំសេវារដ្ឋឱ្យកាន់តែខិតជិតប្រជាជន។ លោកឡឹមអៀង អ្នកមានប្រិយភាពនៅភូមិហ៊ឹងថើយ ចែករំលែក៖ “ខ្ញុំសង្កេតឃើញថា ចាប់តាំងពីមានមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋមក មាមីងងាយស្រួលជាងមុនច្រើន។ បែបបទត្រូវបានណែនាំច្បាស់លាស់ មានតម្លាភាព ហើយមានសម័្ពន្ធយុវជនជួយទៀត ដូច្នេះ គ្រប់គ្នាមានទំនុកចិត្តក្នុងការអនុវត្តបែបបទរដ្ឋបាល”។

យុវជនស្ម័គ្រចិត្តបានចុះដល់តាមភូមិ ដើម្បីជួយណែនាំប្រជាជនចុះឈ្មោះ
អត្តសញ្ញាណអេឡិចត្រូនិក។
លោកង្វៀងយ៉ីខឿង លេខាសម្ព័ន្ធយុវជនឃុំថាញ់ថើយអាង ឱ្យដឹង៖ “សម្ព័ន្ធយុវជនឃុំតែងកំណត់ច្បាស់ថា ការជួយប្រជាជនបង្ខិតជិតសេវារដ្ឋ គឺជាភារកិច្ចដ៏សំខាន់មួយរបស់យុវជនក្នុងការចូលរួមអនុវត្តការកែទម្រង់រដ្ឋបាល។ សមាជិកសម្ព័ន្ធយុវជនម្នាក់ៗ មិនត្រឹមតែជួយណែនាំអំពីវិធីអនុវត្តបែបបទរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជួយណែនាំប្រជាជនយល់កាន់តែច្បាស់អំពីដំណើរការនីតិវិធីនីមួយៗ ដើម្បីបង្កភាពងាយស្រួលនិងកាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទរដ្ឋបាលទៀតផង”។
អាចសង្កេតឃើញថា មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំថាញ់ថើយអាង មិនត្រឹមតែជាកន្លែងដោះស្រាយបែបបទរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជន។ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់ផ្នែកនិងអង្គការមហាជននានា ជាពិសេស គឺតួនាទីឈានមុខរបស់សម្ព័ន្ធយុវជន មជ្ឈមណ្ឌលកាន់តែពង្រីកប្រសិទ្ធភាពនៃការបំពេញការងារ រួមចំណែកកសាងខឿនរដ្ឋបាលរដ្ឋស្និទ្ធស្នាល រាក់ទាក់និងទំនើប បម្រើប្រជាជនកាន់តែល្អប្រសើរ៕
ហុងទើ - ពេជ្រសឿន