02/07/2026 - 06:40

ទី​បង្អែក​សម្រាប់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​កម្ម​វិធី “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ឡើយ​”។ តាម​រយៈ​នោះ មាន​ទម្រង់​ជា​ច្រើន​បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព។

បង​ស្រី​ឡឹម​ធី​ង៉ុក​ហ្វា មាន​សេចក្តី​រីក​រាយ​នៅ​ពេល​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​
ឧបត្ថម្ភ​ពពែ​មួយ​គូ​។

អនុវត្ត​កម្ម​វិធី “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ឡើយ” កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា ចលនា សាង​សង់ “ផ្ទះ​មហា​សាម​គ្គី” បាន ១១២ ខ្នង គិត​ជា​តម្លៃ​សរុប​ជាង ៥,៣ ពាន់​លាន​ដុង និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ចំ​នួន​៣០ ជួយ​ឱ្យ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ តួ​យ៉ាង​ដូច៖ ទម្រង់ “ធា​នា​បុល​ទុន​អភិ​វឌ្ឍន៍​ការ​ផលិត ជួញ​ដូរ” ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ទទួល​ធា​នា​ឱ្យ​ប្រ​ជា​ជន​ចំ​នួន ៤៥ គ្រួ​សារ​បាន​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ជា​មួយ​ទឹក​ប្រាក់​សរុប ១ ពាន់​លាន​ដុង។ ទម្រង់ “ចិញ្ចឹម​គោ​បន្ត​ពូជ” បាន​ប្រ​គល់​គោ​ញី​ចំ​នួន ៥០ ក្បាល គិត​ជា​ទឹក​ប្រាក់​សរុប ៧៥០ លាន​ដុង; ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នីមួយៗ​ថែម​ទាំង​ណែ​នាំ​បច្ចេក​ទេស ថែ​ទាំ បង្ការ និង​ទប់​ស្កាត់​ជំងឺ​លើ​សត្វ​គោ ហើយ​តែង​តាម​ដាន និង​ឧបត្ថម្ភ​ប្រ​ជា​ជន​ក្នុង​ដំ​ណាក់​កាល​ចិញ្ចឹម​ទៀត​ផង។ លទ្ធ​ផល មាន​ប្រ​ជា​ជន ៣២ គ្រួ​សារ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ទម្រង់​នេះ​បាន រួម​ចំ​ណែក​បង្កើត​របរ​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព។

ព្រម​ជា​មួយ​នោះ ទម្រង់ “ចិញ្ចឹម​ពពែ​ប្រ​មូល​ផ្តុំ” ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ឧបត្ថម្ភ​ពពែ​ញី​សម្រាប់​ចិញ្ចឹម​ប្រ​មូល​ផ្តុំ ហើយ​កម្មា​ភិបាល យុទ្ធ​ជន គ្រប់​គ្រង ណែ​នាំ​បច្ចេក​ទេស​ថែ​ទាំ ម្ល៉ោះហើយ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ វរ​សេនីយ៍​ត្រី សុខ​ឌុង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឱ្យ​ដឹង៖ “ផ្តើម​ពី​ពពែ​ញី ២០ ក្បាល ប៉ុស្តិ៍​ការ​ពា​ព្រំ​ដែន​បាន​បង្កាត់​និង​ប្រ​គល់​ពពែ​ញី​ជាង ១០០ ក្បាល ដល់​ប្រ​ជា​ជន​ក្រី​ក្រ ១០ គ្រួ​សា​រលើ​ភូមិ​ឋាន។ លទ្ធ​ផល​គឺ​មាន ៧ គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​នោះ នៅ​ឆ្នាំ ២០២៣ ទម្រង់​នេះ​បាន​ប្រ​គល់​ឱ្យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​អនុ​វត្ត​បន្ត”។

បច្ចុប្បន្ន ទម្រង់​ចិញ្ចឹម​ពពែ​បាន​អនុ​វត្ត​នៅ​ឃុំ​ឡាយ​ហ្វា នាំ​មក​នូវ​ក្តី​រីក​រាយ​និង​បង្ក​លក្ខណៈ​សម្រាប់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ បង ស្រី​ឡឹម​ធី​ង៉ុក​ហ្វា នៅ​ភូមិ​ស៊ាវ​កុក ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​រាល់​ថ្ងៃ​ធ្វើ​ការ​ឈ្នួល រក​ត្រី ក្តាម​។ល។ លក់​យក​លុយ​ចិញ្ចឹម​ជី​វិត​ប្រ​ចាំ​ថ្ងៃ។ ឥ​ឡូវ​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ផ្តល់​ជូន​ពពែ ១ គូ សង់​ទ្រុង និង​ណែ​នាំ​បច្ចេក​ទេស​ថែ​ទាំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ បន្ទាប់​ពី​ចិញ្ចឹម​បាន​ពីរ​បី​ខែ ពពែ​កើត​កូន​បាន​មួយ​ក្បាល ម្ល៉ោះហើយ​សព្វ​ថ្ងៃ​ពេល​ទៅ​ធ្វើ​ការ​ឈ្នួល​ត្រ​ឡប់​មក​វិញ ខ្ញុំ​ឆ្លៀត​ទៅ​កាត់​ស្មៅ រក​ស្លឹក​ឈើ​សម្រាប់ចំ​ណី​ពពែ​។ សង្ឃឹម​ថា ពពែ​ទាំង​នេះ​នឹង​ធំ​ធាត់​ល្អ ជួយ​ឱ្យ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល និង​សាង​សង់​ផ្ទះ​ឡើង​វិញ”។

តាម​ប្រ​សាសន៍​វរ​សេនីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ មនោ​សញ្ចេត​នា និង​តួ​នា​ទី​រួម​ដំ​ណើរ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ទី​ក្រុង​កឹង​ធើ ជា​មួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ។ តាម​នោះ បាន​ពង្រឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន រឹត​បន្តឹង​មនោ​សញ្ចេត​នា សាម​គ្គី​ផ្សារ​ភ្ជាប់​រវាង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជា​មួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​ជាតិ៕

                                  យ្វី​អាញ - លី​សៀ​

ចែករំលែកអត្ថបទ