02/07/2026 - 06:40

ពង្រឹង​សមត្ថ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ជា​ច្រើន​ឆ្នាំ​កន្លង ផ្នែក​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ពង្រឹង​សមត្ថ​ភាព​សុខា​ភិបាល​នៅ​មូល​ដ្ឋានជា​បន្ត​បន្ទាប់ បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ភូ អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។

ដោយ​ទស្សនៈ “យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​និង​ជា​អង្គ​សំ​ខាន់​ក្នុង​គោ​លន​យោ​បាយ ការ​ពារ ថែ​ទាំ និង​លើក​កម្ពស់​សុខ​ភាព” ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ថា សុខា​ភិបាល​មូល​ដ្ឋាន​គឺ​ជា​គ្រឹះ​និង​ជា “អ្នក​យាម​ទ្វារ” ក្នុង​ប្រ​ព័ន្ធ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន។ ផ្អែក​លើ​មូល​ដ្ឋាន​នេះ ទិស​ដៅ​សំ​ខាន់​ៗក៏​បាន​ដាក់​ចេ​ញរ​ហូត​ដល់​ឆ្នាំ ២០៣០  រួម​មាន៖ អត្រា​គ្រប​ដណ្តប់​នៃ​ការ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជាង ៩៥% នៃ​ចំ​នួន​ប្រ​ជា​ជន; ប្រ​ជា​ជន​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ពិ​និត្យ​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​បាន​គ្រប់​គ្រង​សុខ​ភាព​ដោយ​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកតាម​វដ្ត​ជី​វិត។

ទន្ទឹម​នឹង​នោះ ទី​ក្រុង​មាន​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​សេ​វា​សុខា​ភិបាល​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន ជា​មួយ​ទិស​ដៅ​បង្កើន​អត្រា​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ តាម​រយៈ​ការ​ធា​នា​រ៉ាប់​រង​សុខ​ភាព​នៅ​តាម​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សម្រេច​ជាង​ ២០% និង​អត្រា​ចាក់​វ៉ា​ក់សាំង​បង្ការ​សម្រេច​ជាង ៩៥%។ ជា​ពិ​សេស ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទាំង​១០០% នឹង​បាន​វិនិ​យោគ​ព្រមៗ​គ្នា​អំ​ពី​មូល​ដ្ឋាន​សម្ភារ គ្រឿង​បរិក្ខារ​ពេទ្យ និង​ធន​ធាន​មនុស្ស ខិត​ខំ​ដល់​ឆ្នាំ ២០២៧ នៅ​តាម​ដំ​ណាក់​សុខា​ភិបាល​នី​មួយៗ​នឹង​មាន​វេជ្ជ​បណ្ឌិត​ពី ៤-៥ រូប ដើម្បី​បំ​ពេញ​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន។

លោក​ហ្វាង​ក្វឹក​គឿង នា​យក​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “វិស័យ​សុខា​ភិបាល កំ​ពុង​ផ្តោត​លើ​ការ​ស្រាវ​ជ្រាវ​និង​សំ​ណើ​នូវ​វិធាន​ការ​នា​នា ដើម្បី​នាំ​យក​សេ​វា​សុខា​ភិបាល​ប្រ​កប​ដោយ​គុណ​ភាព​ខិត​ជិត​នឹង​ប្រ​ជា​ជន សំ​ខាន់ គឺ​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​និង កាត់​បន្ថយ​បន្ទុក​ចំ​ណាយ​លើ​ថ្លៃ​សេ​វា​សុខា​ភិបាល”។

អនុ​វត្ត​តាម​ទិស​ដៅ​រួម​របស់​ទី​ក្រុង ឃុំ​ឡុង​ភូ បាន និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​និង​លើក​កម្ពស់​សមត្ថ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន ដោយ​ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​គន្លឹះ​ដើម្បី​បង្រួម​គម្លាត​ក្នុង​ការ​ទទួល​បាន​សេ​វា​សុខា​ភិបាល​របស់​ប្រ​ជា​ជន។

បច្ចុប្បន្ន​នេះ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ភូ បាន​រៀប​ចំ​ទី​តាំង​សេ​វា ២ កន្លែង នៅ​ភូមិ​តឹង​ឡឹប និង​ភូមិ​ទី​៥ ដោយ​មាន​គ្រូ​ពេទ្យ​និង​បុគ្គ​លិក​ចំ​នួន ១៦ រូប ក្នុង​នោះ មាន​វេជ្ជ​បណ្ឌិត ៣ រូប ចូល​រួម​ផ្ទាល់​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ រួម​ចំ​ណែក​នាំ​យក​សេ​វា​សុខា​ភិបាល​ខិត​ជិត​នឹង​ប្រ​ជា​ជន។

ពូ​ថាច់​ធឿង  ប្រ​ជា​ជន​នៅ​ភូមិ​តឹង​ឡឹប ចែក​រំលែក៖ “អា​ស្រ័យ​មាន​ដំ​ណាក់​សុខា​ភិបាល និង​ប័ណ្ណ​ធា​នា​ រ៉ាប់​រង​សុខ​ភាព​ មា​មីង​ទៅ​ពិ​និត្យ​ជំងឺ​មាន​ភាព​ងាយ​ ស្រួល​ជាង​មុន​ច្រើន​ណាស់។ យើង​ខ្ញុំ​សង្ឃឹម​ថា រដ្ឋ នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ដើម្បី​ដំ​ណាក់​សុខា​ភិបាល​មាន​លក្ខណៈ​គ្រប់​គ្រាន់​បំ​ពេញ​តួ​នា​ទី បម្រើ​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រសើរ”។

លោក​ត្រឹង​ហ្វាង​ត្វង នា​យក​រង​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុង​ភូ មាន​ប្រ​សាសន៍៖ “ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ដល់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រសើរ​ យើង​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​បន្ថែម​ធន​ធាន​មនុស្ស និង​ការវិ​និយោគ​គ្រឿង​សម្ភារៈ​ពេទ្យ បំ​ពេញ​បន្ថែម​នូវ​យន្ត​ការ​សកម្ម​ភាព។ នៅ​ពេល​ដែល​សុខា​ភិបាល​មូល​ដ្ឋាន​បាន​ពង្រឹង ប្រ​ជា​ជន​នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​ទាន់​ពេល​នៅ​នឹង​ភូមិ​ភាគ”៕         

                                      ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ