នៅតំបន់ជនបទដែលជីវភាពជនរួមជាតិខ្មែរនៅជួបលំបាកច្រើន រូបភាពយុវជនវ័យក្មេងរស់នៅមានការទទួលខុសត្រូវ ចេះចែករំលែក និងរួមចំណែកដល់សហគមន៍បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ។ នោះគឺបង ហ្វិញថាញសាង នៅភូមិចូវថាញ់ ឃុំអាងនិញ ជាគំរូម្នាក់ក្នុងចំណោមគំរូយុវជនខ្មែរឆ្នើម បានសម្ព័ន្ធយុវជនទីក្រុងកឹងធើលើកតម្កើងជា "យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ" ឆ្នាំ ២០២៦ ដោយទង្វើដ៏មានអត្ថន័យជាក់ស្តែងនៅក្នុងសហគមន៍។
.jpg)
បង ហ្វិញថាញសាង ទទួលប័ណ្ណសរសើរ និងកិត្តិនាម "យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ" ថ្នាក់ក្រុង ឆ្នាំ ២០២៦។
តាមការរៀបរាប់របស់បងថាញសាង ពីមុនគ្រួសារគាត់មានស្ថានភាពលំបាកណាស់ ធ្លាប់បានទទួលការឧបត្ថម្ភរបស់សប្បុរសជនដែរ។ ពេលទទួលបានអំណោយម្តងៗ គាត់មានចិត្តត្រេកអរ និងសុភមង្គលខ្លាំងណាស់។ ផ្តើមពីពេលនោះមក គាត់មានបំណងប្រាថ្នាចង់ធ្វើអំពើល្អ ដើម្បីនាំមកក្តីត្រេកអរ និងសុភមង្គលដល់អ្នកដែលខ្វះខាត។ ឆ្នាំ ២០១៤ ពេលចូលរៀននៅសាកលវិទ្យាល័យកឹងធើ ថាញសាងក៏ចាប់ផ្តើមចូលរួមសកម្មភាពសប្បុរសធម៌របស់ក្លឹប និងក្រុមនានានៅសាកលវិទ្យាល័យ ដូចជា៖ ជូនអំណោយដល់អ្នកក្រ អ្នកមានវ័យចំណាស់គ្មានទីពឹង និងកុមារពិការជាដើម។ ពេលថាញសាងបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ ២០១៨ ក៏ធ្វើអាជីវកម្មនៅផ្ទះ ដោយមានគំនិតថា "ជួយបាននរណាម្នាក់ ទោះទង្វើតូចក៏គួរឱ្យគោរព" គាត់បានធ្វើជាស្ពានតភ្ជាប់រវាងសប្បុរសជនជាមួយអ្នកដែលមានស្ថានភាពលំបាកនៅភូមិភាគ។ មិនបញ្ឈប់ត្រឹមនោះ គាត់នៅទាំងចំណាយវេលាចុះទៅត្រួតពិនិត្យ និងស្វែងយល់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗដោយផ្ទាល់ ដើម្បីឧបត្ថម្ភពួកគាត់។
ពេលចុះទៅតំបន់ជនបទត្រួតពិនិត្យ និងស្វែងយល់អំពីស្ថានភាពដើម្បីឧបត្ថម្ភចំមុខសញ្ញាត្រូវតាមតម្រូវការនោះ គឺបងថាញសាង បានឃើញផ្ទាល់នឹងភ្នែក ជនរួមជាតិខ្មែរនៅតំបន់ជនបទឆ្ងាយដាច់ស្រយាលធ្វើដំណើរទៅមកដោយស្ពានស្នួរមានការលំបាក ហើយគ្រួសារជាច្រើនរស់នៅក្នុងផ្ទះស្លឹក មានតម្រូវការឧបត្ថម្ភ។ ផ្តើមពីនោះ បងថាញសាង បានចលនាសប្បុរសជនចូលរួមកសាងតំបន់ជនបទ។ ចាប់ពីឆ្នាំ ២០២០ មកដល់ពេលនេះ គាត់ចលនាសប្បុរសជនរួមវិភាគទានទឹកប្រាក់បានជិត ៣ ពាន់លានដុង ដើម្បីសង់ផ្ទះមេត្តាធម៌ថ្មី ១៦ ខ្នងជូនអ្នកក្រីក្រ និងកសាងស្ពានជនបទបាន ៧ ជូនអាហារូបករណ៍បាន ១០ ចំណែក ជូនកង់បាន ៥៥ គ្រឿងដល់សិស្សដែលស្ថានភាពលំបាក និងជូនអំណោយជាង ១.០០០ ចំណែកដល់គ្រួសារក្រីក្រ និងអ្នកមានវ័យចំណាស់គ្មានទីពឹងជាដើម។ ទន្ទឹមនឹងនោះ អនុវត្តទម្រង់ "បញ្ចុះសព ០ ដុង" បងថាញសាង ចលនាឧបត្ថម្ភគ្រួសារនៃសពដែលមានស្ថានភាពលំបាកជាង ២០០ គ្រួសារ គិតជាទឹកប្រាក់ជាង ៤០០ លានដុង; ចលនាឧបត្ថម្ភជនរួមជាតិនៅភាគខាងជើងជម្នះលំបាកក្រោយពីព្យុះលេខ៣បង្កឡើង គិតជាទឹកប្រាក់សរុបជាង ៣៥០ លានដុង... និយាយអំពីទង្វើរបស់ខ្លួន ថាញសាង ឱ្យដឹង៖ "គោលបំណងរបស់ខ្ញុំគឺចង់ធ្វើអំពើល្អ ធ្វើបានអំពើល្អមួយខ្ញុំមានក្តីត្រេកអរមួយបន្ថែមទៀត។ ព្រោះហេតុនោះ ខ្ញុំបានបង្កើតទំព័រហ្វេសប៊ុក និង Zalo ផ្ទាល់ខ្លួន ដើម្បីតភ្ជាប់ជាមួយសប្បុរសជន ដើម្បីធ្វើអំពើល្អ មានប្រយោជន៍ដល់សង្គម។ ផ្តើមពីភាពតភ្ជាប់នោះ ផ្ទះមេត្តាធម៌ និងស្ពានជនបទជាច្រើនបានសាងសង់ឡើង និងអំណោយបានជូនផ្ទាល់ដៃអ្នកក្រ... នាំមកនូវក្តីត្រេកអរ និងសុភមង្គលដល់មាមីង។ ហើយនោះក៏ជាកម្លាំងជំរុញជួយឱ្យខ្ញុំមានទំនុកចិត្ត ដើម្បីបន្តធ្វើការងារសប្បុរសធម៌ច្រើនជាងទៀត"។
ចំណាប់អារម្មណ៍ដំបូងដែលធ្វើឱ្យថាញសាងសប្បាយចិត្តបំផុត នោះគឺស្ពានជនបទដែលមានឈ្មោះថា អាយីដាពឹក ១ នៅភូមិព្រែកពិន្ទង ឃុំមីហឿង កសាងសម្រេចរួចរាល់ បាននាំមកនូវក្តីត្រេកអរ និងសុភមង្គលដល់មាមីងខ្មែរ។ ផ្តើមពីនោះមក ថាញសាង មានទំនុកចិត្តបន្តចលនាសប្បុរសជនដើម្បីកសាងស្ពានបេតុងជនបទ អាយីដាពឹក ២ និងអាយីដាពឹក ៣ នៅឃុំមីហឿង។ ស្ពានបេតុងនីមួយៗមានតម្លៃសរុបពី ១២០ ដល់ ១៥០ លានដុង។ លោក ស៊ើងហ្វាងផេន នៅភូមិសុកស្វាយ ឱ្យដឹង៖ “ដោយសារបានថាញសាង និងសប្បុរសជនឧបត្ថម្ភកសាងស្ពានបេតុង ហេតុនោះមាមីងអ្នកណាក៏មានចិត្តត្រេកអរ និងរួមកម្លាំងគ្នាកសាងស្ពានរួចរាល់ក្នុងរយៈពេល ២០ ថ្ងៃ។ ស្ពានបេតុងនេះមានប្រវែង ១៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ ជួយឱ្យប្អូនៗទៅរៀនមានភាពងាយស្រួល មិនខ្លាចធ្លាក់ប្រឡាយ។ ពីមុន ស្ពាននេះគ្រាន់តែក្រាលបេតុង បើកបរម៉ូតូងាយគ្រោះថ្នាក់ បំផុតគឺពេលភ្លៀងម្តងៗ ស្ពានរអិល សិស្សានុសិស្សជិះកង់ និងមាមីងជិះម៉ូតូធ្លាក់ចុះប្រឡាយជារឿយៗ”។
.jpg)
បងហ្វិញថាញសាង ជូនអំណោយដល់មាមីងខ្មែរនៅតំបន់ព្រំដែនសមុទ្រ។
ប្រការគួរឱ្យកោតសរសើរចំពោះថាញសាង មិនត្រឹមតែចំនួនសំណង់ ឬអំណោយដែលបានផ្តល់ជូនប៉ុណ្ណោះទេ ថែមទាំងជាស្មារតីដ៏រឹងមាំ ទទួលខុសត្រូវ និងអស់ពីចិត្តចំពោះសហគមន៍ទៀតផង។ គាត់តែងចាត់ទុកការជួយអ្នកដទៃជាភារកិច្ចរបស់យុវជន ជាទង្វើជាក់ស្តែង ដើម្បីរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ផ្តើមពីការងារតូច និងជិតដិតបំផុត។ ទង្វើរបស់ថាញសាង បានរួមចំណែកបំផុសស្មារតីសាមគ្គី មនុស្សធម៌ និងបំផុសគំនិតដល់សម្ព័ន្ធយុវជន និងយុវជនភូមិភាគ ចូលរួមសកម្មភាពដើម្បីសហគមន៍។ ឆ្លងតាមរយៈនោះបង្ហាញឱ្យឃើញថា ការរៀនសូត្រ និងធ្វើតាមគំរូរបស់អ៊ំ មិនមែនចាប់ផ្តើមពីប្រការធំធេងនោះទេ តែចាប់ផ្តើមពីទង្វើជាក់ស្តែង ចេញពីបេះដូង និងទទួលខុសត្រូវចំពោះសង្គម។ ជាមួយនឹងការរួមចំណែកនោះ បងថាញសាង មានកិត្តិយសបានទទួលប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងប័ណ្ណសរសើររបស់គណៈប្រតិបត្តិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញ៕
យ្វីអាញ - វិមាន