(អ.ឡ) - មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ទើបចាត់តាំងសន្និបាតបូកសរុបការងារគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ ជំនឿ និងសាសនា ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ ព្រមទាំងដាក់ចេញទិសដៅ និងភារកិច្ច ៦ខែចុងឆ្នាំ ២០២៦។

តំណាងថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ រាយការណ៍ពីលទ្ធផលការអនុវត្តការងារជនជាតិ និងសាសនាក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ ។
ក្នុងរយៈពេល ៦ខែកន្លង ការងារជនជាតិ ជំនឿ និងសាសនានៅលើភូមិឋានទីក្រុង បន្តបានអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាព។ ការងារកំណត់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ បានអនុវត្តសម្រេចតាមកាលកំណត់; រាល់គោលនយោបាយចំពោះជនជាតិភាគតិច អ្នកមានប្រិយភាពបន្តបានផ្សព្វផ្សាយអនុវត្តទាន់ពេល; ជនជាតិភាគតិចបានទទួលផលពីគោលនយោបាយសុខុមាលភាពសង្គម សុខាភិបាល អប់រំ ជីវភាពសម្ភារៈនិងស្មារតីបានលើកកម្ពស់ជាជំហានៗ។

លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ថ្លែងការណ៍ក្នុងអង្គសន្និបាត។
រដ្ឋអំណាចគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួល ដើម្បីអ្នកមុខអ្នកការសាសនា ក៏ដូចជាសាសនិកនៃសាសនានីមួយៗ និងប្រជាជនបានអនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនា; ទីក្រុងក៏បានចាត់ក្រុមប្រតិភូចុះសួរសុខទុក្ខ និងប្រសិទ្ធពរក្នុងឱកាសបុណ្យទានធំៗរបស់សាសនានិងជនជាតិ។ បណ្តាអង្គការសាសនាបានរក្សាសកម្មភាពទៅតាមធម្មនុញ្ញ ធម៌អាថ៌វិន័យ និងកម្មវិធីសកម្មភាពដែលបានចុះឈ្មោះជាមួយរដ្ឋអំណាចភូមិភាគ។ អ្នកមុខអ្នកការសាសនា និងព្រះសង្ឃ ដូនជីនៃបណ្តាសាសនាបានផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋអំពីជំនឿនិងសាសនា។ តួនាទីរបស់អ្នកមុខអ្នកការសាសនា និងព្រះសង្ឃ ដូនជីនៃបណ្តាសាសនា ព្រមទាំងអ្នកមានប្រិយភាព បន្តបានពង្រីកក្នុងការងារឃោសនា កៀរគរប្រជាជន រួមចំណែករក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងថ្លែងការណ៍
នៅក្នុងសន្និបាត។ រូបថត៖ ង៉ុកក្វៀង
ថ្លែងចង្អុលការក្នុងអង្គសន្និបាត លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសំណូមពរមន្ទីរជនជាតិនិងសាសនា សហការជាមួយបណ្តាស្ថាប័ន ភូមិភាគ និងអង្គការសាសនា គប្បីអនុវត្តឱ្យបានល្អនូវភារកិច្ចគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ ជំនឿ និងសាសនា; អនុវត្តបានល្អបណ្តាកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច។ គប្បីពង្រីកនូវទម្រង់ល្អៗក្នុងជនជាតិភាគតិច ព្រមទាំងសហការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្លាស់ប្តូរមុខរបរប្រកបដោយចីរភាពជូនមាមីង។ ទន្ទឹមនឹងនោះ ពង្រីកតម្លៃវប្បធម៌ប្រពៃណីផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់មាមីងជនជាតិភាគតិច។ បន្តពង្រីកតួនាទីរបស់អ្នកមានប្រិយភាពនៃបណ្តាជនជាតិនិងសាសនា ដើម្បីសហការឃោសនា កៀរគរមាមីងជនរួមជាតិ អ្នកកាន់សាសនា ឱ្យអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ លើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋអំពីការងារជនជាតិនិងសាសនា; ចាត់វិធានការយ៉ាងម៉ឺងម៉ាត់រាល់ទង្វើដែលឆ្លៀតឱកាសកេងចំណេញលើបញ្ហាជនជាតិ ជំនឿ សាសនា ក៏ដូចជាការបំពានលើសេចក្ដីកំណត់នៃច្បាប់។ បង្កើនការបើកវគ្គបំប៉នវិជ្ជាជីវៈសម្រាប់កងជួរកម្មាភិបាលបំពេញការងារជនជាតិនិងសាសនា ព្រមទាំងអនុវត្តល្អនូវការងារផ្លាស់ប្ដូរឌីជីថល៕
ង៉ុកក្វៀង - ថាច់ធី