ដោយជ្រួតជ្រាបនូវទស្សនៈរបស់បក្ស និងរដ្ឋអំពីការកសាង អភិវឌ្ឍន៍ខឿនវប្បធម៌និងកងជួរសិល្បៈ រយៈពេលកន្លង មានបុគ្គលជាច្រើនមានស្នាដៃឆ្នើមក្នុងការអភិរក្សបេតិកភណ្ឌអរូបី បានទទួលកិត្តិយស និងគោរមនាមដ៏ថ្លៃថ្លា។ ក្នុងចំណោម "អ្នករក្សាព្រលឹងសិល្បៈ" គំរូទាំងនោះ មានសិប្បករឆ្នើមឡឹមហួន - កុលបុត្រខ្មែរដ៏ឆ្នើមមួយរូបនៃតំបន់ជនបទវិញភឿក ទីក្រុងកឹងធើ។
តាំងពីក្មេងមក លោកឡឹមហួនមានចំណង់ចំណូលចិត្តចំពោះសិល្បៈសម្តែង។ នៅពេលដែលភូមិស្រុកមានបុណ្យទាន ឬពេលមានក្រុមសិល្បៈមកសម្តែង លោកតែងតែមានវត្តមាន លោកមិនមែនគ្រាន់តែទៅមើលល្ខោនកម្សាន្តប៉ុណ្ណោះទេ ថែមទាំងរៀនសូត្ររបៀបរបបសិល្បៈពីដូនតាចាស់ទុំទៀតផង។ នៅពេលទៅមើលល្ខោនត្រឡប់មកវិញ លោកតែងតែហាត់ច្រៀង និងរៀនសម្តែងតាមតួអង្គក្នុងក្រុម។ ចំណង់ចំណូលចិត្តនោះ ដក់ក្នុងខ្លួនលោកកាន់តែខ្លាំងឡើង ហើយជំរុញទឹកចិត្តឱ្យលោកចូលមកកាន់សិល្បៈប្រពៃណីរបស់ជនជាតិ។ នៅអាយុ ១៦ ឆ្នាំ លោកបានសុំចូលរួមជាមួយក្រុមសិល្បៈខ្មែរក្នុងភូមិស្រុក ដើម្បីបានចេញទៅសម្តែងជាមួយលោកពូអ្នកមីង ឱ្យស្កប់នូវចំណង់ចំណូលចិត្តរបស់ខ្លួន។ យូរៗទៅ សិប្បករឡឹមហួន កាន់តែមានអ្នកស្គាល់ច្រើនឡើងៗ ដោយសារសំឡេងច្រៀងដ៏ពីរោះ ដែលកម្រមានអ្នកណាប្រៀបផ្ទឹមបាន។ មិនត្រឹមតែចំណង់ចំណូលចិត្តក្នុងការច្រៀង និងសម្តែងប៉ុណ្ណោះទេ លោកថែមទាំងចេះលេងឧបករណ៍ភ្លេងប្រពៃណីជាច្រើនប្រភេទយ៉ាងស្ទាត់ជំនាញទៀតផង។
ចែករំលែកជាមួយយើងខ្ញុំ សិប្បករឆ្នើមឡឹមហួន - សង្កាត់វិញភឿក ទីក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំចេះភ្លេងគឺដោយសារតែខ្លួនឯងឧស្សាហ៍ព្យាយាម ឃើញលោកពូ អ្នកមីងលេង ខ្ញុំក៏រៀនតាម ទើបចេះឧបករណ៍ភ្លេងរហូតមកដល់សព្វថ្ងៃ ឃើញគេលេងគឺខ្ញុំត្រឡប់មកផ្ទះរៀនតាម រួចរៀបចំឧបករណ៍ភ្លេងដើម្បីហាត់បន្តិចម្តងៗក៏ទទួលបានលទ្ធផលដែរ”។

សិប្បករឆ្នើមឡឹមហួនកំពុងតែអង្គុយនិពន្ធបទភ្លេង។
ដោយបន្តវេនពីតម្លៃសិល្បៈប្រជាប្រិយរបស់ជនជាតិ លោកបាននិពន្ធបទភ្លេង រួចបង្រៀនបទភ្លេងដល់ក្មេងជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តដូចគ្នា។ រហូតមកដល់សព្វថ្ងៃនេះ លោកនៅតែខិតខំប្រឹងប្រែងដើម្បីរក្សាសិល្បៈប្រពៃណីសម្រាប់ក្មេងជំនាន់ក្រោយបន្តវេន។ នឹកឃើញកាលពីឆ្នាំ ១៩៩២-១៩៩៥ នៅពេលដែលសិល្បៈល្ខោនយូកេ បានទស្សនិកជនទទួលយកយ៉ាងកក់ក្តៅ លោកធ្វើជាប្រធានក្រុមសិល្បៈភូមិស្រុក ម្ល៉ោះហើយមានឱកាសលះបង់អស់ពីចិត្តចំពោះតម្រូវការកម្សាន្តរបស់ជនរួមជាតិខ្មែរនៅទីជិតឆ្ងាយ។
រំលឹកឡើងអំពីរយៈពេលធ្វើសកម្មភាពសិល្បៈ សិប្បករឆ្នើមឡឹមហួន - សង្កាត់វិញភឿក ទីក្រុងកឹងធើ បានរៀបរាប់ប្រាប់យើងខ្ញុំថា៖ “កាលពីឆ្នាំ ១៩៩០ ខ្ញុំដើរតាមក្រុមល្ខោនក្នុងឃុំយើងកាលពីមុន បន្ទាប់មកក៏បង្កើតក្រុមសិល្បៈកុមារទៀត រួចខ្ញុំធ្វើជាប្រធានក្រុមនោះ បង្កើតបានជាក្រុមល្ខោនចំនួន ២ នៅភូមិស្រុក”។
សម្រាប់លោក ឡឹមហួន ចំណង់ចំណូលចិត្តចំពោះសិល្បៈបានដិតជាប់ក្នុងសាច់ឈាម ក្នុងបេះដូងមិនអាចកាត់ផ្តាច់បានឡើយ។ បន្ទាប់ពីក្រុមសិល្បៈភូមិស្រុករំសាយ លោកបានទៅអញ្ជើញអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នាឱ្យមកជួបជុំនៅផ្ទះរបស់លក ដើម្បីបង្កើតជាក្រុមភ្លេងមហោរីសម្តែងបម្រើនៅពេលដែលមានគេជួលអញ្ជើញ។ ឃើញពីស្មារតីដ៏មុតមាំ ក៏ដូចជាទឹកចិត្តរបស់លោកចំពោះសិល្បៈ បងប្អូនខ្លះទៀតក៏បានដើរតាមលោកដើម្បីរក្សាក្រុមភ្លេងនេះឱ្យស្ថិតស្ថេររហូតមកដល់ថ្ងៃនេះ។ លោក ថាច់លឿង - សង្កាត់វិញភឿក ទីក្រុងកឹងធើ ឱ្យដឹង៖ “បងហួនអស់ពីចិត្តខ្លាំងណាស់ ស្រឡាញ់បងប្អូនក្នុងក្រុមភ្លេងដូចជាបងប្អូនបង្កើតក្នុងផ្ទះអ៊ីចឹង។ លោកតែងចលនាបងប្អូនឱ្យជួយគ្នាទៅវិញទៅមក ដើម្បីមានក្រុមភ្លេងបម្រើក្នុងវត្ត បម្រើភូមិស្រុកពេលមានតម្រូវការ។ យើងខ្ញុំនិងបងហួន អភិរក្សឧបករណ៍ភ្លេងរបស់ជនជាតិបានយ៉ាងល្អ និងស្រឡាញ់សិល្បៈខ្លាំងណាស់”។
សិល្បៈគឺបម្រើមនុស្សជាតិ ដើម្បីឱ្យសិល្បៈស្ថិតស្ថេរគង់វង្ស គឺចាំបាច់ត្រូវមានអ្នកដែលលះបង់អស់ពីចិត្ត។ មកដល់ថ្ងៃនេះ ទោះបីអាយុច្រើនហើយក៏ដោយ ប៉ុន្តែលោកឡឹមហួន នៅតែមិនខ្លាចការលំបាក ហត់នឿយ ណែនាំ ដើម្បីឧទ្ទេសនាមនិងពង្រីកតម្លៃវប្បធម៌អរូបីរបស់ជនជាតិខ្លួន ជួយឱ្យជំនាន់បច្ចុប្បន្ន និងអនាគតរក្សាបាននូវព្រលឹងសិល្បៈនៃចំណង់ចំណូលចិត្ត នាំមកភាពសប្បាយរីករាយដល់សហគមន៍។ ទន្ទឹមនឹងនោះ ក៏ជាការងារដ៏ចាំបាច់បំផុត ដើម្បីរួមចំណែកធ្វើឱ្យសម្បូរបែបខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាណជនជាតិ៕
ថាញហ៊ុង - លីសៀ