16/05/2026 - 06:02

ត្រូវ​ការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង ដើម្បី​ឱ្យ​ផ្នែក​ស្រូវ​អង្ករ​អភិ​វឌ្ឍ​ចីរ​ភាព 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០២៦ តម្លៃ​អង្ករ​នាំ​ចេញ​ស្ថិត​ក្នុង​កម្រិត​ទាប បណ្តាល​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង កសិ​ករ​ផលិត​ស្រូវ​មិន​ទាន់​ទទួល​បាន​ប្រាក់​ចំ​ណេញ​តាម​ការ​ចង់​បាន​នៅ​ឡើយ។ ដើម្បី​ឱ្យ​ផ្នែក​ស្រូវ​អង្ករ​អភិ​វឌ្ឍ​ចីរ​ភាព បញ្ហា​ដែល​ដាក់​ចេញ​គឺ​ត្រូវ​លើក​កម្ពស់​គុណ​ភាព​ស្រូវ​អង្ករ ពង្រីក​ទី​ផ្សារ​នាំ​ចេញ និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​របស់​កសិ​ករ​ផលិត​ស្រូវ។

រដូវ​ស្រូវ​ប្រាំង ២០២៥​-២០២៦ កសិ​ករ​ប្រ​មូល​ផល​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់ ប៉ុន្តែ​តម្លៃ​លក់​ទាប ប្រាក់​ចំ​ណេញ​មិន​ទាន់​ដូច​ការ​រំពឹង​ទុក។ ក្នុង​រូប៖ ការ​ប្រ​មូល​ផល និង​ការ​ដឹក​ជញ្ជូន​ស្រូវ​នៅ​សង្កាត់​វីតឹង ទី​ក្រុង​កឹង​ធើ។

នៅ​មាន​កង្វល់​ច្រើន

ឆ្នាំ​២០២៥ វៀត​ណាម​នាំ​ចេញ​អង្ករ​បាន​ប្រ​មាណ ៨,០៦ លាន​តោន ក្លាយ​ជា​ប្រ​ទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​លំ​ដាប់​ទី​ពីរ​នៅ​លើ​ពិ​ភព​លោក ដោយ​នាំ​មុខ​ទាំង​ប្រ​ទេស​ថៃ។ នេះ​មិន​ត្រឹម​តែ​ជា​សមិទ្ធ​ផល​នៃ​ទិន្ន​ផល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ជាក់​ពី​ឋានៈ​គ្រាប់​អង្ករ​វៀត​ណាម​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ផង​ដែរ។ ពិ​សេស វៀត​ណាម​បាន​កសាងជា​បណ្តើរៗ​នូវ​ពូជ​ស្រូវ​ក្រ​អូប​ដែល​មាន​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ដូច​ជា​ពូជ ST, OM និង​ដាយ​ថើម​។ល។ ដែល​បាន​ទី​ផ្សារ​អន្តរ​ជាតិ​ទទួល​ស្គាល់​និង​ពេញ​និយម។

ផ្តើម​ពី​ការ​ប្រ​កួត​ប្រ​ជែង​ជា​ចម្បង​លើ​បរិ​មាណ និង​តម្លៃ​ទាប អង្ករ​វៀត​ណាម​បាន​ប្តូរ​ជា​បណ្តើរៗ​មក​ប្រ​កួត​ប្រ​ជែង​ដោយ​គុណ​ភាព ម៉ាក​យី​ហោ និង​តម្លៃ​បន្ថែម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​ផ្ទុយ​គ្នា​ដ៏​ធំ​នៃ​ផ្នែក​ស្រូវ​អង្ករ​វៀត​ណាម ទោះ​ជា​ប្រ​ទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​លំ​ដាប់​ទី​ពីរ​នៅ​លើ​ពិ​ភព​លោក ប៉ុន្តែ​កសិ​ករ​ផលិត​ស្រូវ​នៅ​តែ​ជា​ក្រុម​មួយ​ក្នុង​ចំ​ណោម​ក្រុម​ដែល​មាន​ប្រាក់​ចំ​ណូល​ទាប​បំ​ផុត បើ​ធៀប​នឹង​ផ្នែក​ផលិត​កសិ​កម្ម​ដ​ទៃ​ទៀត។ នេះ​គឺ​ជា​អ្វី​ដែល​ត្រូវ​បា​រម្ភ ព្រោះ​ប្រ​សិន​បើ​កសិករ​ផលិត​ស្រូវ​មិន​ទាន់​​បាន​ធូរ​ធារ​ដោយ​សារ​គ្រាប់​អង្ករ​ទេ​នោះ គឺ​ជោគ​ជ័យ​នៃ​ផ្នែក​ស្រូវ​អង្ករ​នៅ​តែ​មិន​ទាន់​អាច​ចាត់​ទុក​ថា​មាន​ចីរ​ភាព​បាន​ឡើយ។

ក្នុង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​២០២៦ វៀត​ណាម​នាំ​ចេញ​អង្ករ​បាន​ប្រ​មាណ ៣,៣៣ លាន​តោន ទទួល​បាន​ចំ​ណូល​ប្រ​មាណ ១,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិក។ ដោយ​ឡែក​ទី​ផ្សារ​ហ្វី​លី​ពីន​មាន​ចំ​នួន​ប្រ​មាណ ១,៥ លាន​តោន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តម្លៃ​នាំ​ចេញ​ជា​មធ្យម​បាន​ត្រឹម​តែ​ប្រ​មាណ ៤៦៨ ដុល្លារ​/តោន ថយ​ចុះ​ប្រ​មាណ ១០% បើ​ធៀប​នឹង​កម្រិត​មធ្យម​ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​ប្រ​មាណ ៥០៨ ដុល្លារ​/តោន។ នេះ​ក៏​ជា​កម្រិត​តម្លៃ​ទាប​បំ​ផុត​ក្នុង​រយៈ​ពេល​ប្រ​មាណ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុង​រដូវ​ស្រូវ​ប្រាំង ២០២៥​-២០២៦ មាន​ពេល​ខ្លះ​តម្លៃ​ស្រូវ​ស្រស់​នៅ​វាល​ស្រែ​ត្រឹម​តែ​ជាង ៥.០០០ ដុង​/គី​ឡូ​ក្រាម; តម្លៃ​អង្ករ​នាំ​ចេញ​មាន​ពេល​ខ្លះ​ត្រឹម​តែ​ប្រ​មាណ ១០.​០០០ ដុង​/គីឡូ​ក្រាម។ ប្រ​ការ​នេះ​ជះ​ឥទ្ធិ​ពល​ផ្ទាល់​ដល់​ប្រ​សិទ្ធ​ភាព​ផលិត និង​ប្រាក់​ចំ​ណូល​របស់​កសិ​ករ។

លោក​ហ្វិញ​វ៉ាំង​ធៀង នៅ​សង្កាត់​វី​តឹង ទី​ក្រុង​កឹង​ធើ ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​ពូជ RVT លើ​ផ្ទៃ​ដី ១,២ ហិក​តា នៅ​ដើម​ខែ​ឧសភា លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ ៦.៤០០ ដុង/​គីឡូ​ក្រាម។ ជា​មួយ​នឹង​ទិន្ន​ផល​សម្រេច​បាន​ជាង ១ តោន/​កុង (ខ្នាត​ធំ) បន្ទាប់​ពី​ដក​ការ​ចំ​ណាយ ប្រាក់​ចំ​ណេញ​បាន​ប្រ​មាណ ២,៥ លាន​ដុង​/កុង។ ជា​មួយ​នឹង​ប្រ​ភព​ប្រាក់​ចំ​ណេញ​ដែល​ទទួល​បាន លោក​ធៀង មាន​ការ​ព្រួយ​បារម្ភ​ថា​មិន​មាន​ដើម​ទុន​គ្រប់​គ្រាន់​ដើម្បី​វិនិ​យោគ​ឡើង​វិញ​លើ​ការ​ផលិត​រដូវ​ថ្មី។

យោង​តាម​សមា​គម​ស្បៀង​អា​ហារ​វៀត​ណាម មូល​ហេតុ​ដែល​តម្លៃ​ស្រូវ​អង្ករ​ទាប​គឺ​មាន​កត្តា​ចិត្ត​សាស្ត្រ​ទី​ផ្សារ។ ឱ្យ​តែ​លេច​ឮ​ព័ត៌​មាន​ថា​ហ្វី​លី​ពីន​កាត់​បន្ថយ​ការ​នាំ​ចូល ភ្លាមៗ​នោះ​អា​ជីវ​កម្ម​ជា​ច្រើន​នឹង​លក់​ចេញ​យ៉ាង​គំ​ហុក​ដើម្បី​រក្សា​ទី​ផ្សារ និង​បញ្ចេញ​ទំ​និញ​ដែល​ស្តុក​ក្នុង​ឃ្លាំង។ នៅ​ពេល​ទី​ផ្សារ​ត្រូវ​លក់​ចេញ​យ៉ាង​ខ្លាំងក្នុង​រយៈ​ពេល​ខ្លី តម្លៃ​នឹង​ធ្លាក់​ចុះ​​ភ្លាមៗ។ ជា​លទ្ធ​ផល អា​ជីវ​កម្ម​នាំ​ចេញ​អង្ករ​ជួប​ការ​លំ​បាក កសិ​ករ​រង​ការ​ខាត​បង់​ច្រើន​ជាង​គេ ចំ​ណែក​តម្លៃ​បន្ថែម​ក្នុង​ខ្សែ​សង្វាក់​ភាគ​ច្រើន​បាន​ទៅ​លើ​ឈ្មួញ​កណ្តាល។

ភាព​ជាក់​ស្តែង​នេះ បញ្ជាក់​ឱ្យ​ឃើញ​ថា ចំ​ណុច​ខ្សោយ​ធំ​បំ​ផុត​នៃ​ផ្នែក​ស្រូវ​អង្ករ​នា​ពេល​បច្ចុប្បន្ន គឺ​កសិ​ករ​មិន​ទាន់​មាន​សមត្ថ​ភាព​សម្រួល​ទី​ផ្សារ និង​មិន​ទាន់​ម្ចាស់​ការ​លើ​ពេល​វេលា​លក់​ទំ​និញ។ ក្នុង​ពេល​នោះ ផ្នែក​កសិ​ផល​មួយ​ចំ​នួន​ទៀត កសិ​ករ​មាន​និន្នា​ការ​ម្ចាស់​ការ​ក្នុង​ការ​រក្សា​ទុក​ផលិត​ផល ដើម្បី​រង់​ចាំ​ពេល​វេលា​ទី​ផ្សារ​អំ​ណោយ​ផល​ជាង​ទើប​លក់​ចេញ។ នេះ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​រយៈ​ពេល​វែង​នៃ​ផ្នែក​ស្រូវ​អង្ករ។

ពង្រីក​ទី​ផ្សារ លើក​កម្ពស់​តម្លៃ

យោង​តាម​សមា​គម​ស្បៀង​អា​ហារ​វៀត​ណាម ដំ​ណោះ​ស្រាយ​ដែល​ត្រូវ​អនុវត្ត​មុន​គេ គឺ​ការ​លើក​កម្ពស់​តួនា​ទី​ម្ចាស់​ការ​របស់​កសិ​ករ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ។ ក្នុង​នោះ ត្រូវ​ជំ​រុញ​យន្ត​ការ​ដើម្បី​ឱ្យ​កសិ​ករ​អាច​ស្តុក​ទុក​ស្រូវ​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​សហ​ករណ៍ ឬ​រក្សា​ទុក​នៅ​ប្រ​ព័ន្ធ​ឃ្លាំង​របស់​អា​ជីវ​កម្ម​នាំ​ចេញ។ សហ​ករណ៍ អា​ជីវ​កម្ម​នាំ​ចេញ​អាច​សហ​ការ​ជា​មួយ​ធនា​គារ​ដើម្បី​កសាង​យន្ត​ការ​ផ្តល់​ទុន​សម​ស្រប​សម្រាប់​កសិ​ករ​ក្រោយ​ពេល​ប្រ​មូល​ផល។ លុះ​ត្រា​តែ​កសិ​ករ​មាន​សមត្ថ​ភាព​ស្តុក​ទុក និង​ម្ចាស់​ការ​ជ្រើស​រើស​ពេល​វេលា​លក់​ទំ​និញ ទើប​ពួក​គាត់​ទទួល​បាន​ផល​ផ្លែ​ផ្កា​ពី​កម្លាំង​ពល​កម្ម​ផ្ទាល់​ខ្លួន​យ៉ាង​ពិត​ប្រា​កដ។ នៅ​ពេល​កសិ​ករ​មាន​ប្រាក់​ចំ​ណេញ​កាន់​តែ​ប្រ​សើរ ពួក​គាត់​នឹង​វិនិ​យោគ​ឡើង​វិញ​លើ​ពូជ គុណ​ភាព និង​ការ​ផលិត​ស្អាត។ នៅ​ពេល​នោះ ផ្នែក​ស្រូវ​អង្ករ​វៀត​ណាម​ទើប​អាច​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។

បញ្ហា​មួយ​ទៀត​គឺ​ការ​បន្ត​ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​ទី​ផ្សារ​នាំ​ចេញ និង​ភស្តុ​ភារ (logistics)។ ទី​ផ្សារ​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ពីរ​​វៀត​ណាម​គឺ​ចិន និង​ហ្វី​លី​ពីន នៅ​តែ​គ្រប់​គ្រង​ទី​ផ្សារ​តាម​រយៈ​បទ​ប្បញ្ញត្តិ​គោល​នយោ​បាយ។ ក្នុង​សន្និ​សីទ​ជំ​រុញ​ការ​នាំ​ចេញ​កសិ​កម្ម រុក្ខា​ប្រ​មាញ់ និង​នេ​សាទ ធា​នា​ទិស​ដៅ​កំ​ណើន​ការ​នាំ​ចេញ​ឆ្នាំ​២០២៦ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​នា​ពេល​ថ្មីៗ​នេះ សមា​គម​ស្បៀង​អា​ហារ​វៀត​ណាម​បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល បណ្តា​ក្រ​សួង ផ្នែក បង្កើន​ការ​ដោះ​ដូរ និង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ភាគី​ចិន និង​ហ្វី​លី​ពីន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជាង​មុនសម្រាប់​សកម្ម​ភាព​ពា​ណិជ្ជ​កម្ម​អង្ករ​រវាង​ភាគី​នា​នា។ បន្ត​គាំ​ទ្រ​ពង្រីក​ទី​ផ្សារ​នាំ​ចេញ ជា​ពិ​សេស​តំ​បន់​អា​ហ្វ្រិក ដែល​នៅ​មាន​សក្តា​នុភាព​ច្រើន​សម្រាប់​អង្ករ​វៀត​ណាម​នា​ពេល​ខាង​មុខ។ ក្រៅ​ពី​នេះ បណ្តា​ក្រ​សួង ផ្នែក បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​ភស្តុ​ភារ និង​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​អង្ករ។ បន្ត​ជំ​រុញ​ការ​វិនិ​យោគ និង​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ភស្តុ​ភារ ជា​ពិ​សេស​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; អភិ​វឌ្ឍន៍​ប្រ​ព័ន្ធ​ឃ្លាំង ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និង​សមត្ថ​ភាព​បញ្ជូន​ទំ​និញ​បម្រើ​ផ្នែក​ស្រូវ​អង្ករ។

លោក​ឌោ​ហា​ណាម ប្រ​ធាន​សមា​គម​ស្បៀង​អា​ហារ​វៀត​ណាម បាន​ចាត់​ទុក៖ នា​ពេល​បច្ចុប្បន្ន វៀត​ណាម​មាន​ពូជ​ស្រូវ​ក្រ​អូប​គុណ​ភាព​ខ្ពស់​ជា​ច្រើន​ដែល​ពិ​ភព​លោក​ទទួល​ស្គាល់ ប៉ុន្តែ​ម៉ាក​យី​ហោ​អង្ករ​វៀត​ណាម​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​នៅ​មិន​ទាន់​សម​ស្រប​នឹង​គុណ​ភាព​ជាក់​ស្តែង​នៅ​ឡើយ។ ដល់​ពេល​ដែល​គ្រាប់​អង្ករ​វៀត​ណាម​ត្រូវ​តែ​បាន​គេ​ស្គាល់​ដោយ​ឈ្មោះ​ពិត និង​តម្លៃ​ពិត​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ។ ចង់​ធ្វើ​បែប​នោះ​បាន ត្រូវ​ធា​នា​នូវ​ភាព​សុទ្ធ​នៃ​ពូជ​ស្រូវ ត្រួត​ពិ​និត្យ​គុណ​ភាព​ឱ្យ​បាន​ឯក​ភាព កសាង​ប្រ​ព័ន្ធ​បញ្ជាក់​ប្រ​ភព​ដើម និង​អភិ​វឌ្ឍន៍​ម៉ាក​យី​ហោ​សម្រាប់​អង្ករ​ពិ​សេស​នី​មួយៗ។ លុះ​ត្រា​តែ​កសាង​បាន​ម៉ាក​យី​ហោ​រឹង​មាំ ទើប​អាច​ឈាន​ដល់លើក​កម្ពស់​សិទ្ធិ​កំ​ណត់​តម្លៃ និង​តម្លៃ​គ្រាប់​អង្ករ​វៀត​ណាម​នៅ​លើ​ទី​ផ្សារ​ពិភព​លោក​ជា​បណ្តើរៗ​។ល។៕

ហ្វាយ​ថាញ - សុផន

ចែករំលែកអត្ថបទ