ដោយភាពឆ្លាតវៃនិងស្មារតីចង់ចេះចង់ដឹង សមាជិកាសមាគមនារីជាច្រើនរូប បានខិតខំបង្វែររចនា សម្ព័ន្ធដំណាំនិងបង្កើតទម្រង់ផលិតកសិកម្មផ្ដល់ប្រសិទ្ធភាពខ្ពស់។ បណ្តាទម្រង់ទាំងនេះមិនត្រឹមតែជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឆ្ពោះទៅរកការធ្វើមានដោយចីរភាព។

ទម្រង់ដាំឈើហូបផ្លែរបស់គ្រួសារបងស្រីធីឡាញ់នៅភូមិវិញហ្វា២ ឃុំប៊ិញអាង ខេត្តអាងយ៉ាង។
នៅភូមិវិញហ្វា២ ឃុំប៊ិញអាង ខេត្តអាងយ៉ាង គ្រួសារបងស្រីធីឡាញ់ បានសម្រេចចិត្តបង្វែរមុខរបរដាំដុះលើផ្ទៃដីជាង ៦ កុង មកអនុវត្តទម្រង់ដាំឈើហូបផ្លែចម្រុះជាច្រើនប្រភេទ ដូចជា៖ ផ្លែទឹកដោះ ក្រូចថ្លុង ត្របែក ខ្នុរ... ជាដើម។ តាមបងស្រីឱ្យដឹង ការដាំដំណាំចម្រុះ នេះជួយទាញយកផលជាអតិបរមាពីផ្ទៃដី ព្រមទាំងបន្ថយហានិភ័យពីការប្រែប្រួលទីផ្សារនិងអាកាសធាតុ។
ចំពោះផ្នែកបច្ចេកទេស បងស្រីឡាញ់ យកចិត្តទុកដាក់លើដំណាក់កាលរៀបចំដី លើករងឱ្យខ្ពស់ដើម្បីធានាការបង្ហូរទឹកបានល្អ ពិសេសក្នុងរដូវវស្សា។ កូនឈើដែលដាំ ត្រូវបែងតាមចន្លោះឱ្យសមស្រប ដោយដាំដើមខ្ពស់លាយជាមួយដើមទាបដើម្បីស្រូបយកពន្លឺព្រះអាទិត្យ។ អាស្រ័យអនុវត្តបច្ចេកទេសបានត្រឹមត្រូវនិងការថែទាំសមស្រប ចម្ការឈើហូបផ្លែរបស់បងស្រីលូតលាស់ល្អនិងផ្តល់ផលពេញមួយឆ្នាំ ដោយនាំមកនូវប្រាក់ចំណូលលំនឹងពី ៤០០.០០០ ដល់ ៥០០.០០០ ដុងក្នុងមួយថ្ងៃ។ បងស្រីឡាញ់ ចែករំលែក៖ “ដំបូង ជួបលំបាកច្រើនដែរ ដោយសារមិនទាន់មានបទពិសោធន៍ ប៉ុន្តែតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ នាងខ្ញុំក៏យល់ដឹងពីបច្ចេកទេស ហើយចាប់ពីពេលនោះមកក៏ហ៊ានវិនិយោគ។ ទម្រង់នេះបានជួយឱ្យគ្រួសារ នាងខ្ញុំមានប្រភពចំណូលលំនឹង ហើយជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
ទន្ទឹមនឹងនោះ នៅភូមិបើដឹប ឃុំតាយវ៉ាំង ទីក្រុងកឹងធើ ទម្រង់ដាំឈូកយកផ្ការបស់បងស្រីត្រាធីកឹមឡងបានរក្សានិងអភិវឌ្ឍអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ជាមួយនឹងផ្ទៃដីជាង ១ ហិកតា បងស្រីឡង បានឆ្លៀតប្រើប្រាស់ផ្ទៃដីទំនាបដើម្បីដាំផ្កាឈូក។
តាមបងស្រីឡងឱ្យដឹង បច្ចេកទេសដាំឈូកមិនសូវពិបាកប៉ុន្មានទេ ប៉ុន្តែទាមទារនូវភាពហ្មត់ចត់។ ដីដាំត្រូវកែប្រែឱ្យបានល្អ និងរក្សាកម្រិតទឹកឱ្យលំនឹង។ ក្រោយពេលដាំបានប្រហែល២ខែ ឈូកចាប់ផ្តើមប្រមូលផល។ ប្រមូលផលបានប្រហែល ៣០០ ផ្កា/លើក ផ្តល់ចំណូលប្រមាណ ១ លានដុង ហើយការប្រមូលផលគឺចន្លោះ ៣ ថ្ងៃម្តង ជួយឱ្យគ្រួសារបងស្រីមានប្រាក់ចំណូលជាប្រចាំ។ បងស្រីឡង រីករាយឱ្យដឹង៖ “ដាំឈូកទោះបីមិនហត់នឿយដូចដំណាំដទៃក៏ពិតមែន ប៉ុន្តែត្រូវការឧស្សាហ៍ព្យាយាម។ អាស្រ័យផ្សារភ្ជាប់យូរអង្វែង នាងខ្ញុំសន្សំសំចៃបានបទពិសោធន៍ និងរកបានប្រាក់ចំណូលលំនឹង”។
តាមបងស្រីទ្រិញធីធូទឺ ប្រធានសមាគមនារីឃុំតាយវ៉ាំង បានឱ្យដឹង នាពេលកន្លង សមាគមតែងសកម្មក្នុងការជំនួយដល់សមាជិកាបង្ខិតជិតនឹងវិទ្យាសាស្ត្រ បច្ចេកទេស ប្រភពទុននិងកសាងទម្រង់បង្កបង្កើនផលឱ្យបានសមស្រប។ បណ្តាទម្រង់អភិវឌ្ឍសេដ្ឋកិច្ចទាំងនេះ បង្កើតឡើងមិនត្រឹមតែជួយលើកកម្ពស់ប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកផ្លាស់ប្តូរការគិតក្នុងការផលិតរបស់សមាជិកាទៀតផង។ រយៈពេលខាងមុខ សមាគមនឹងបន្តពង្រីកទម្រង់ដែលមានប្រសិទ្ធភាពទាំងនេះ បង្កលក្ខណៈងាយស្រួលដើម្បីឱ្យបងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
ហុងទើ-ដាលីន