មិនត្រឹមតែស្រឡាញ់ការបួសរៀនប៉ុណ្ណោះទេ ព្រះតេជព្រះគុណ គឹមថាញ់ហៀង ថែមទាំងសកម្មចូលរួមកសាងវត្តអារាម អភិរក្សអត្តសញ្ញាណវប្បធម៌និងយកព្រះទ័យទុកដាក់ចំពោះការអប់រំភាសាខ្មែរដល់យុវជនជំនាន់ក្រោយ។ សកម្មភាពជាក់ស្តែងរបស់ព្រះអង្គ បានរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃដ៏ល្អក្នុងជនរួមជាតិខ្មែរ។

ព្រះតេជព្រះគុណ គឹមថាញ់ហៀង (ខាងឆ្វេង) ចូលរួមសិក្ខាសាលា "សាស្រ្តាស្លឹករឹត - អភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរតាមរយៈបច្ចេកវិទ្យាឌីជីថល"។
កើតឆ្នាំ ១៩៨៦ ក្នុងគ្រួសារខ្មែរមួយនៅសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង គឹមថាញ់ហៀង មាននិស្ស័យនឹងពុទ្ធសាសនា។ ឆ្នាំ ២០០២ អាយុ ១៦ ឆ្នាំ គឹមថាញ់ហៀង បានចូលសាងផ្នួសនៅវត្តសំរោងឯក ដើម្បីសិក្សារៀនសូត្រ។ ក្នុងអំឡុងពេលសាងផ្នួស ព្រះតេជព្រះគុណថាញ់ហៀង បាននិមន្តទៅសិក្សារៀនសូត្រនៅសាលាពុទ្ធិកសិក្សាខ្មែរ - បាលីនៅតាមវត្តអារាមនានាក្នុងខេត្ត ហើយបានបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០០៩ ។ ព្រះតេជព្រះគុណថាញ់ហៀង បានសម្រេចចិត្តស្នាក់នៅវត្តដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃបួសថ្មី និងកូនចៅជនរួមជាតិខ្មែរនៅក្នុងភូមិស្រុក។ ដោយមានស្មារតី ទទួលខុសត្រូវ ព្រះតេជគុណថាញ់ហៀង បានខិតខំបង្ហាត់បង្រៀនជួយប្អូនៗជាច្រើនឱ្យចេះអាន ចេះសរសេរអក្សរខ្មែរ ព្រមទាំងរួមចំណែកដល់ការអភិរក្សភាសានិងអក្សរសាស្រ្តជាតិ។
ឆ្នាំ ២០១៨ ដោយមានការជឿទុកចិត្តពីព្រះចៅអធិការនិងគណៈកម្មការវត្ត ព្រះតេជគុណ គឹមថាញ់ហៀង បានប្រគល់ភារកិច្ចជួសជុលនិងកសាងឡើងវិញនូវសំណង់នានាក្នុងវត្តដែលទ្រុឌទ្រោម។ ព្រះអង្គបាននិមន្តទៅសិក្សារៀនសូត្រពីសំណាក់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការដែលមានបទពិសោធន៍និងចំណេះដឹងផ្នែកស្ថាបត្យកម្ម ប្រពៃណីដើម្បីកសាងព្រះវិហារដោយគ្រឿងឈើ និងបានសម្រេចរួចរាល់នៅឆ្នាំ ២០២៣ ។ សំណង់ព្រះវិហារបានរួមចំណែកធ្វើឱ្យវត្តកាន់តែល្អប្រណីត ប្រកបដោយលក្ខណៈពិសេសនៃស្ថាបត្យកម្មខ្មែរជាមួយនឹងគ្រឿងឈើដ៏ប្រណីត ក្លាយជាកន្លែងសម្រាប់អ្នកទេសចរណ៍ និងពុទ្ធបរិស័ទមកទស្សនា គោរពបូជា។ ទន្ទឹមនឹងការជួសជុល កែលម្អស្ថាបត្យកម្មនិងទេសភាពក្នុងវត្ត ព្រះអង្គថែមទាំងយកព្រះទ័យទុកដាក់លើការអប់រំផងដែរ។ ជារៀងរាល់ឆ្នាំ វត្តចាត់តាំងបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មួយថ្នាក់ និងខេមរភាសាចំនួន ៥ ថ្នាក់ក្នុងរដូវវិស្សមកាល សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី ១ ដល់ទី ៥ ។ ដោយមានសកម្មភាពជាក់ស្តែងនិងមានសារៈសំខាន់ចំពោះសហគមន៍ ឆ្នាំ ២០២៤ ព្រះអង្គបានព្រះចៅអធិការនិងពុទ្ធបរិស័ទចំណុះជើងវត្តតែងតាំងជាព្រះពហុស្សូតឆ្វេងរហូតមកទល់បច្ចប្បន្ន។
លោកតា ថាច់យ្វៀងថាយ អនុប្រធានគណៈកម្មការវត្ត ឱ្យដឹង៖ ព្រះតេជព្រះគុណគឹមថាញ់ហៀង គឺជាព្រះសង្ឃវ័យក្មេងមួយអង្គដែលមានសមត្ថភាពនិងមានស្មារតីទទួលខុសត្រូវខ្ពស់។ ព្រះអង្គបានរួមចំណែកកសាងវត្តយ៉ាងល្អប្រណីត និងគិតគូរអប់រំដល់កូនចៅពុទ្ធបរិស័ទ ជាគំរូដ៏ល្អក្នុងការលះបង់ចំពោះសហគមន៍ និងរួមចំណែកដល់ការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ខ្មែរ៕
ទីទុយ