មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/03/2026 - 08:50

រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ 

អស់​ពី​ចិត្ត​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន នោះ​គឺ​ជា​លក្ខណ​សម្បត្តិ​ដ៏​ល្អ​របស់​បង ឡេ​ជី​លិញ ប្រ​ធាន​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ ២B ឃុំ​ផុង​ហេប ខេត្ត​កា​ម៉ាវ។ គាត់​ជា គំរូ​ឆ្នើម​ក្នុង​ការ​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន បាន​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល​ជូន​បណ្ណ​សរ​សើរ។

 បង​ឡេ​ជី​លិញ (កណ្តាល) ទទួល​បណ្ណ​សរ​សើរ​របស់​ក្រ​សួង​នគរ​បាល។

ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ជា​ច្រើន​ឆ្នាំ បង​ឡេ​ជីលិញ តែង​ចាត់​ទុក​រឿង​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផង​និង​ជា​ក្តី​មោ​ទនៈ​ផង ពេល​បាន​រួម​កម្លាំង​ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ជូន​មា​មីង​នៅ​ភូមិ ២B។ ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម គាត់​ច្បាម​ខ្ជាប់​ភូមិ​ឋាន​ជា​និច្ច ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រ​ជា​ជន និង​កម្លាំង​នគរ​បាល​ឃុំ។

ក្នុង​ការ​តស៊ូ ប្រ​ឆាំង​នឹង​បទ​ល្មើស បង​ឡេ​ជី​លិញ បាន​បង្ហាញ​ច្បាស់​ពី​ភាព​ម្ចាស់​ការ​របស់​ប្រ​ធាន​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មូល​ដ្ឋាន។ បង​បាន​ផ្តល់​ព័ត៌​មាន​សំ​ខាន់ៗ​ជា​ច្រើន ជួយ​ដល់​កម្លាំង​នគរ​បាល​ឃុំ​រក​ឃើញ​កន្លែង​លេង​ល្បែង​ដ៏​ស្មុគ​ស្មាញ និង​សហ​ការ​វិនិច្ឆ័យ​បទ​ល្មើស​ប្រើ​ប្រាស់​អគ្គិស​នី​ឆក់​ត្រី​ខុស​ច្បាប់​បាន ១០ ករណី រួម​ចំ​ណែក​ការ​ពារ​ជីវ​បរិ​ស្ថាន និង​ប្រ​ភព​ជល​ផល​នៅ​ភូមិ​ភាគ។ ភាព​រវៀស​រវៃ​ទាន់​ពេល​វេលា​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​គាត់ បាន​រួម​ចំ​ណែក​ទប់​ស្កាត់​បទ​ល្មើស​ចាប់​ពី​ដំ​បូង រក្សា​ស្ថិរ​ភាព​ភូមិ​ឋាន។

លើស​ពី​នេះ បង​ឡេ​ជី​លិញ នៅ​ទាំង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​ប៉ូ​លិស​តំ​បន់​ក្នុង​ការ​គ្រប់​គ្រង អប់រំ​មុខ​សញ្ញា​ចំ​នួន ១២ នាក់​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ទៀត​ផង។ បង​ឡេ​ជី​លិញ ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​អ្នក​រស់​នៅ​ភូមិ​ភាគ និង​ជា​ប្រ​ធាន​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ ខ្ញុំ​ស្គាល់​ច្បាស់​មុខ​សញ្ញា​ដែល​ញៀន​គ្រឿង​ញៀន​និង​មុខ​សញ្ញា​មាន​ហា​និ​ភ័យ​ខ្ពស់ ម្ល៉ោះ​ហើយ តែង​កៀក​ជិត​ឃោសនា បញ្ចុះ​បញ្ចូល​និង​សហ​ការ​ជា​មួយ​នឹង​គ្រួ​សារ​របស់​ពួក​គាត់​បង្ការ ទប់​ស្កាត់​និង​ជំ​នួយ​ក្នុង​ការ​ផ្តាច់​គ្រឿង​ញៀន និង​បង្ការ​ទប់​ស្កាត់​ប្រ​ព្រឹត្ត​ល្មើស​ឡើង​វិញ។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​បង្ការ ទប់​ស្កាត់​គ្រឿង​ញៀន​មាន​ភាព​ងាយ​ស្រួល រួម​ចំ​ណែក​អនុ​វត្ត​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​ទិស​ដៅ​កសាង​ភូមិ​ឋាន “ឃុំ​ផុង​ហ៊ីប គ្មាន​គ្រឿង​ញៀន”។

បង​ឡេ​ជី​លិញ មិន​ត្រឹម​តែ​ជា​ប្រ​ធាន​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ជា​ប្រ​ធាន​ក្រុម​ប្រ​ជា​ការ​ពារ​ទៀត​ផង បាន​ចលនា​អា​ជីវ​ករ​ខ្នាត​តូច​នៅ​ផ្សារ​ចូវ​ជី បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ និង​ឧប​ករណ៍​បង្ការ​ពន្លត់​អគ្គិ​ភ័យ លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​បង្ការ​ការ​ឆេះ​ផ្ទុះ និង​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ; ចលនា​តភ្ជាប់​ប្រ​ព័ន្ធ​កា​មេរ៉ា​គ្រួ​សារ ទៅ​ក្នុង​បណ្តាញ​ត្រួត​ពិ​និត្យ​របស់​នគរ​បាល​ឃុំ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព បង្កើត​ជា “ភ្នែក​ទិព្វ” បន្ថែម​ជំ​នួយ​យ៉ាង​សកម្ម​ដល់​ការ​បង្ការ​ទប់​ស្កាត់ សើុប​អង្កេត​និង វិនិច្ឆ័យ​បទ​ល្មើស។ វរសេនីយ៍​ទោ ង្វៀង​វុាំង​ឡឹម ប្រ​ធាន​នគរ​បាល​ឃុំ​ផុង​ហេប បញ្ជាក់​ឱ្យ​ដឹង៖ “សម​មិត្ត​លិញ ជា​អ្នក​ច្បាម​ខ្ជាប់​ភូមិ​ឋាន មាន​គំ​និត​ឈ្លាស​វៃ និង​ទាន់​ពេល​វេលា​ក្នុង​ការ​វិនិច្ឆ័យ​ស្ថាន​ការណ៍ សម្រេច​បាន​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់ មិន​ថា​យប់​ឬ​ថ្ងៃ ភ្លៀង​ឬ​ក្តៅ​នោះ​ទេ។ ការ​អស់​ពី​ចិត្ត​របស់​សម​មិត្ត​លិញ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់ ជួយ​ឱ្យ​ភូមិ​ភាគ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។ ទង្វើ​ដ៏​ស្ងៀម​ស្ងាត់ ប៉ុន្តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​របស់​សម​មិត្ត​លិញ បាន​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​រូប​ភាព​ល្អ​របស់​អ្នក​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន៕

                                     យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ