មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/02/2026 - 06:35

បក្ខ​ជន​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​មា​មីង​ភូមិ​ស្រុក​ 

ពេល​មក​កាន់​ភូមិ​កិញ​ឆាង ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ ខណៈ​ដែល​រំលឹក​ដល់​លោក​គ្រូ​ថាច់​លៀង អ្នក​ណា​ក៏​ស្គាល់​គាត់​ទាំង​អស់។​ ដ្បិត​អី​ លោក​គ្រូ​គឺ​ជា​បុគ្គល​គំ​រូ​ឆ្នើម​ម្នាក់​ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​របស់​ឃុំ​ដែល​តែង​ខ្នះ​ខ្នែង​ការ​ងារ​អប់រំ​និង​ការ​ងារ​សង្គម។​ អស់​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​បំ​ពេញ​ការ​ងារ លោក​គ្រូ​តែង​ទទួល​បាន​ការ​គោ​រព​រាប់​អាន​ពី​មា​មីង​ ដោយ​សារ​ការ​ព្យា​យាម​និង​អស់​ពី​ចិត្ត​ពី ថ្លើម​ក្នុង​ការ​ងារ​ដែល​បាន​ទទួល​បន្ទុក​។​

  លោក​គ្រូ​ ថា​ច់​លៀង​នៅ​ភូមិ​កិញ​ឆាង ឃុំ​អាង​និញ​ទី​ក្រុង​កឹង​ធើ​ស្រាវ​ជ្រាវ​សៀវ​ភៅ​កម្ម​វិធី​សិក្សា។​

ឆ្នាំ ១៩៨០ លោក​គ្រូ​បាន​ចូល​រួម​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​អាង​និញ C ឃុំ​អាង​និញ និង​ធ្វើ​ជា​លេខា​សាខា​បក្ស​របស់​សា​លា ២ អា​ណត្តិ​កាល ដល់​ឆ្នាំ ១៩៩១ លោក​គ្រូ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​អាង​និញ ចាត់​ឱ្យ​ធ្វើ​ជា​អនុ​ប្រ​ធាន​សមា​គម​កសិករ​ឃុំ។​ រហូត​ដល់​ឆ្នាំ ១៩៩៥ លោក​គ្រូ​បាន​ផ្លាស់​មក​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​កិញ​ឆាង ឃុំ​អាង​និញ និង​ជា​សមា​ជិក​នៃ​ក្រុម​ការ​ងារ​សម្រុះ​សម្រួល​ក្នុង​ភូមិ​រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០០ ។​

ក្រោយ​ពី​ចូល​និវត្តន៍ លោក​គ្រូ​បាន​បន្ត​ចូល​រួម​បង្រៀន​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​នៅ​វត្ត​ពោធិ​សត្ថា​រាម សង្កាត់​សុក​ត្រាំង​ និង​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាន​និញ។​ លោក​គ្រូ​ថាច់​លៀង មាន​ប្រ​សាសន៍៖ “ដោយ​សារ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ទឹក​ចិត្ត​ស្រ​ឡាញ់​ចំ​ណេះ​វិជ្ជា​ជីវៈ ខ្ញុំ​បាន​ចូល​រួម​បង្រៀន​ខាង​វិញ្ញា​សា​វេយ្យា​ករណ៍​ខ្មែរ ក្នុង​គោល​បំ​ណង​ផ្ទេរ​ចំ​ណេះ​ដឹង ហ្វឹក​ហ្វឺន​បំ​ណិន​ប្រើ​ប្រាស់​ភា​សា​ខ្មែរ និង​សីល​ធម៌​ដល់​សិក្ខា​កាម​ដែល​ជា​សមណៈ​សិស្ស។​ ខ្ញុំ​តែង​តែ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ដើម្បី​ឱ្យ​សិក្ខា​កាម​អាច​ទទួល​យក​ចំ​ណេះ​ដឹង​បាន​ឆាប់​ក្នុង​ការ​សិក្សា”។​

ក្រៅ​ពី​ការ​ងារ​អប់រំ លោក​គ្រូ​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សង្គម​ មនុស្ស​ធម៌​ ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​មុខ​សញ្ញា​ដែល​ងាយ​រង​គ្រោះ​ក្នុង​សហ​គមន៍។​ លោក​គ្រូ​តែង​តែ​ជា​អ្នក​ឈាន​មុខ​ក្នុង​ចលនា​ដែល​ភូមិ​ភាគ​បាន​បំ​ផុស រួម​ចំ​ណែក​កសាង​ស្មារតី​សាម​គ្គី​ភាព ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រ​ជា​ជន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ។​

តាម​រយៈ​ការ​រួម​ចំ​ណែក​ជាក់​ស្តែង លោក​គ្រូ​ ថាច់​លៀង បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​សមូហ​ភាព​និង​ប្រ​ជា​ជន ហើយ​ក៏​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច និង​សា​លា​រៀន​វាយ​តម្លៃ​ខ្ពស់។​ លោក​ គ្រូ​សក្តិ​សម​ជា​បក្ខ​ជន​គំរូ- គ្រូ​បង្រៀន​ឆ្នើម​ ដែល​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ភូមិ​ភាគ។​ សម​មិត្ត​ យ៉ីប​មិញ​វឿង លេខា​សាខា​បក្ស​ភូមិ​កិញ​ឆាង ឃុំ​អាង​និញ មាន​ប្រ​សាសន៍៖ “លោក​គ្រូ ថាច់​លៀង​ គឺ​ជា​បក្ខ​ជន​គំ​រូ​ម្នាក់​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ងារ​អប់រំ​និង​ការ​ចលនា​នៅ​ភូមិ​ភាគ។​ តាម​រយៈ​ការ​រួម​ចំ​ណែក​ទាំង​នោះ លោក​គ្រូ​ក៏​បាន​មា​មីង​ក្នុង​ភូមិ​ស្រុក​ គណៈ​កម្ម​ការ​វត្ត​និង​ព្រះ​សង្ឃ​ដែល​លោក​គ្រូ​បាន​អញ្ជើញ​ទៅ​បង្រៀន មាន​ការ​គោ​រព​រាប់​អា​ន​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត” ។​

ចំ​ពោះ​ការ​រួម​ចំ​ណែក​ទាំង​នោះ​ លោក​គ្រូ​ថាច់​លៀង មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង (ចាស់​) និង​លិខិត​សរ​សើរ​ជា​ច្រើន​ពី​បណ្តា​គណៈ ផ្នែក​ស្រុក​ចូវ​ថាញ់ (ចាស់)៕

                              ទ្រឿង​ផល-ថា​ច់​ធី

ចែករំលែកអត្ថបទ