ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2026 - 19:05

ខួបអនុស្សាវរីយ៍លើកទី ៩៦ ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (០៣/០២/១៩៣០ - ០៣/០២/២០២៦) 

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅបូជនីយដ្ឋានក្សត្រហ៊ុង ទីបញ្ចូះសពយុទ្ធជនពលីទីក្រុង និងស្តូបរំលឹកគុណលោកប្រធានហូជីមិញ

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៩៦ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (០៣/​០២/​១៩៣០-០៣/​០២/​២០២៦) នាព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ក្រុមប្រតិភូកម្មាភិបាលថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ រួមមាន៖ លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ដុងវ៉ាំងថាញ សមាជិកមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; បណ្តាអនុលេខាគណៈកម្មាធិការបក្សទីក្រុង; សមា​ជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង; ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង; កម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិក និងកងកម្លាំងប្រដាប់អាវុធទីក្រុង... បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធនៅបូជនីយដ្ឋានក្សត្រហ៊ុង ទីក្រុងកឹងធើ នៅសង្កាត់ប៊ិញធ្វី។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អុជធូបនៅបូជនីយដ្ឋានក្សត្រហ៊ុង នៅទីក្រុងកឹងធើ។ រូប÷ អាញយ៉ុង

នៅទីនេះ ថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងទាំងឡាយបានអុជធូប និងថ្វាយផ្កាដោយក្តីគោរព សម្តែងនូវការដឹងគុណចំពោះក្សត្រហ៊ុង និងបុព្វបុរសដែលមានគុណូបការៈក្នុងការកសាងនិងការពារប្រទេសជាតិ។ ពង្រីកប្រពៃណីបដិវត្តន៍នៃមាតុភូមិ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងកឹងធើ នឹងបន្តខិតខំប្រឹងប្រែងកសាងទីក្រុងកឹងធើឱ្យមានភាពស៊ីវិល័យ ទំនើប និងរឹងមាំ ដើម្បីរួមជាមួយប្រទេសជាតិ ឈានចូលយុគសម័យថ្មី យុគសម័យឈានឡើងរបស់ប្រជាជាតិវៀតណាម។

* ក្នុងព្រឹកថ្ងៃដដែល ក្រុមប្រតិភូកម្មាភិបាលថ្នាក់ដឹកនាំនាយកដ្ឋានតំបន់ VIII - គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម បញ្ជាការដ្ឋានយោធភូមិភាគ ៩ និងគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ព្រមទាំងបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង... បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុង។

អ្នកតំណាងទាំងឡាយបានអញ្ជើញមកអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ។ រូប÷ ក្វឹកថាយ

ក្រុមប្រតិភូបានចំណាយពេលមួយនាទីស្មឹងស្មាធិ៍ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណចំពោះបណ្តាវីរបុរសយុទ្ធជនពលី ដែលបានពលីជីវិតយ៉ាងអង់អាចដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។ អ្នកតំណាងទាំងឡាយបានថ្វាយផ្កា និងអុជធូបនៅទីគោរពវិញ្ញាណក្ខន្ធ ស្តូបរំលឹកគុណ និងតាមផ្នូរសពវីរបុរសយុទ្ធជនពលី។ ចំពោះមុខវិញ្ញាណក្ខន្ធដ៏សក្តិសិទ្ធិរបស់វីរបុរសយុទ្ធជនពលី បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងប្តេជ្ញាចិត្តប្រឡងប្រណាំងរៀនសូត្រ ពលកម្មផលិត រួមកម្លាំងកាយចិត្ត កសាងទីក្រុងឱ្យកាន់តែរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ ស៊ីវិល័យ និងសុភមង្គល។

* នាព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ផងដែរ ក្រុមប្រតិភូកម្មាភិបាលថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ ៩ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង... បានអញ្ជើញមកថ្វាយផ្កា និងអុជធូបនៅស្តូបរំលឹកគុណប្រធានហូជីមិញ នៅកំពង់និញកេវ។

អ្នកតំណាងទាំងឡាយបានថតរូបអនុស្សាវរីយ៍នៅមុខស្តូបរំលឹកគុណលោកប្រធានហូជីមិញ។ រូប÷ ហុងវ៉ឹង

ក្នុងបរិយាកាសពិសិដ្ឋនេះ ក្រុមប្រតិភូបានចំណាយពេលមួយនាទីស្មឹងស្មាធិ៍ សម្តែងការគោរព ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ំ។ ទន្ទឹមនឹងនោះ ប្តេជ្ញារក្សាខ្ជាប់ខ្ជួននូវមាគ៌ាឯករាជ្យជាតិផ្សារភ្ជាប់នឹងលិទ្ធិសង្គមនិយម ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ សំដៅកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ និងសម្បូររុងរឿង កសាងទីក្រុងឱ្យមានភាពស្រស់បំព្រង ស៊ីវិល័យ សមជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង។

ប្រភព÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ