ជារៀងរាល់ឆ្នាំ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ផ្សព្វផ្សាយកម្មវិធី “និទាឃរដូវព្រំដែនកក់ ក្តៅទឹកចិត្តអ្នកភូមិ” យកចិត្តទុកដាក់គិតគូរបុណ្យចូលឆ្នាំវៀតណាមដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ។ នេះគឺជាសកម្មភាពបង្ហាញពីចំណងជិតស្និទ្ធរវាងកងទ័ពការពារព្រំដែននិងប្រជាជនតំបន់ព្រំដែនសមុទ្រ រួមចំណែកកសាងព្រំដែនស្ថិរភាព សាមគ្គីនិងអភិវឌ្ឍដោយចីរភាព។

លោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនអំណោយដល់មាមីងតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។
នៅឆ្នាំ ២០២៦ កម្មវិធី “និទាឃរដូវព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ” ប្រព្រឹត្តឡើងនៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ ដោយថវិកាសរុបជិត ៨០០ លានដុង។ តាមរយៈកម្មវិធីនេះ បានប្រគល់ផ្ទះ “មហាសាមគ្គី” ១០ ខ្នង ក្នុងមួយខ្នងតម្លៃ ៦០ លានដុង។ នំអន្សមជ្រូកចំនួន ៣០០ អង្ករ ១ តោន និងអំណោយ ១០២ ចំណែក ជូនគ្រួសារដែលមានជីវភាពខ្វះខាត។ ពិសេស មានសកម្មភាពពិនិត្យសុខភាពនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ជាង ២០០នាក់។
លោកយាយ ទ្រីវធីស៊ិន (អាយុ ៧៥ឆ្នាំ) នៅ ភូមិអូវ-ថ A ឃុំវិញហាយ ចែករំលែក៖ “ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ បានពូៗកងទ័ពជូនអំណោយនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ កាន់តែ សប្បាយចិត្តជាងនេះទៅទៀត គឺបានគ្រូពេទ្យពិនិត្យសុខភាពនិងផ្តល់ថ្នាំ។ ទឹកចិត្តរបស់ពូៗកងទ័ពសម្រាប់មាមីងខ្មែរនៅទីនេះពិតជាកក់ក្តៅណាស់”។ ចំណែកលោកយាយថាច់ធីក្វៀក នៅឃុំវិញហាយ ឱ្យដឹង៖ “ខ្ញុំចាស់ហើយ រស់នៅម្នាក់ឯង ដូច្នេះជីវភាពលំបាកណាស់។ បានពូៗ កងទ័ពមកដល់ផ្ទះសួរសុខទុក្ខនិងជូនអំណោយ ខ្ញុំសប្បាយចិត្តណាស់! ។ រៀងរាល់ឆ្នាំពេលថ្ងៃបុណ្យទាននិងបុណ្យចូលឆ្នាំវៀតណាម ពូៗកងទ័ពយកអំណោយមកជូនដល់ផ្ទះ ខ្ញុំមានអារម្មណ៍ កក់ក្តៅ ដូចមានកូនចៅនៅក្បែរមើលថែដែរ”។
រយៈពេលកន្លង ក្រៅពីអនុវត្តល្អភារកិច្ចការពាររឹងមាំអធិបតេយ្យ និងសន្តិសុខព្រំដែនសមុទ្រ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី ដូច៖ “កងទ័ពការពារព្រំដែនចូលរួមកសាងជនបទថ្មី” “ជំរុញ ដំណើរប្អូនៗទៅសាលារៀន” “កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន” “ទូថ្នាំពេទ្យការពារព្រំដែន” ទម្រង់ “ល្វែងទំនិញសូន្យដុង” “ដៃកន្ត្រៃកងទ័ពការពារ ព្រំដែន” ជាដើម។ តាមរយៈនោះ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ កងទ័ពនិងពង្រីកឧត្តមភាពរបស់ទូទាំងប្រជាជន ក្នុងការចូលរួមការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ទីក្រុង។
លោកវរសេនីយ៍ត្រី សុខឌុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ មានប្រសាសន៍៖ រៀងរាល់ឆ្នាំ តាមរយៈកម្មវិធី “និទាឃរដូវព្រំដែន កក់ក្តៅទឹកចិត្តអ្នកភូមិ” និងសកម្មភាពនៃកម្មវិធីនិងទម្រង់ផ្សេងៗទៀត អង្គភាពបានកៀរគរអំណោយបុណ្យចូលឆ្នាំវៀតណាមរាប់រយចំណែកជូនដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារខ្មែរដែលមានស្ថានភាពលំបាក។ ពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់មនុស្សចាស់គ្មានទីពឹង។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យសម្រាប់ជីវភាពប្រជាជន ដូច្នេះអង្គភាពនឹងបន្តកៀរគរសប្បុរសជនរួមចំណែកនិងរក្សាសកម្មភាពទាំងនេះ ដើម្បីគិតគូរបានល្អជាងទៀតដល់ជីវភាពស្មារតីរបស់ប្រជាជនរួមចំណែកធានាសន្តិសុខតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង៕
យ្វីអាញ-មេងលី